សកម្មភាពបំផ្លាញលិខិតឆ្លងដែនរបស់លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា គឺជា សកម្មភាព ថ្មី របស់កម្លាំងប៉ូលិសថៃដើម្បី បញ្ជូន អតីតនាយករដ្ឋមន្ត្រីរូបនេះ មក ប្រទេសថៃវិញទទួលទោស ក្រោយពី តុលាការកាត់ទោសលោកស្រីជាប់ពន្ធនាគារ៥ឆ្នាំ។
ក្រសួងការបរទេសថៃ កាលពីថ្ងៃទី៣០ ខែតុលាបានបញ្ជាក់ថា ក្រសួងការបរទេសបានលុបលិខិតឆ្លងដែន ចំនួន៤របស់ លោកស្រីយីងឡាក់ ក្រោយពេលដែល លោកស្រី មិនបានបន្តតវ៉ារឿងក្តីដែលមានរយៈពេល៣០ថ្ងៃ ក្រោយតុលាការសម្រេច ។
កន្លងមក ស្នងការប៉ូលិសថៃ លោក Srivara Raansibrahmanukul បានឲ្យ ដឹងថា ក្រសួងការបរទេសថៃ បានលុបចោលលិខិតឆ្លងដែនទាំងអស់របស់លោកស្រី តាមសំណើរបស់កម្លាំងប៉ូលិស ។លោក បន្តទៀតថា លោកស្រីយីងឡាក់មានលិខិតឆ្លងដែនចំនួន ៤ គឺលិខិតការបរទេស២ និងលិខិតឆ្លងដែនធម្មតា ពីរ។
សកម្មភាពខាងលើ កើតឡើងក្រោយពេលដែលលោកស្រីយីងឡាក់មិនបានធ្វើការតវ៉ាប្តឹងបន្តទៅកាន់តុលាការកំពូលថៃ ក្រោយតុលាការបានសម្រេចដាក់ទោសជាប់ពន្ធនាគាររយៈពេល៥ឆ្នាំចាប់ពីថ្ងៃទី ២៧ខែកញ្ញា។ ពេលវេលាចុងក្រោយដើម្បីឲ្យលោកស្រីយីងឡាក់តវ៉ា ត្រូវផុតកំណត់តាំងពីថ្ងៃទី២៧ខែតុលា ។
មេធាវីតំណាងឲ្យលោកស្រីយីងឡាក់ គឺលោក Norawit Lalaeng បានបញ្ជាក់ថា កូនក្តីរបស់ខ្លួនមិនមានទំនាក់ទំនង មក ឡើយចាប់តាំងពី គេចខ្លួនចេញទៅក្រៅ ប្រទេស កាលពីថ្ងៃទី២៣ខែសីហា ។
នៅពេលនេះ ការលាក់ខ្លួននៅប្រទេសណានោះមិនទាន់ដឹងនៅឡើយ កម្លាំង ប៉ូលិសថៃក៏បានស្នើដល់ប៉ូលិសអន្តរជាតិ អាំងទែរប៉ូល ជួយស្វែងរកចាប់ខ្លួនបញ្ជូនលោកស្រីមកប្រទេសថៃវិញ។ ប្រភព័ត៌ មានបានឲ្យដឹងថា លោកស្រីយីងឡាក់ កំពុងតែរស់នៅក្នុងទីក្រុងឌូបៃ ប្រទេស អារ៉ាប់រួម ក្រោយមកក៏បានស្នើសំភៀស ខ្លួននយោបាយ នៅក្នុងទីក្រុងឡុងប្រទេសអង់គ្លេស។ ទីក្រុងឌូបៃ គឺជាទីកន្លែងដែលលោកថាក់ស៊ីនបានភៀសខ្លួនទៅរស់នៅទីនោះ ។
ជាមួយគ្នានេះ អ្នកនាំពាក្យ គណបក្ស ភឿថៃ បានបញ្ជាក់ថា លោកស្រីយីងឡាក់ នឹងបង្ហាញខ្លួនដើម្បីបកស្រាយ ពីការ សម្រេចចាកចេញរបស់លោកស្រីនៅ ពេលសមស្របណាមួយ ហើយការសុំ ភៀសខ្លួននយោបាយ គឺអាចទទួលបាន ការឯកភាព ពីប្រទេសដែលលោកស្រីចង់រស់នៅ៕ ម៉ែវ សាធី