សង្កាត់រដ្ឋបាលព្រៃឈើបរិបូរណ៍ចាប់រថយន្តដឹកឈើបង្គាប់យកលុយបានជាញឹកញាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើបរិបូរណ៍ ក្រោមអំណាចចាត់ចែងរបស់ឈ្មោះឌីន ដែលជាមន្ត្រីជាប់កិច្ចសន្យាត្រូវគេរាយការណ៍ថា ជាអ្នកដែលបានទទួលផលប្រយោជន៍ច្រើនលើសលប់ពីរថយន្តដឹកឈើឆ្លងកាត់ផ្លូវជាតិលេខ៥ក្នុងខេត្តកំពង់ឆ្នាំង។ វិក័យបត្រផ្ទេរប្រាក់ជាច្រើនសន្លឹកដែលពួកឈ្មួញផ្ញើទៅឲ្យលោកឌីន គឺជាភស្តុតាងបញ្ជាក់អំពីអំពើពុករលួយរបស់បុគ្គលម្នាក់នេះ ដែលចាំបាច់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវត្រួតពិនិត្យ។

អ្វីដែលធ្វើឲ្យពួកអ្នករកស៊ីដឹកឈើទាំងស្របច្បាប់ ឬមិនស្របច្បាប់មិនសប្បាយចិត្តចំពោះមន្ត្រីឈ្មោះឌីន នៅពេលដែលបានប្រាក់ពីក្រុមអ្នករកស៊ីដឹកឈើរួចហើយ ឈ្មោះឌីន តែងតែទូរស័ព្ទប្រាប់គ្នីគ្នា ដែលឈរជើងនៅចំណុចខាងក្រោយៗទៀតឲ្យចាប់ឃាត់រថយន្តដឹកឈើដែលខ្លួនបានយកប្រាក់ហើយនោះ ដើម្បីយកប្រាក់ជាបន្តទៀត។ ទង្វើបែបនេះបានកើតឡើងជាញឹកញាប់ ហើយនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងចាត់ទុកសកម្មភាពលោកឌីន ថាជាមនុស្សដែលមានឥទ្ធិពល និងវៀងវៃក្នុងការរកប្រាក់ជូនថ្នាក់លើ។

ជាក់ស្តែងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ លោកឌីន បានឃាត់រថយន្តដឹកឈើមួយគ្រឿងនៅចំណុចសង្កាត់រដ្ឋបាលព្រៃឈើបរិបូរណ៍ ស្ថិតក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដោយទារប្រាក់បាន១ពាន់ដុល្លារទាំងកណ្តាលថ្ងៃ។ ម្ចាស់រថយន្តដឹកឈើនេះបានដើរនិយាយថា មិនមែនតែខ្លួននោះទេដែលរងគ្រោះដោយសារលោកឌីនចាប់ឈើទារលុយច្រើនៗយ៉ាងដូច្នេះ ។ ការទារលុយម្តង២ ឬ៣ ពាន់ដុល្លារបានកើតឡើងជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

NKD-36x6_outline

ពួកឈ្មួញអ្នករកស៊ីអះអាងថា បុរសឈ្មោះ ឌីន អាងឥទ្ធិពលលោកថោង វ៉ាន់វីរ៉ាវុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ។ ចំពោះបញ្ហាដែលបានកើតឡើងកាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧កន្លងទៅ នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង លោកថោង វ៉ាន់វីរ៉ាវុទ្ធ អះអាងថា លោកមិនដឹងទេ ហើយនិងសន្យាស៊ើបអង្កេតចំពោះករណីដូចដែលអ្នកកាសែតលើកឡើងនោះ ។ លោកបានបន្តទៀតថា ករណីដែលបានលើកឡើងថាមន្ត្រីរដ្ឋបាលព្រៃឈើនៅចំណុចត្រពាំងចាន់ជំរិតទារប្រាក់ពីរថយន្តដឹកឈើនោះមិនមានភាពច្បាស់លាស់។

សម្រាប់អ្នករកស៊ីដឹកឈើចេញពីខេត្តបាត់ដំបង ពោធិ៍សាត់ ដោយឆ្លងកាត់ខេត្តកំពង់ឆ្នាំង សុទ្ធតែអះអាងស្រដៀងគ្នាថា លោកឌីន ដែលឈរនៅចំណុចសង្កាត់រដ្ឋបាលព្រៃឈើបរិបូរណ៍ខ្លាំងដៃសម្បើមណាស់។ ខ្លាំងដៃក៏ព្រោះតែគាត់ទារលុយម្តងរាប់ពាន់ដុល្លារ ហើយគ្មានសមត្ថកិច្ចថ្នាក់លើណាហ៊ានបង្ក្រាប ឬចាត់វិធានការមកលើមន្ត្រីឈ្មោះឌីន នេះឡើយ។ ក្រុមអ្នករកស៊ីបង្ខំចិត្តត្រូវតែរកប្រាក់បង់ឲ្យឈ្មោះ ឌីន ព្រោះតែខ្លួនជាអ្នករកស៊ីខុសច្បាប់។

មន្ត្រីឈ្មោះឌីន មិនឆ្លើយតបជាមួយអ្នកកាសែតនោះឡើយ បើទោះបីជាបានព្យាយាមទូរស័ព្ទច្រើនដងក៏ដោយ ៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print