មិត្តភ័ក្ដិរួមវង់ផឹកស៊ីជាមួយ ផ្ទុះកំហឹងយកដបស្រាវាយផ្ទៃមុខ ក្រោយដេញដោលរឿងអស់ស្រាផឹកបន្ត

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់បានរងនូវអំពើវាយយ៉ាងសាហាវពីដៃគូផឹកស៊ីរួមវង់ជាមួយ បណ្តាលឲ្យបែកក្បាលហូរឈាមដួលសន្លប់ស្តូកស្តឹង កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។

លោកជឹម អេន អធិការស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ តា លាង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។ ចំណែកជនសង្ស័យមានឈ្មោះអិន ពូយ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ រស់នៅកក្នុងភូមិពងក្រៀល ឃុំព្រែកមាស ស្រុកសៀម ខេត្តស្ទឹងត្រែង ។

លោកបានបន្តទៀតថា នៅថ្ងៃកើតហេតុ ពួកគេបានអង្គុយផឹកស៊ីមានគ្នា៣នាក់ ដល់ពេលផឹកអស់ស្រា មានម្នាក់ក៏បាន ដើរចេញទៅក្រៅបាត់ នៅសល់តែ២នាក់គត់ គឺជនរង គ្រោះនិងជនសង្ស័យ ។ ខណៈនោះជនរងគ្រោះបាន និយាយទៅកាន់ ជនសង្ស័យដើម្បីរកស្រាផឹកបន្តទៀត ស្រាប់តែជនសង្ស័យខឹងស្ទុះយកដបស្រាម៉ៃខូងវាយលើផ្ទៃមុខ បណ្តាលឱ្យរងរបួសធ្ងន់ដួលសន្លប់ស្តូកស្តឹងនៅនឹងកន្លែង ។

លោកបានបញ្ជាក់ថា ក្រោយពេលកើតហេតុ ជនរងគ្រោះក៏បានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តទាំងយប់ រីឯជនសង្ស័យក៏ធ្វើការចាប់ឃាត់ខ្លួនបានភ្លាមៗបញ្ជូនមកអធិការដ្ឋាននគបាលស្រុកសៀមប៉ាងសួរនាំ ។

ជនសង្ស័យឆ្លើយថាខ្លួន ពិតជាបានវាយមួយដបស្រាម៉ៃខូងចំភ្នែកខាងឆ្វេងជនរងគ្រោះពិតម៉ែន ដោយសារខឹងជនរងគ្រោះមិនទៅទិញស្រាផឹកបន្តទៀត ។ ក្រោយការ សួរនាំចប់ លុះដល់ពេលព្រឹកឡើងថ្ងៃទី២ ខែវិច្ឆិកានេះ បានបញ្ជូនខ្លួនជនសង្ស័យបន្តទៅកាន់ស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕  មាស ៖ សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print