ភ្នំពេញ៖ បុរសម្នាក់ត្រូវបានមិត្តភក្ដិដែលគេបានរាប់អានចិត្តមួយថ្លើមមួយតាំងពីតូច បោកប្រាស់ បន្ទាប់ពីគាត់បានឲ្យជនសង្ស័យយករថយន្ដគាត់ទៅជួសជុល តែគេបែរជាយករថយន្ដនោះទៅបញ្ចាំបាត់ជាងមួយខែ ទើបរកឃើញវិញ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៧ ខែតុលា២០១៥ តាមផ្លូវលេខ៣១ភូមិសន្សំកុសល៣ ស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ជនឆបោកត្រូវបានគេស្គាល់ឈ្មោះសន បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ រីឯជនរងគ្រោះជាម្ចាស់រថយន្តឈ្មោះគួច គីមម៉េង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់និងជួសជុលទូរស័ព្ទដៃ ស្នាក់នៅផ្ទះលេខ៣D ភូមិ៣ ផ្លូវលេខ១៨៩ សង្កាត់អូឡាំពិក ខណ្ឌចំការមន ។
តាមសម្ដីរបស់ជនរងគ្រោះបានឲ្យដឹងថា ជនឆបោកនិងរូបគាត់ជាមិត្តភក្កិស្គាល់គ្នាតាំងនៅតូចៗមកម្ល៉េះ។ ហើយកាលពីម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ រូបគាត់បានឲ្យជនឆបោកយករថយន្តរបស់គាត់មួយគ្រឿងម៉ាកតូយូតា ស៊ីលីកា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ២N ០៣៣២ យកទៅជួសជុល តែគេបែរជាយកគាត់ទៅបញ្ចាំបាត់ ហើយទូរស័ព្ទមិនអាចទាក់ទងបានរហូតមក ទើបរូបគាត់បានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋានខណ្ឌចំការមន។
បុរសដដែលបានបន្ដថា នៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៧ ខែតុលា ជនរងគ្រោះបានជិះម៉ូតូដើររកមើលជនឆបោកដោយសារតែដឹងថា ជនឆបោកបានមកលេងផ្ទះម្តាយរបស់គេដែលជួលនៅសង្កាត់បឹងទំពុនខណ្ឌមានជ័យ។ ខណៈពេលជិះម៉ូតូតាមផ្លូវ៣១BT ស្ថិតនៅភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ស្រាប់តែប្រទះឃើញជនឆបោកឈរនិយាយទូរស័ព្ទ ក៏លោតពីលើម៉ូតូទៅចាប់ធ្វើឲ្យជនឆបោកតដៃប្រវាយប្រតប់ ទើបជនរងគ្រោះស្រែកថាចោរ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់នគរបាលប៉ុស្តិ៍បឹងទំពុន មកជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនយកទៅសាកសួរទើបដឹងរឿង ហើយប្រគល់ឲ្យអធិការដ្ឋានខណ្ឌចំការមនចាត់ការតាមច្បាប់តែម្ដង៕
ដោយ៖ វិបុល