ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅរោងចក្រកាត់សម្លៀកបំពាក់ SG ស្ថិតនៅតាមបណ្តាយផ្លូវម៉ុងឫទ្ឋី កែងនឹងផ្លូវហាណូយ ភូមិបាយ៉ាប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅបាញ់ទឹកអន្តរាគមន៍ពន្លត់ កាលពីវេលាម៉ោង៦ និង១០នាទី យប់ថ្ងៃទី១៩ ខែតុលាឆ្នាំ២០៥ ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ករណីអគ្គិភ័យនេះ បន្ទាប់ពីមានការអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើង ប្រើប្រាស់ទឹកអស់២៥រថយន្ត និងស្របពេលដែលមានភ្លៀងធ្លាក់មកខ្លាំងផងដែរនោះ ទើបធ្វើឲ្យឆេះភ្លើងរលត់ទៅវិញ និងមិនមានអ្នករងរបួសទេ ។
ក្នុងហេតុការណ៍ពន្លត់អគ្គីភ័យនេះ គេឃើញវត្តមានរបស់លោក ថេង សុថុល អភិបាលរងខណ្ឌ សែនសុខ លោក ម៉ក់ ហុង អធិការខណ្ឌសែនសុខចុះពិនិត្យ និងជួយអន្តរាគមន៍ផងដែរ ។
ពាក់ព័ន្ធករណីនៃករណីអគ្គិភ័យនេះ សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា អាចបណ្តាលមកពីទុស្សេខ្សែភ្លើង ហើយចំនួននៃការខូចខាតអស់ប្រមាណ៥០ភាគរយ នៃរោងចក្រទាំងមូល ដែលមានទំហំទទឹង៣០មែត្រគុណ៦០មែត្រ ដំបូលប្រក់ស័ង្កសី ឆេះក្រណាត់អស់ប្រមាណជា៣កុងតឺន័រ និងសម្ភារមួយចំនួនទៀត ៕
ដោយ៖ តុង សីហា