ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រា បើករថយន្តធុនត្រាមួយគ្រឿងក្នុងល្បឿនលឿនពេលមកដល់ចំណុចផ្លូវកែង មិនបន្ថយល្បឿន ក៏ជ្រុលបុករថយន្តហាយឡែនឌ័រមួយគ្រឿងទៀត និងបន្តបុកម៉ូតូ២គ្រឿងថែមទៀត បណ្តាលឲ្យរងរបួសស្រាល៣នាក់ ។
កាលពីវេលាម៉ោង២៣និង៤០នាទីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្លូវសុធារស កែងផ្លូវចុះពីស្ពានឥន្នូ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយបុរសជនជាតិចិនដែលបង្កចុះពីលើរថយន្តដេញវាយម្ចាស់ម៉ូតូបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរជួនអន្តរាគមន៍ព្រួតវាយមួយដៃមួជើងម្នាក់រងរបួសបែកមុខមាត់ផងដែរ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកហាយឡែនឌ័រពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2P-9884 និងម៉ូតូ២គ្រឿងដោយមួយគ្រឿងអាយខុន ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1AQ-1086 បើកបរដោយបុរសម្នាក់និងមួយគ្រឿងទៀតម៉ាកគុបជ្រុល ពណ៌ទឹកប៉ិច ពាក់ស្លាកលេខ ភ្នំពេញ 1AC-4939 ជិះដោយយុវជន២នាក់ បានធ្វើដំណើរស្របទិសគ្នាតាមបណ្តោយផ្លូវសុធារស ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តធុនត្រា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-1361 បើកបរដោយបុរសជនជាតិចិនម្នាក់ស្រវឹងស្រា ធ្វើដំនើរតាមបណ្តោយផ្លូវចុះពីស្ពានឥន្នូ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនបានជ្រុលបុករថយន្តហាយឡែនឌ័រចំពីចំហៀង ហើយបន្តបុកម៉ូតូ២គ្រឿងទៀតបណ្តាលឲ្យគល់ទៅមុខលែងរួច ចំណែកម្ចាស់ម៉ូតូរងរបួសស្រាល ។
សាក្សីដដែលបានបន្តថាបន្ទាប់ពីបង្កគ្រោះថ្នាក់រួចបុរសជនជាតិចិននោះបានចុះពីលើរថយន្តហើយហុចលុយ២០ដុល្លារទៅអោយម្ចាស់ម៉ូតូតែជនរងគ្រោះមិនព្រមយកក៏ដេញវាយជនរងគ្រោះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាជួនអន្តរាគមន៍ព្យួតវាយវិញបណ្តាលឲ្យរងរបួសបែកមុខមាត់រត់ចោលរថយន្តបាត់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីរងង់ចាំដោះស្រាយពេលក្រោយ ៕
ដោយ៖ ស រស្មី