ភ្នំពេញ ៖ ជនជាតិកូឡំប៊ីម្នាក់បានធ្វើសកម្មភាពលួចទូរស័ព្ទដៃមួយគ្រឿងមិនបានសម្រេច ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឃាត់ខ្លួនជាក់ស្តែង កាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ទី០៧ ខែ វិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចទូរលក់ទូរសព្ទ័ដៃមុខផ្ទះលេខ៣៣អឺ០ ផ្លូវលេខ១៤២ ភូមិទី៤ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ MORA ALBADAVIDESTIVEN ភេទប្រុសអាយុ២៥ឆ្នាំជនជាតិកូឡំប៊ី កាន់លិខិតឆ្លងដែនលេខAJ 739033 មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់ហ្គោដិន ផ្លូវលេខ១៣៦ សង្កាត់ផ្សារថ្មីទី១ខណ្ឌដូនពេញ។ វត្ថុតាងចាប់យកបាន ទូរសព្ទ័ដៃម៉ាកអាយហ្វូន6ផ្លើសគ្មានស៊ីម(ទូរសព្ទ័ដៃថ្មី) ជារបស់ជនរងគ្រោះបានប្រគល់អោយជនរងគ្រោះវិញ។ រីឯទូរសព្ទ័ដៃម៉ាកអាយហ្វូន៦(ចិន)ខូចបែកកញ្ចក់ជារបស់ជនសង្ស័យ។ ជនរងគ្រោះឈ្មោះខឹម ជាម៉ារ៉ាឌី ភេទស្រីអាយុ២៣ឆ្នាំជនជាតិខ្មែរមុខរបរលក់ទូរសព្ទ័ដៃមានទីលំនៅផ្ទះលេខ២៧០ផ្លូវលេខ២១៧សង្កាត់អូឬស្សីទី២ខណ្ឌ៧មករារាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យជាជនជាតិបរទេសបានមកហាងលក់ទូរស័ព្ទដៃជនរងគ្រោះ ធ្វើជាអ្នកទិញ ហើយពេលជនរងគ្រោះរវល់លក់ដូរ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពលួចទូរស័ព្ទដៃម៉ាកអាយហ្វូន 6ផ្លើសគ្មានស៊ីម(ទូរសព្ទ័ដៃថ្មី)ប្រ៉ុងរត់គេចខ្លួនតែត្រូវជនរងគ្រោះឃើញទាន់ស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចដេញចាប់ក្របួចជាប់តែម្តង ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនិតិវិធី ៕ ស តារា