ខេត្តស្វាយរៀង ៖ នារសៀលថ្ងៃ៧ ខែវិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលខេត្ត បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីកាប់ប្រហារចំនួន៤ពូថៅ ទៅលើជនរងគ្រោះម្នាក់ ស្លាប់នៅថ្លុកឈាម កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិស្វាយប្រហួត ឃុំគោកព្រីងស្រុកស្វាយជ្រំ ។
បើតាមសមត្ថកិច្ចនគរបាលខេត្ត បានអោយដឹងថា ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែន នគរបាលព្រហ្មទណ្ឌ បានចុះសហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាន នគរបាលស្រុកស្វាយជ្រំ ដើម្បីស្រាវជ្រាវបង្ក្រាបនិងបំបែក សំណុំរឿងករណី ឃាតកម្ម កាប់ចំនួន៤ពូថៅ បណ្តាលឲ្យមនុស្សស្លាប់ភ្លាមៗ ។
ប្រតិបត្តិការនេះ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យឈ្មោះ នួន ណា ហៅ ច្រេះ ភេទប្រុស អាយុ៥៤ឆ្នាំ ជាតិខ្មែរ មុខរបរធ្វើស្រែ រស់នៅភូមិស្វាយព្រហួត ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលជាជនដៃដល់ ក្នុងករណីឃាតកម្មនេះ ក្នុងរយះពេលត្រឹមតែ២៤ម៉ោង បន្ទាប់ពីមានបទល្មើសកើតឡើង ។
សូមបញ្ជាក់ថាកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីឃាតកម្មមួយ បានកើតឡើង ដោយមានជនដៃដល់ខាងលើ បានធ្វើសកម្មភាពកាប់ ជនរងគ្រោះឈ្មោះ សូ វ៉ាង ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅភូមិស្វាយព្រហួត ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ចំនួន៤ពូថៅបណ្តាលឲ្យស្លាប់ នៅភូមិឃុំស្រុកកើតហេតុខាងលើ រួចមកលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញ ចុះពិនិត្យដល់កន្លែងកើតហេតុ ឃើញថាជនរងគ្រោះ ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណ កាប់ត្រូវចំនួន៤កន្លែង (ត្រូវចំក្បាលផ្នែកខាងក្រោយ១កន្លែង, ត្រូវចំគម្ព្តចៀកខាងឆ្វេង១កន្លែង, លើចិញ្ចើម១កន្លែង និងបាក់កំភួនដៃខាងឆ្វេង) បណ្តាលឲ្យដេកស្លាប់ក្នុងថ្លុកឈាមនៅលើគ្រែក្នុងផ្ទះ។
រហូតដល់ថ្ងៃទី៥ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៥ល្ងាច សមត្ថកិច្ចស្រាវជ្រាវនិងកំណត់ បានមុខសញ្ញាជនសង្ស័យម្នាក់ ឈ្មោះ នួន ណា ហៅ ច្រេះ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិជាមួយគ្នា ដែលត្រូវជាបងប្អូន របស់ជនរងគ្រោះ ដើម្បីយកមកធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើឃាតកម្ម ដោយយកពូថៅកាប់ទៅលើជនរងគ្រោះចំនួន៤ពូថៅ ត្រូវចំក្បាល៣ពូថៅ និង កំភួនដៃ១ពូថៅ បណ្តាលឲ្យស្លាប់ នៅលើគ្រែក្នុងផ្ទះប្រាកដមែន មូលហេតុគឺដោយសារ ធ្លាប់មានគំនុំជាមួយគ្នាយូរមកហើយ ៕ យឹម សុថាន