ភ្នំពេញ ៖ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ និងជាគណៈកម្មការបុណ្យសពបណ្ឌិតកែម ឡី ព្រះតេជគុណ ប៊ុត ប៊ុនតិញ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា នេះ អះអាងថា នឹងមិនចូលបំភ្លឺតុលាការ ជុំវិញករណីបាត់បច្ច័យបុណ្យសពបណ្ឌិតកែម ឡី ទេ ។
ថ្លែងតាមបណ្ដាញសង្គមហ្វេសប៊ុក ព្រះតេជគុណប៊ុត ប៊ុនតិញ មានសង្ឃដីកា ថា មូលហេតុដែលព្រះអង្គមិនចូលបំភ្លឺ ព្រោះតែតុលាការកម្ពុជាមិនអាចផ្តល់យុត្តិធម៌ជូនព្រះអង្គបាន។
លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅព្រះតេជគុណប៊ុត ប៊ុនតិញ ក្នុងនាមជាជនសង្ស័យចូលបំភ្លឺនៅថ្ងៃទី០៨ ខែវិច្ឆិកា នេះ ដើម្បីសាកសួរពីដំណើររឿងបាត់បច្ច័យបុណ្យសពបណ្ឌិតកែម ឡី ។
កាលពីម្សិលមិញ ក្រោយបញ្ចប់ការសាកសួរជាច្រើនម៉ោង លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចមិនឃាត់ខ្លួនលោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និង ជាគណៈកម្មការបុណ្យសពបណ្ឌិតកែម ឡី ទេ ដោយអនុញ្ញាតឱ្យត្រឡប់ទៅវិញ រង់ចាំបន្តនីតិវិធី ។
លោក មឿន តុលា ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ថា លោកពុំបានកិបកេងប្រាក់បុណ្យសពបណ្ឌិតកែម ឡី ដូចការចោទប្រកាន់របស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ទេ។
ការចូលបំភ្លឺនេះ ពាក់ព័ន្ធការគ្រប់គ្រងបច្ច័យបុណ្យសពលោកបណ្ឌិត កែម ឡី និងបទរំលោភលើទំនុកចិត្ត ក្រោយពីមានបណ្ដឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលបានរៃអង្គាសថវិកា ដើម្បីជួយចូលរួម សាងសង់ចេតីយ៍ លោកបណ្ឌិត កែម ឡី កន្លងទៅនេះ។
បើតាមលោក ពេជ្រ ស្រស់ ដែលជាម្ចាស់បណ្តឹងនេះ បានចោទថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ , លោក មឿន តុលា និង លោក ប៉ា ងួនទៀង ដែលជាគណៈកម្មការចាស់នៃបុណ្យសព លោក កែម ឡី បានធ្វើឱ្យបាត់បច្ច័យរបស់ប្រជាពលរដ្ឋ និងពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលបានចូលរួមដើម្បីសាងសង់ចេតីយ៍ លោក កែម ឡី។
លោកចាត់ទុកថា កាត់បាត់បច្ច័យ ដោយពុំបានសាងសង់ចេតីយ៍ លោក កែម ឡី ឱ្យបានរួចរាល់នោះ គឺបង្កើតនូវរឿងអយុត្តិធម៌ សម្រាប់ក្រុមគ្រួសារសព និងអ្នកចូលរួមបច្ច័យទាំងអស់។ ដូច្នេះលោកសម្រេចដាក់ពាក្យប្តឹង ដើម្បីឱ្យតុលាការ ផ្តល់យុត្តិធម៌ ដល់អ្នកចូលបុណ្យសព និងដើម្បីភាពស្អាតស្អំសង្គម កុំឲ្យតម្លៃព្រះពុទ្ធសាសនា ធ្លាក់ចុះតាមរយៈបុគ្គល ឆ្លៀតឱកាសមួយចំនួន៕ ចេស្តា