ភ្នំពេញ៖ កម្មករសំណង់៦នាក់ ក្លាយជាជនសង្ស័យ បន្ទាប់ពីរួមគំនិតគ្នាធ្វើសកម្មភាពលួចទ្វារដែក របស់ក្រុមហ៊ុន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ ហើយនាំគ្នាគេចខ្លួន រយះពេល៣ថ្ងៃ ត្រឡប់មកធ្វើការវិញ សួរដឹងមុខ ឃាត់ខ្លួនប្រគល់ឱ្យនគរបាលបុ៉ស្តិ៍កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅក្នុងបុរីពិភពថ្មី ទើបសង់ថ្មី តាមផ្លូវជាតិលេខ៤ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលរួមគំនិតគ្នាលួចទ្វារដែក របស់ក្រុម ទាំង៦នាក់ ទី១-ឈ្មោះ ឌី សម្បត្តិ ភេទប្រុស អាយុ៣២ឆ្នាំ ស្រុកកំណើត ខេត្តកំពង់ស្ពឺ ។ ទី២-ឈ្មោះ អុល សំអាត ភេទប្រុស អាយុ៣៥ ស្រុកកំណើតភូមិរការ ឃុំរការ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ទី៣- ឈ្មោះ ពៅ វុទ្ធី ភេទប្រុស អាយុ២២ឆ្នាំ ស្រុកកំណើត ខេត្តកំពង់ស្ពឺ ។ ទី៤-ឈ្មោះ ពិ សុខ ភេទប្រុស អាយុ១៩ឆ្នាំ ស្រុកកំណើត ខេត្តកំពង់ស្ពឺ ។ ទី៥-ឈ្មោះ សុខ ម៉េង ភេទប្រុស អាយុ២២ឆ្នាំ ស្រុកកំណើត នៅស្រុករលៀផ្អៀរ ខេត្តកំពង់ឆ្នាំ ។ ទី៦-ឈ្មោះ សុខ នឿន ភេទប្រុស អាយុ១៨ឆ្នាំ ស្រុកកំណើត ភូមិតារាជ្យ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ដោយឡែក ទ្វារដែក ដែលក្រុមជនសង្ស័យ រួមគ្នាលួចយកទៅលក់ ចំនួន១២គ្រោង ស្មើរនឹង២៤ផ្ទាំង គិតជាទឹកប្រាក់ ជាង៧០០០ដុល្លា ។
តាមសម្តី មេការក្រុមហ៊ុន បុរីពិភពថ្មី ឈ្មោះ សុធា ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅក្នុងបុរី ខាងលើបានឱ្យដឹងថា កាលពីព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ខាងក្រុមហុ៊ន បានដឹកទ្វារដែកមកចូលដាក់នៅក្រុមហុ៊ន សម្រាប់ដាក់តាមផ្ទះទើបសង់ថ្មី ហើយជាងមិនទាន់បានដាក់ផង នៅរសៀលថ្ងៃដដែល ស្រាប់តែបាត់ទ្វារដែកអស់១២គ្រោង ស្មើរនឹង២៤ផ្ទាំង ហើយស្របពេល កម្មករត្រ័វចេញសម្រាកអស់ សាកសួរស្រាវជ្រាវ ដឹង មុខ រហូតដល់រសៀល ថ្ងៃទី១៩ លេចមុខក្រុមជនសង្ស័យ មកធ្វើការ ឃាត់សួរ ដឹងជាក់ច្បាស់ ចាប់ប្រគល់ខ្លួន នាំទៅប៉ុស្តិ៍កន្ទោក ដើម្បីសាកសួរនិងកសាងសំណុំរឿង ចាត់ការទៅតាមនិតិវិធី ។
តាមសម្តីក្រុមជនសង្ស័យទាំងនោះ បានសារភាពថា ពួកគេពិតជា នាំគ្នាលួចដឹកទ្វារចំនួន ២៤ផ្ទាំង ទៅលក់នៅផ្ទះអេតចាយ មួយកន្លែង នៅផ្សារបែកចាន បានលុយនាំគ្នាដើរសុីចាយ លុះរហូតមកដល់រសៀល ថ្ងៃទី១៩ ខែតុលា ខាងក្រុមហ៊ុន ឃាត់ខ្លួនតែម្តង ។
ជនសង្ស័យទាំង៦នាក់ រួមជាមួយស្ត្រីម្នាក់ ជាម្ចាស់ផ្ទះអេតចាយ នៅផ្សារបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ធ្វើការសាកសួរនៅ ប៉ុស្តិ៍ កន្ទោក ខណ្ឌពោធិ៍សែនជ័យ និងកសាងសំណុំរឿង ចាត់ការទៅតាមនិតិវិធី ៕
ដោយ៖ សុខា សែនជ័យ