ភ្នំពេញ៖ យុវជននិងយុវតីពីរនាក់ដែលត្រូវជាសង្សារនឹងគ្នាត្រូវក្រុមចោរប្រដាប់អាវុធមួយក្រុមយកកាំភ្លើងខ្លីមិនស្គាល់ម៉ាកមួយដើម(កាំភ្លើងជ័រ)ភ្ជង់ប្លន់យកម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិចទៅបាត់ បន្ទាប់ពី ជិះម៉ូតូត្រឡប់មកពីដើរលេងនិងហូបបង្អែមវិញនាពាក់កណ្តាលអធ្រាត្រ ។
ហេតុការណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង០០ និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ នៅតាមផ្លូវ៣៧១ ចូលទៅផ្លូវយានដ្ឋានរថយន្ត ចាក់សំរាមក្រុមហ៊ុនស៊ីនទ្រី ស្ថិតក្នុងសង្កាត់- ខណ្ឌដង្កោដែលបង្កឡើងដោយក្រុមចោរ បួននាក់ជិះម៉ូតូពីរគ្រឿង ប្រើប្រាស់កាំភ្លើងខ្លីមិនស្គាល់ម៉ាកមួយដើម។
បើតាមជនរងគ្រោះឈ្មោះ ជា ណាក់ ភេទប្រុស អាយុជាង ២០ឆ្នាំ ជាអ្នកធ្វើការ នៅក្រុមហ៊ុនស៊ិនទ្រី បានឲ្យដឹងថា មុនពេលកើតហេតុរូបគេ និងសង្សារ បានមកពីដើរលេងនិងហូបបង្អែម នៅផ្សារច្បារអំពៅ រួចក៏បាននាំគ្នាជិះម៉ូតូត្រឡប់មកកន្លែងស្នាក់នៅវិញ ដោយជិះតាមផ្លូវលេខ៣៧១ បត់ចូលទៅកន្លែងស្នាក់នៅយានដ្ឋានរថយន្តស៊ិនទ្រី។នៅពេលជិះជិតទៅដល់ហើយនោះ ស្រាប់តែលេចមុខក្រុមជនសង្ស័យមួយក្រុម មានគ្នា៤នាក់ជិះម៉ូតូពីរគ្រឿង មួយគ្រឿងម៉ាក Scoopy ពណ៌ស និងមួយគ្រឿងទៀត មិនចាំម៉ាកនិងស្លាកលេខ បានប្រើប្រាស់កាំភ្លើងខ្លីមិនស្គាល់ម៉ាកមួយដើមមកស្ទាក់ពីមុខហើយដកកាំភ្លើងភ្ជង់រូបគាត់ទាំងពីរនាក់មិនឲ្យស្រែក បើហ៊ាន ស្រែកនឹងបាញ់សម្លាប់ចោល ប៉ុន្តែគាត់មិនតក់ស្លុតហើយក៏មិនព្រមឲ្យម៉ូតូទៅពួកក្រុមចោរប្លន់នោះដែរ ទើបពួកវាខឹងបាញ់មួយគ្រាប់ត្រូវដៃឆ្វេងរបស់គាត់តែជាគ្រាប់ជ័រទើបដឹងថាកាំភ្លើងដែលចោរប្រើប្រាស់ប្លន់គាត់នោះជាកាំភ្លើងជ័រសោះ ។
ជនរងគ្រោះបានឲ្យដឹងទៀតថា ដោយឃើញសភាពបែបនេះពួកគេបានស្ទុះចូលមកវាយគាត់និងសង្សារបណ្តាលឲ្យរងរបួសហើយដោយភ័យពេកគាត់ផ្តួលម៉ូតូចោលរត់យករួចខ្លួនទាំងពីរនាក់ធ្វើឲ្យក្រុមចោរមានឧិកាស យកម៉ូតូ ម៉ាកស៊ុយហ្ស៊ុយគីនិក ពណ៌សស្លាកលេខ ភ្នំពេញ1CT-9823 របស់គាត់ជិះគេចចេញបាត់ ដោយ សុវត្ថិភាព តែម្តង ។បន្ទាប់ពីក្រុមចោរទៅបាត់ពួកគាត់ បានត្រឹមតែទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលដង្កោ ឲ្យជួយស្រាវជ្រាវប៉ុណ្ណោះ ប៉ុន្តែមិនដឹងជាសង្ឍឹមថាសមត្ថកិច្ចអាចវែកមុខជនសង្ស័យទាំងនេះឃើញដែរឬយ៉ាងណានោះទេ ៕
ដោយ៖ ប្រាថ្នា