ខេត្តកណ្តាល៖ ស្ត្រីវយ័ចំណាស់ម្នាក់ បានសន្លប់ស្តូកស្តឹងនៅលើទ្រូងផ្លូវលេខ៦ ខណៈរូបគាត់ជិះម៉ូតូដឹកបន្លែ និងសាច់ ហើយជិះឆ្លងផ្លូវមិនប្រយ័ត្ន ។ គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ នៅចំណុចខាងមុខអាហារដ្ឋាន យីហោ សេះស តាមផ្លូវលេខ៦ ឋិតនៅភូមិក្រោម ឃុំព្រែក អញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ស្ត្រីវ័យចំណាស់ដែលគេស្គាល់ឈ្មោះ សុវណ្ណារី អាយុ៦០ឆ្នាំ ជាអ្នកធ្វើម្ហូបអាហារឲ្យបុគ្គលិកនៅរោងចក្រ 7NG ឋិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំណែកយុវជនដែលជិះម៉ូតូម៉ាកវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1a 70 61 ឈ្មោះសុខ ស៊ីថា អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៦៥ ផ្លូវលេខ១២៣ បើកបរបោះពួយយ៉ាងលឿនមកពីខាងជើងទៅត្បូង ឆ្ពោះចូលក្រុងភ្នំពេញ ដោយគាប់ជួនស្ត្រីវ័យចំណាស់ ជិះឆ្លងផ្លូវមិនប្រយ័ត្ន ក៏បុកលាន់សូប្រាវ ហើយខ្ទាតស្ត្រីរងគ្រោះប្រមាណ៥ម៉ែត្រ បណ្តាលឱ្យសន្លប់ស្តូកស្តឹងតែម្តង ។
បើតាមការឲ្យដឹងពីមន្ត្រីនគរបាលចរាចរ ស្រុកមុខកំពូល លោកអ៊ុង ស៊ីថាន បានប្រាប់ឲ្យដឹងថា ស្ត្រីវ័យចំណាស់ ឈ្មោះសុវណ្ណារី បានជិះម៉ូតូបញ្ច្រាសទិស ហើយមានដឹកបន្លែត្រីសាច់ធ្ងន់សំពីងសំពោង ទើបបណ្តាលឱ្យមានគ្រោះថ្នាក់បែបនេះ ។ តែទោះបីជាយុវជនឈ្មោះ សុខ ស៊ីថា បើកបរយានយន្ត ស្របទិសក៏ដោយ ក៏សមត្ថកិច្ចឃាត់ខ្លួនឲ្យជួយទទួលខុសត្រូវ របួសស្នាម ដោយយុវជនរូបនេះបើកបរមានល្បឿនលឿនហួសកំណត់ តែដោយពេលវេលាកាន់តែយប់ហើយមានភ្លៀងផង នគរបាលចរាចរស្រុកបានស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិ ស្ត្រីរងគ្រោះឲ្យមកទទួលយកស្ត្រីរូបនេះទៅកាន់មន្ទីពេទ្យ ។
ចំណែកម៉ូតូទាំងពីរគ្រឿង សមត្ថកិច្ចបានអូសទៅរក្សាទុក នៅអធិការដ្ឋាន នគរបាល ស្រុកមុខកំពូលរង់ចាំដោះស្រាយនៅថ្ងៃបន្ទាប់ ៕
ដោយ៖ ឡូ សំអាត