ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវម្ចាស់ម៉ូតូ និងប្រជាពលរដ្ឋព័ទ្ធចាប់ខ្លួនប្រគល់ឲ្យនគរបាលដើម្បីចាត់ការបន្ត បន្ទាប់ពីស្ត្រីសង្ស័យបានខ្ចីម៉ូតូគេជិះហើយទៅបាត់មួយរយៈពេល ទើបត្រឡប់មកកន្លែងដើមវិញ ។
ហេតុការណ៍ឃាត់ខ្លួនស្ត្រីខាងលើនេះកើតឡើងកាលពីម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅមុខហាង(អែនណាស្បាក) ក្បែររង្វង់មូលផ្សារដើមស្កូវ សង្កាត់ផ្សារដើមស្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពពីដើមបណ្តឹង ឈ្មោះ យ៉េន គឹមហៃ ភេទស្រី អាយុ19ឆ្នាំ មុខរបរបំរើការហាង ស្នាក់នៅបន្ទប់ជួល ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅខេត្តតាកែវ បានប្រាប់ថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ គឺកាលពីម៉ោង១០ព្រឹក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ កន្លងមក ជនសង្ស័យខាងលើបានខ្ចីម៉ូតូរបស់គាត់(ជនរងគ្រោះ) ម៉ាកហ្ស៊ុយហ្ស៊ីគីនិក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FG 2185 ថាយកទៅជិះមួយភ្លែតទេ ស្រាប់តែទៅបាត់រហូតតែម្តង ។ ក្រោយពីទៅបាត់មិនឃើញយកម៉ូតូត្រឡប់មកវិញ គាត់(ម្ចាស់ម៉ូតូ) ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ភ្នំពេញថ្មីដើម្បីឲ្យជួយស្រាវជ្រាវរកស្ត្រីសង្ស័យ ឈ្មោះវន ធីតា អាយុ១៩ឆ្នាំ មុខរបរបំរើការនៅហាងអែនណាស្បាក ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ផ្សារដើមស្កូវ ខណ្ឌចំការមន ភ្នំពេញ និងមានស្រុកកំណើតភូមិត្រឡាច ខេត្តកំពង់ឆ្នាំង ។
ប្រភពដដែលបានប្រាប់ទៀតថា ក្រោយមកនាងបានដើរស៊ើបរកជនសង្ស័យរហូតបានទទួលដំណឹងថា ជនសង្ស័យខាងលើកំពុងបំរើការងារនៅក្នុងហាងខាងលើ ក៏សហការជាមួយម្ចាស់ហាង ឃាត់ខ្លួនស្ត្រីខាងលើយកមកឲ្យសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មីតែម្តង ។
នៅចំពោះមុខសមត្ថកិច្ច ស្ត្រីសង្ស័យបាននិយាយថា ខ្លួនពិតជាបានខ្ចីម៉ូតូម៉ូតូស្ត្រីរងគ្រោះខាងលើពិតប្រាកដមែន តែម៉ូតូខាងលើត្រូវចោរលួចបន្តទៅទៀត ខណះដែលនាងចតទុកនៅមុខហាងធ្វើការ ។
ក្រោយពីមានចម្លើយសារភាពហើយ បច្ចុប្បន្នស្ត្រីខាង លើត្រូវកសាងសំណុំរឿងបញ្ជូនបន្តរទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្ត ៕
ដោយ៖ តុង សីហា