នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានថ្លែងថា លោកនឹងដកយន្តហោះចម្បាំងដែលកំពុងប្រតិបត្តិការវាយប្រហារប្រឆាំងទៅលើក្រុមរដ្ឋអិស្លាម IS ស្ថិតនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់នោះឲ្យត្រឡប់មកប្រទេសកំណើតវិញ ។
លោក Justin Trudeau បានជូនដំណឹងអំពីការសម្រេចចិត្តខាងលើនេះទៅកាន់ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា ក្រោយប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកJustin Trudeau ដឹកនាំគណបក្សសេរីភាពរបស់លោកប្រារព្ធពិធីអបអរសាទរក្រោយទទួលជោគជ័យនៅក្នុងការបោះឆ្នោតនៅកាណាដានោះ ។
ក្នុងអំឡុងពេលយុទ្ធនាគារឃោសនារកសំឡេងឆ្នោត លោក Trudeau បានអះអាងថា ប្រសិនបើលោកជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីកាណាដានោះ លោកនឹងដកយន្តហោះចម្បាំង CF-18 ដែលត្រូវដាក់ពង្រាយឲ្យធ្វើប្រតិបត្តិការវាយប្រហារទៅលើក្រុមរដ្ឋអិស្លាមនៅលើទឹកដីស៊ីរី និងអ៊ីរ៉ាក់រហូតដល់ខែមីនា ឆ្នាំ២០១៦នោះឲ្យត្រឡប់មកកាន់ប្រទេសរបស់ខ្លួនវិញ ។
ប៉ុន្តែទោះបីយ៉ាងណា ការប្រកាសដកយន្តហោះចម្បាំងរបស់កាណាដានាពេលនេះ មិនទាន់បញ្ជាក់ប្រាប់ពីពេលវេលានៅឡើយទេ ។
គណបក្សសេរី របស់លោក Justin Trudeau បានឈ្នះឆ្នោតកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ ធ្វើឲ្យការដឹកនាំក្រោមអំណាចអភិរក្សនិយមរយៈពេលជិតមួយទសវត្សរ៍របស់លោក Stephen Harper ចូលដល់ទីបញ្ចប់ ។
លោក Justin Trudeau មានអាយុ៤៣ឆ្នាំ អតីតជាគ្រូបង្រៀននៅសាកលវិទ្យាល័យ និងជាកូនច្បងរបស់អតីតនាយករដ្ឋមន្ត្រីកាណាដា លោក Pierre Trudeau ។
ទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ីបានផ្សព្វផ្សាយកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ថា នៅក្នុងការសន្ទនាតាមទូរស័ព្ទជាលើកដំបូងជាមួយប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ានោះ លោក Pierre Trudeau បានបញ្ជាក់ថា លោកចង់ធ្វើតាមអ្វីដែលលោកបានសន្យាកាលពីអំឡុងពេលឃោសនាបោះឆ្នោតនោះថា នឹងត្រូវដកយន្តហោះចម្បាំងឲ្យត្រឡប់មកកាន់ប្រទេសកាណាដាវិញ ។
លោក Trueau បានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅទីក្រុងអូតាវ៉ា កាលពីថ្ងៃទី២០ ខែតុលាថា លោកបានជម្រាបជូនលោកប្រធានាធិបតីអាមេរិកអំពីការនៅតែភ្ជាប់ប្រតិបត្តិការប្រឆាំងទៅលើក្រុមរដ្ឋអិស្លាម ប៉ុន្តែទោះបីយ៉ាងណាលោកបានស្នើឲ្យលោបារ៉ាក់ អូបាម៉ា មេត្តាយោគយល់ និងបញ្ចប់បេសកកម្មរបស់កងកម្លាំងកាណាដា ។
ទីភ្នាក់ងារព័ត៌មាន AFP បានផ្សព្វផ្សាយថា ទោះបីយ៉ាងណា កាណាដាបានបញ្ជាក់ថា ខ្លួននៅតែបន្តរក្សាទុកកងកម្លាំងឲ្យនៅជួយហ្វឹកហ្វឺនដល់កងទ័ពភាគខាងជើងអ៊ីរ៉ាក់នោះដដែល ។
ជាមួយគ្នានេះដែរ លោក Justin Trudeau បានប្តេជ្ញាថា លោកនឹងទទួលយកជនភៀសខ្លួនស៊ីរីនៅដំណាច់ឆ្នាំនេះឲ្យបាន២៥.០០០នាក់ ដែលគម្រោងការនេះត្រូវជំទាស់យ៉ាងខ្លាំងក្លាពីសំណាក់លោក Stephen Harper ដែលត្រូវចុះចេញពីតំណែងដោយសារតែចាញ់ឆ្នោតនោះ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត