ឆ្មក់បង្ក្រាបផ្ទះលក់សាច់សត្វព្រៃមួយកន្លែងដកហូតវត្ថុតាងជាច្រើននិងឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅសាលាដំបូង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ទីតាំងលក់ផ្សិតយីហោ ៩៩៩៩ ដែលល្បីថាជាកន្លែងលក់សាច់ សត្វព្រៃជាច្រើនប្រភេទ ត្រូវបានសមត្ថកិច្ច ចម្រុះឆ្មក់ចុះបង្ក្រាបជាក់ស្ដែងរកឃើញវត្ថុតាងសាច់សត្វព្រៃ ឈាម ឆ្អឹងជាច្រើន និងចាប់ ម្ចាស់ផ្ទះបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បី ចាត់ការតាមនីតិវិធី។

ការបង្រ្កាបនេះធ្វើឡើង កាលពីរសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច សហការជាមួយកម្លាំងក្រុមអន្តរាគមន៍បង្រ្កាប បទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃ ឈើស្នាក់ការកណ្តាល រាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរ និងមាន ការចូលរួមពីអាជ្ញាធរភូមិ-ឃុំផងដែរ ។

ម្ចាស់ផ្ទះនិងជាមុខសញ្ញាសង្ស័យថាឈ្មួញជួញដូរសាច់និងឆ្អឹងសត្វព្រៃត្រូវបាន កម្លាំងចម្រុះឃាត់ខ្លួនមានឈ្មោះ សៀក សុជាតិ ភេទប្រុស អាយុ៣២ឆ្នាំ ដែលជា ម្ចាស់ហាងលក់ផ្សិតក្រៀមយីហោ៩៩៩៩ រស់នៅភូមិចេកស្រែខ្លុង ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

នគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថា ការចុះបង្ក្រាបនេះសមត្ថកិចចម្រុះដកហូតវត្ថុតាងរួមមានសត្វពង្រូលចំនួន២ក្បាល ពស់១ក្បាល អណ្តើកភ្នំរស់ចំនួន៨ក្បាល អណ្តើកផ្កាយរស់១ក្បាល សត្វសំពោច ងាប់ចំនួន៤​ក្បាល ក្បាលប្រើសជាប់ស្នែង ចំនួន១ សាច់ឈ្លូសស្រស់ចំនួន១០០គីឡូ ក្រាម ឆ្អឹងក្បាលកេងកងចំនួន១ ឆ្អឹងឈ្លូស ក្រៀមចំនួន៣០០គីឡូក្រាម ចែជ្រូក ព្រៃ(ខ្នាយ) ចំនួន១៤ខ្នាយ ឈាមឈ្លូស លាយស្រាចំនួន៤០០លីត្រ ចង្កូមឆ្កែព្រៃ ចំនួន២៣ចង្កូម ឈាមសត្វអាញីលាយស្រាចំនួន១លីត្រកន្លះ អន្សងរស់ចំនួន១ ក្បាល និងក្រចកខ្លាឃ្មុំចំនួន៤១ក្រចក ។

ក្រោយធ្វើកំណត់ហេតុរួចមក កម្លាំង ជំនាញក្រុមអន្តរាគមន៍សត្វព្រៃចល័តរដ្ឋបាលព្រៃឈើស្នាក់ការកណ្តាលរាជធានីភ្នំពេញបានដកហូតវត្ថុតាងខាងលើ និង ហៅម្ចាស់ផ្ទះឈ្មោះ សៀក សុជាតិ ទៅសាក សួរដើម្បីចាត់ការទៅតាមនីតិវិធី ។

គួរបញ្ជាក់ថា នៅជិតបន្ទាយស្រែខ្លុងនេះមិនមែនមានតែផ្ទះមួយកន្លែងនេះទេដែលជួញដូរសត្វព្រៃគឺមានជាច្រើនផ្ទះណាស់នៅតំបន់ខាងលើនោះតែគេមិនដែលឃើញអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបម្តងណាឡើយ។ គេឃើញអស់លោកទាំងនោះ ចេញចូលញឹកញាប់ដែរតែមិនដឹងថាចូល ទៅរកអ្វីឡើយទើបតែលើកនេះឃើញក្រុម មេព្រៃចល័តចុះមកបង្ក្រាប។

មានការលើកឡើងថា ករណីសមត្ថកិច្ចចម្រុះចុះមកបង្ក្រាបនេះ ហាក់បីដូចជាចុះមកវាយបំបែកឆ្នាំងបាយរបស់អ្នកមូលដ្ឋានយ៉ាងដូច្នោះដែរ៕ សេនាស័ក្តិ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print