ភ្នំពេញ៖ តារាចម្រៀងផលិតកម្ម M លោក សន វិជ្ជបុត្រ បានសុំនិងរ៉ៃប្រាក់ពីសប្បុរសជនព្រមទាំងមិត្តភ័ក្ដិដែលជា អ្នកសិល្បដូចគ្នា ទិញម៉ូតូស្មាសសេរីឆ្នាំ២០០៩ មួយគ្រឿងតម្លៃ៦០០ ដុល្លារ ឲ្យបុរសវ័យចំណាស់ម្នាក់មានរបរជាអ្នករត់ម៉ូតូឌុប ហើយត្រូវបានចោរលួចទៅបាត់។
នេះមិនមែនជាលើកទីមួយទេដែលតារាចម្រៀងចិត្តធម៌ខាងលើបានចេញមុខរៃប្រាក់ជួយដល់ទុរគតជន។ តារាចម្រៀងរូបនេះបានឲ្យដឹងថា ដោយមើលឃើញពូអ្នករត់ម៉ូតូឌុប មិនមានផ្ទះសម្បែង មិនមានកូនចៅ គ្មានលទ្ធភាពទិញម៉ូតូវិញ បន្ទាប់ពីត្រូវចោរលួចកាលពីជិត១ខែមុន លោកក៏រួមជាមួយ អតីត តារាសម្ដែង ថាច់ ផល្លា បានសម្រេចចិត្ត រៃអង្គាសពីមិត្តភ័ក្ដិក៏ដូចជា សប្បុរសជនមួយចំនួនទៀត ដើម្បីទិញម៉ូតូខាងលើ។
ម្យ៉ាង អ្នករត់ម៉ូតូឌុបម្នាក់នោះ លោកបានស្គាល់ច្រើនឆ្នាំមកហើយ ត្បិតអីឧស្សាហ៍ប្រើគាត់ទៅទិញ អ៊ីវ៉ាន់ឲ្យញឹកញាប់ ហើយបុរសនោះជាមនុស្សល្អ ស្លូតត្រង់ថែមទៀតផង។លោកថា សប្បុរសជនដែលបានចូលរួមជាមួយលោក លោក យ៉ាវ៉ាន់ នៅកូរេ ១០០ដុល្លារអាមេរិក អ្នកនាងអែនណា អតីតតារាសម្ដែង រស់នៅប្រទេសអូស្ត្រាលី ២០០ដុល្លារអាមេរិកកញ្ញា ថាច់ ផល្លា អតីតតារាសម្ដែង ២០០ដុល្លារអាមេរិក Niza Chhean នៅបារាំង ១០០ដុល្លារអាមេរិក ។
ជាការពិតណាស់កន្លងមកលោក ធ្លាប់បានជួយដល់អ្នកសិល្បៈជាច្រើនទៀតកន្លងមក ដូចជាជួយដល់អ្នកនាង ស្វែង សុជាតា យាយណាង និង សិល្បករចាស់ៗជាច្រើនរូបទៀតតាមរយៈសមាគមសិល្បករខ្មែរកន្លងមក។ទន្ទឹមគ្នានោះដែរ លោកក៏ធ្លាប់ជួយប្រជាជនក្រីក្រជាច្រើនរូបទៀត ដូចជាជួយសង់ផ្ទះឲ្យជនគ្មានទីពឹងជាដើម។
និយាយដោយមិនលាក់លៀមប្រាក់ដែលខ្លួនបានយកទៅជួយដល់អ្នកសិល្បៈក៏ដូចជាជនក្រីក្រផ្សេងទៀត លោក សន វិជ្ជបុត្រ ប្រាប់ថា មិនមែនជាប្រាក់របស់លោកទាំងអស់ឡើយ ភាគច្រើនបានមកពីសប្បុរសជនខ្មែរនៅក្រៅប្រទេស និង សប្បុរសជនក្នុងស្រុក។ ជាមួយកិច្ចការសប្បុរសធម៌នេះ លោកបានប្ដេជ្ញាថា នៅតែបន្តសកម្មភាពនេះជារៀងរហូត។
គួរបញ្ជាក់ដែរថាលោកពូរត់ម៉ូតូឌុបដែលបាត់ម៉ូតូម្នាក់នោះមានឈ្មោះ ចាន់ សេង វ័យ៦៨ឆ្នាំ លោកមានស្រុកកំណើតនៅ ខេត្តក្រចេះ បានប្រកបរបរជាអ្នករត់ម៉ូតូឌុបនេះ ជិត២០ឆ្នាំហើយ។ លោកពូ មិនមានកូនចៅឬផ្ទះសម្ដែងឡើយ រាល់ថ្ងៃសុំរោងឡានគេស្នាក់នៅ។
ជិត១ខែដែលចោរលួចម៉ូតូទៅបាត់ លោកថា ប្រៀបបានជាបាត់ឆ្នាំបាយរបស់លោកអីចឹង គឺទាល់ច្រក ហើយមិនសង្ឃឹមថា អាចមានលទ្ធភាពទិញម៉ូតូបានមកវិញឡើយ ព្រោះប្រាក់ដែលរកបានកន្លងមកមិនបានសន្សំទុកបានខ្លះឡើយ។ នៅពេលដែលទទួលបានម៉ូតូខាងលើនេះ លោកពូពិតជាសប្បាយចិត្តជាខ្លាំង ជាមួយគ្នានោះលោកបានថ្លែងអំណរគុណ ម្ចាស់ ជំនួយសូមជូនពរម្ចាស់ជំនួយជួបប្រទះតែសេចក្ដីសុខសប្បាយ ការងារជោគជ័យគ្រប់ភារកិច្ច៕ វឌ្ឍនា