វិភាគអន្តរជាតិ៖ ចិនបញ្ជូនឧបការីទៅកាន់កូរ៉េខាងជើង ក្រោយដំណើរទស្សនកិច្ចរបស់លោកត្រាំទៅកាន់ទីក្រុងប៉េកាំង

ចែករំលែក៖

សារព័ត៌មាន ចិនបានផ្សាយថា ឧបការីរដ្ឋាភិបាលចិនបានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង នាថ្ងៃទី១៧ ខែវិច្ឆិកា ខាង មុខ ដែលជាសកម្មភាពមួយកើតឡើងក្រោយពេលដែលប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបំពេញទស្សនកិច្ចនៅចិនជួបពិភាក្សាជាមួយ លោកស៊ី ជីនពីងស្តីពីវិបត្តិកូរ៉េខាង ជើង។

សារព័ត៌មានស៊ីនហួបានផ្សាយថា ឧបការីរបស់ ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង ដែលជា ការនាំសាររបស់ប្រធានាធិបតី ទៅកាន់ មេដឹកនាំគីម ជុងអ៊ុន។ ដំណើរទស្សនកិច្ច របស់ឧបការីរដ្ឋាភិបាលចិនទៅកាន់កូរ៉េ ខាងជើងនេះមានរយៈពេល២ថ្ងៃ។

កន្លងមកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃទៅកាន់ប្រទេសចិន ចាប់ពី ថ្ងៃទី៨ដល់ថ្ងៃទី១០ ខែវិច្ឆិកា ដោយមេដឹកនាំប្រទេសទាំងពីរបានបង្ហាញពីភាពស្និទ្ធស្នាល ព្រមព្រៀងគ្នាជាច្រើនលើគ្រប់វិស័យ ក្នុងនោះមានដំណោះស្រាយបញ្ហាកូរ៉េខាងជើង និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលមានតម្លៃរាប់រយពាន់លានដុល្លារ។ លោកត្រាំបានជំរុញឲ្យប្រទេសចិនមានសកម្មភាពខ្លាំងជាងនេះ ក្នុងកម្មវិធីបរមាណូរបស់កូរ៉េខាងជើង ក្នុងការរកដំណោះស្រាយឲ្យបានឆាប់បំផុត។

ប្រធានាធិបតីចិន ក៏បានឆ្លើយតបវិញ ដោយបញ្ជាក់ថា ចិននឹងខិតខំធ្វើឲ្យឧបទ្វីបកូរ៉េគ្មានអាវុធបរមាណូឡើយ តាមរយៈកិច្ច ពិភាក្សា។ ទាំងមេដឹកនាំអាមេរិក និងចិនបានព្រមព្រៀងគ្នាថានឹងមិនអនុញ្ញាតឲ្យមានបរមាណូនៅឧបទ្វីបកូរ៉េនោះឡើយ។

ចិននិងអាមេរិកគឺជាប្រទេស ដែល បានមើលឃើញពីសារសំខាន់ របស់គ្នា ទៅវិញទៅមកដោយចិន មិនដែលរារាំងនូវគោលនយោបាយរបស់អាមេរិកឡើយ ទាំងកិច្ចការផ្ទៃក្នុងនិងកិច្ចការបរទេស ។ចំណែក អាមេរិកវិញ ក៏បានប្រកាសគាំទ្រនយោបាយចិនតែមួយដែលមានសារសំខាន់បំផុតរបស់ចិន ក្នុងការដោះស្រាយ វិបត្តិជាមួយ កោះ តៃវ៉ាន់ កោះហុងកុង និងទីបេជាដើមដែលអាមេរិកមិនអាចលូកដៃចូលនោះឡើយ។

អាមេរិកនិងចិនតែងតែអាស្រ័យគ្នាទៅវិញទៅមកលើគ្រប់វិស័យក្នុងនោះមានវិស័យពាណិជ្ជកម្មជាដើម ។នៅក្នុងវិស័យ ពាណិជ្ជ កម្ម រវាងមហាអំណាចសេដ្ឋកិច្ចទីមួយនិងទីពីរ លើពិភពលោក គឺមានទំហំច្រើន ជាងគេទាំងអស់ ។គ្រាន់តែនៅក្នុងដំណើរទស្សនកិច្ចរបស់លោកត្រាំ មកកាន់អាស៊ី គឺចិននិងអាមេរិកបានចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្ម ជាមួយមានតម្លៃជាង ២៥៣,៣ ពាន់លានដុល្លារ។

យោងតាមមន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់ របស់ចិនម្នាក់ បានឲ្យដឹងថា កិច្ចព្រមព្រៀង ពាណិជ្ជកម្ម ដែលបានសម្រេចរវាងចិន-សហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន ពិត ជាមានលើស ពីចំនួនទឹកប្រាក់ ២៥៣,៥ ពាន់លានដុល្លារ ដោយបានចុះហត្ថលេខានៅឯពិធីនានាក្នុង ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ មកកាន់ប្រទេសចិន នេះបើយោងតាមការ ចេញផ្សាយរបស់គេហទំព័រ china mail នៅថ្ងៃ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

លោកសុី ជីនពីង និងលោកដូណាល់ ត្រាំ បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើ ឯកសារពាណិជ្ជកម្ម ដោយមានតម្លៃ សរុបចំនួន ២៥៣ ,៥ ពាន់លានដុល្លារ កាលពីថ្ងៃ ព្រហស្បតិ៍។ លោក Yu Jianhua អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរបស់ ចិន បាននិយាយថា ក្រៅពីឯកសារទាំង នោះ មានកិច្ចព្រមព្រៀងជាច្រើន ដែលត្រូវ បានសម្រេចដាច់ដោយឡែក ពាក់ ព័ន្ធនឹង កិច្ចសន្យាធំ ៗ ដូចជាកិច្ចសន្យានាំចូលគីមី និងថាមពលដែល បានចំណាយពេល រាប់ខែ ឬច្រើនឆ្នាំនៃការចរចា ។

ចំណុចទាំងនោះហើយ ដែលអាមេរិកមិនហ៊ានវាយប្រហារកូរ៉េខាងជើង ប្រសិន បើចិន និងកូរ៉េខាងត្បូង ជប៉ុន មិនបើកភ្លើង ខៀវទេនោះ។ កន្លងមក អតីតអគ្គលេខាធិការអង្គការសហ ប្រជាជាតិ លោកបាន គីមូន បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានរកឃើញយុទ្ធស ាស្ត្ររួម ក្រោយពីជំនួបពិភាក្សាជាមួយភាគី ជប៉ុន កូរ៉េខាងត្បូង និងចិន រួចមក ក្នុងការ ទប់ទល់នឹងកូរ៉េខាងជើង ពេលដែលលោកបំពេញទស្សនកិច្ចមកកាន់តំបន់ អាស៊ី។

ឆ្លើយតបទៅនឹងបទសម្ភាសន៍ក្នុងកម្ម វិធី Power Lunch របស់បណ្តាញព័ត៌មាន CNBC លោកបាន គីមូន បញ្ជាក់ថា នៅពេល នេះលោកត្រាំបានបង្ហាញពីភាពទន់ភ្លន់នៅក្នុងដំណោះស្រាយបញ្ហាកូរ៉េខាងជើង ដោយលោកត្រាំអាចដោះស្រាយបញ្ហាទាំងនោះតាមរយៈកិច្ចការបរទេស។

ក្រៅពីនេះ លោកបាន គីមូន បានបញ្ជាក់ ថា វិធីសាស្ត្រល្អបំផុតសម្រាប់ទប់ទល់កូរ៉េខាងជើង គឺតាមរយៈកិច្ចការបរទេស។ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ បញ្ជាក់ទៀតថា« មិនមានដំណោះស្រាយ ដោយយោធាឡើយ ។ ដំណោះស្រាយ យោធា អាចមានប្រសិទ្ធភាពតែមួយរយៈពេលប៉ុណ្ណោះគឺមិនបានយូរអង្វែងឡើយ។ អស់លោក អាចសម្លឹងមើលទៅប្រទេស អីុរ៉ាក់ ស៊ីរី និងអាហ្វហ្គានីស្ថានជាដើម»។

ពាក់ព័ន្ធនឹងវិបត្តិបរមាណូនិងមីស៊ីលនៅកូរ៉េខាងជើង ប្រធានាធិបតីកូរ៉េខាង ត្បូង លោក មូន ជេអុីន នៅថ្ងៃ១៥ខែវិច្ឆិកា បានមានប្រសាសន៍ថា វាមិនងាយទេ សម្រាប់ប្រទេសកូរ៉េខាងជើង ដើម្បីបំផ្លាញ ចោលទៅវិញ នូវអាវុធនុយក្លេអ៊ែរបស់ខ្លួនឲ្យបានឆាប់រហ័ស បើទោះជាខ្លួនមាន បំណងចង់បំផ្លាញក៏ដោយ ព្រោះកម្មវិធី អាវុធទាំងនោះ ត្រូវបានអភិវឌ្ឍយ៉ាងខ្លាំង ក្លា។

ថ្លែងទៅកាន់អ្នកកាសែត នៅក្នុងប្រទេស ហ្វ៊ីលីពីន លោក មូន បានមានប្រសាសន៍ថា ប្រសិន បើកូរ៉េខាងជើង យល់ព្រមចូល រួមពិភាក្សាគ្នានោះ កិច្ចចរចានឹងត្រូវរៀប ចំធ្វើឡើង ដោយមាន ជម្រើសបើកចំហ ទាំងអស់ ហើយប្រសិនបើកិច្ចពិភាក្សា ចាប់ផ្តើមធ្វើការដោះស្រាយ ចំពោះ អាវុធនុយក្លេអ៊ែរទីក្រុងព្យុងយ៉ាង លោកមាន អារម្មណ៍ថា វាគឺជារឿងដ៏លំបាកមួយ សម្រាប់កូរ៉េ ខាងជើង ដើម្បីបំផ្លាញ ចោលទៅវិញ នូវសមត្ថភាពនុយក្លេអ៊ែរ របស់ខ្លួន នៅពេលដែល អាវុធទាំងនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍នោះ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ បានឲ្យ ដឹងថា លោក មូន បានបន្ត ទៀតថា ប្រសិនបើដូច្នេះមែននោះ កម្មវិធី អាវុធនុយក្លេអ៊ែររបស់ កូរ៉េខាងជើង គឺត្រូវ បានព្យួរទុកចោលសិន ហើយកិច្ចចរចា អាចនឹងបន្តដើម្បីឲ្យសម្រេច បាន នូវការលុបបំបាត់អាវុធនុយក្លេអ៊ែរចោលទាំងស្រុងជាមុន ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print