ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានផ្ញើលិខិតផ្លូវការមួយ ទៅកាន់អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)ដើម្បីបញ្ជាក់ថា អាមេរិកនឹងបន្តផ្តល់ជំនួយ ក្នុងសកម្មភាពបោសសម្អាតគ្រាប់បែកខ្លួន ដែលទម្លាក់លើទឹកដីខ្មែរកាលពីអតីតកាល

ចែករំលែក៖

ភ្នំពេញ ៖ លិខិតផ្លូវការមួយរបស់ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានផ្ញើទៅកាន់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) ដើម្បីបញ្ជាក់ថា អាមេរិកនឹងបន្តផ្តល់ជំនួយ ក្នុងសកម្មភាពបោសសម្អាតគ្រាប់បែកខ្លួន ដែលទម្លាក់លើទឹកដីខ្មែរកាលពីអតីតកាល កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បន្ទាប់ពីអង្គការ NPA ដែលជាអង្គការដៃគូជាមួយស៉ីម៉ាក់ បានផ្តល់ព័ត៌មានថា ស្ថានទូតអាមេរិក បានសំរេចកាត់ផ្តាច់ជំនួយមនុស្សធម៌របស់ខ្លួនមកស៉ីម៉ាក់ ចាប់ពីដើមខែមករា ឆ្នាំ២០១៨តទៅ​ ដោយគ្មានការបញ្ជាក់ហេតុផលអ្វីច្បាស់លាស់ឡើយ កាលពីថ្ងៃទី៦ ខែវិចិ្ឆកា ឆ្នាំ២០១៧ ។ ភ្លាមៗបន្ទាប់ពីប្រកាសផ្តាច់ជំនួយនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លើយតបភ្លាមៗថា រាជរដ្ឋាភិបាលកម្ពុជា ធានាគ្រប់យ៉ាងដោយឲ្យស៉ីម៉ាក់ បន្តសកម្មភាពរបស់ខ្លួន ដូចដើមមិនមានការដកថយឡើង ។

លោក ហេង រតនា បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា «នៅល្ងាចថៃ្ងទី១៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៧នេះ​ ខ្ញុំបាទទទួលលិខិតពី ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅភ្នំពេញ​ ដោយបានបញ្ជាក់ពីការសម្រេចចិត្ត បន្តជំនួយសំរាប់គាំទ្រកម្លាំបប្រតិបតិ្តការស៉ីម៉ាក់ បន្តចំនួន២ខែទៀត គឺខែមករា​ និងខែកុម្ភៈ ឆ្នាំ២០១៨​ ប្រយោជន៍លើកចិត្តឲ្យ អង្គភាពស៉ីម៉ាក់ រៀបចំខ្លួនបន្តចូលរួមដេញថ្លៃ សំរាប់បន្តគំរោង ឆ្នាំ២០១៨»ហើយការផ្តល់ជំនួយរយៈពេល២ខែនេះ មានទឹកប្រាក់ប្រហែល៣៥ម៉ឺនដុល្លារអាមេរិក។

ជាមួយនឹងការសម្រេចចិត្ត ផ្តល់ជំនួយសម្រាប់សកម្មភាពបោសសម្អាត គ្រាប់បែករបស់ខ្លួននេះ លោកអគ្គនាយក ហេង រតនា បានបង្ហាញនូវសង្ឃឹមថា ជាមួយការបន្តផ្តល់ជំនួយរបស់អា​មេរិកនេះ​ អាចបន្ថយការលំបាករបស់រាជរដ្ឋាភិបាល​ និងបានបង្ហាញនូវការបន្តរួមគ្នាដោះស្រាយវិបត្តិ សំណល់ជាតិផ្ទុះពីសង្គ្រាម។

លោក ហេង រតនា បានបន្តទៀតថា «ខ្ញុំយល់ថា​ រដ្ឋាភិបាលអាមេរិក និង​រាជរដ្ឋាភិបាល​ នៅតែជាដៃគូយ៉ាងសំខាន់ ក្នុងការដោះស្រាយវិបតិ្តនេះ [គ្រាប់បែក]​ សូមអរគុណចំពោះការបន្ត ជួយគាំទ្រនេះ​ ហើយកំលាំងស៉ីម៉ាក់បន្តខិតខំលុបបំបាត់នូវមរតកដ៏អាក្រក់មួយនេះ ចេញពីទឹកដីនិងប្រជាជនកម្ពុជា»។

ការប្រកាសបន្តផ្តល់ជំនួយ ដល់ស៉ីម៉ាក់របស់ស្ថានទូតអាមេរិក ក្នុងសកម្មភាពដោះគ្រាប់បែករបស់ខ្លួន ដែលទម្លាក់លើទឹកដីខ្មែរនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសខ្លាំងៗថា បើទោះបីជាគ្មានជំនួយអាមេរិក ជួយដល់ស៉ីម៉ាក់ប្រមាណ២.៥លានដុល្លារក្នុង១ឆ្នាំៗ ក៏ដោយក៏រាជរដ្ឋាភិបាលកម្ពុជា ធានាក្នុងការបន្តសកម្មភាពដោះគ្រាប់បែករបស់អាមេរិកនេះ ដោយមិនដកខ្លួនថយឡើយ គឺដើម្បីផ្តល់នូវសេចក្តីជូនប្រជាពលរដ្ឋខ្មែរ។

ជាមួយគ្នានេះ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ មហាមិត្តរបស់កម្ពុជាគឺប្រទេសចិន ក៏បានប្រកាសជួយដល់កម្ពុជា ក្នុងសកម្មភាពបោសសំអាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជាឲ្យអស់ ដោយមិនរើសអើងថាជារបស់អាមេរិក ឬប្រទេសដទៃនោះទេ។

នៅក្នុងជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោក លី កឺជាង នាយករដ្ឋមន្ត្រីចិន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន រដ្ឋាភិបាលចិន បានសន្យាថា នឹងជួយឱ្យអស់លទ្ធភាព ដើម្បីបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ឱ្យបានឆាប់រហ័ស ៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print