ខេត្តឧត្តរមានជ័យ ៖ ផ្ទុះមីនតោនមួយគ្រាប់ បង្កការភ្ញាក់ផ្អើលទាំងព្រឹក ខណៈដែលប្រជាកសិករម្នាក់ បានកាប់រំលំដើមឈើនៅក្នុងចំការស្រែរបស់ខ្លួន ដួលទៅចំគ្រប់មីនដែលបានកប់ សេសសល់ពីសម័យសង្រ្គាម។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ ស្ថិតនៅកណ្ដាលវាលស្រែមួយកន្លែង នៅខាងក្រោយប៉ុស្ដិ៍នគរបាលព្រះប្រឡាយ១៥០០ម៉ែត្រ ក្នុងភូមិ ត្រាំចាន ឃុំ ព្រះប្រឡាយ ស្រុកត្រពាំងប្រសាទខេត្តឧត្តរមានជ័យ។
ម្ចាស់ចំការស្រែដែលរងការផ្ទុះគ្រប់មីន ឈ្មោះ ជួប ឆៃ ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបជាកសិករ រស់នៅភូមិឃុំខាងលើ ដោយពុំបណ្ដាលឲ្យមានគ្រោះថ្នាក់អ្វីឡើយ។
ប្រជាពលរដ្ឋនៅក្នុងហេតុការណ៍បានឲ្យដឹងថា ពួកគាត់បានកាប់ផ្ដួលដើមឈើនៅក្នុងស្រែចេញ ដើម្បីឲ្យស្រឡះ ងាយស្រួលក្នុងការបង្កបង្កើនផល និងទទួលបានផលល្អ ខណៈដែលពួកគាត់ បានកាប់ផ្ដួលរំលំដើមឈើមួយដើមក្នុងចំណោមដើមឈើជាច្រើនដែលបានកាប់រំលំ ក៏បានប៉ះចំគ្រប់បែកកប់ក្នុងដីជាច្រើនឆ្នាំនោះផ្ទុះឡើងរញ្ជួយដី ធ្វើឲ្យពួកគាត់មានការភិតភ័យ និងបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចនាំគ្នាមកចោមរោមមើលទាំងព្រឹក។
ក្រោយហេតុការណ៍បានកើតឡើងភ្លាមៗនោះ សមត្ថកិច្ចក៏ដូចជាសមត្ថកិច្ចជំនាញ បានចុះទៅដល់ កន្លែងហេតុការណ៍ ដោយត្រួតពិនិត្យ និងសន្និដ្ឋានថា យុទ្ធភ័ណ្ឌដែលផ្ទុះនេះពិតជាបានសេសសល់កប់ក្រោមដីនាសមយ័សង្គ្រាមពិតប្រាកដមែន មិនមែនមានជនខិលខូចណាម្នាក់យកមកកប់សម្រា់ប៉ុនប៉ងយារយីទៅលើបុគ្គលណាម្នាក់ឡើយ៕ ប៉ែន នួន