ភ្នំពេញ ៖ សមត្ថកិច្ចការិយាល័យសន្តិសុខផ្ទៃក្នុងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា នេះ បញ្ជូនអតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីររូប គឺ លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា ដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ កំពុងស្ថិតក្រោមការសាកសួររបស់លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ថ្មីៗនេះ លោក សឹម វុទ្ធី ស្នងការរងនគរបាលរាជធានីភ្នំពេញ និយាយថា អតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំងពីររូប អាចប្រឈមមុខនឹងការចោទប្រកាន់ពី”បទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឱ្យអន្តររាយការការពារជាតិ” តាមមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ។
បទល្មើសនេះចែងថា “បទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តររាយការការពារជាតិ អំពើប្រគល់ ឬធ្វើឱ្យងាយស្រួលធ្លាក់ដល់ដៃរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវព័ត៌មានវិធី វត្ថុ ឯកសារ ទិន្នន័យព័ត៌មានវិទ្យា ឬសលាកបត្រ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ ត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារពី ៧ឆ្នាំ ទៅ ១៥ឆ្នាំ”។
គួររំលឹកថា លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា ជាអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅក្នុងផ្ទះសំណាក់យីហោ”ម៉ារឌី” ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានការឯកភាពពីលោក អ៊ុំ សុភក្តី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា លួចផលិតអត្ថបទព័ត៌មានបញ្ជូនទៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ជាទីស្នាក់ការរបស់វិទ្យុអាស៊ីសេរី ដោយរំលោភច្បាប់កម្ពុជា៕ ចេស្តា