នី មុន្នីនាថដាក់លិខិតសុំមេធាវីការពារក្តីពីសមាគមសិល្បករខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីចេញដីកាកោះហៅឲ្យចូលខ្លួនមកបំភ្លឺនៅតុលាការនៅថ្អៃទី២២ ខែវិច្ឆិកា តារាសម្តែងនាងនី មុន្នីនាថ បានដាក់លិខិតស្នើសុំទៅកាន់ប្រធានសមាគមសិល្បករខ្មែរ ដើម្បីចាត់ចែងមេធាវីជួយការពារក្តីសម្រាប់រូបនាងពីការប្តឹងរបស់អីតតគូដណ្តឹង ។ ស្នើសុំមេធាវី ព្រោះតែនាងលើកហេតុផងថា មិនសូវយល់ពីបញ្ហាច្បាប់ និងនីតិវិធីរបស់មន្ត្រីតុលាការ ។

បើយោងតាមពាក្យស្នើសុំរបស់នី មុន្នីនាថមកសមាគមសិល្បករខ្មែរបានឲ្យដឹងថា នាងសុំស្នើដល់សមាគមសិល្បករខ្មែរជួយពឹងពាក់មេធាវីមួយរូបដើម្បីការពារក្តីឲ្យរូបនាងក្នុងវិវាទនៅតុលាការជាមួយឈ្មោះអ៊ឹង សូឡាង ។ លិខិតដដែលបង្ហាញថាឈ្មោះអ៊ឹង សូឡាងជាអតីតគូដណ្តឹងបានប្តឹងនាងទៅកាន់សាលាដំបូងរាជធានីភ្នំពេញដោយអយុត្តិធម៌បំផុតតាមពាក្យបណ្តឹងចុះថ្ងៃទី២៨កញ្ញាឆ្នាំ២០១៧ ។ ជំហរនី មុន្នីនាថ មកពីនាងមិនច្បាស់បញ្ហាផ្នែកច្បាប់ និងនិតិវិធីនៅតុលាការដើម្បីការពារក្តីរួមនឹងការការពារផលប្រយោជន៍ស្របច្បាប់ដល់រូបនាងលើសំណុំរឿងមួយនេះ ។ ទោះជាយ៉ាងណាលិខិតនោះបានមកដល់ដៃអ្នកនាង ចនច័ន្ទ លក្ខិណា ដែលជាប្រធានសមាគមរួចហើយដោយនៅក្នុងនោះសមាគម ក៏បានចាត់ចែងរកមេធាវីឲ្យនី មុន្នីនាថ រួចហើយដែរ​ ដើម្បីការពារក្តីឲ្យតារារូបនាពេលនេះ ។

យោងតាមពាក្យបណ្តឹងដែលចុះហត្ថលេខាដោយមេធាវីរបស់លោកអ៊ឹង សូឡាងកាលពីចុងខែកញ្ញាឲ្យដឹងទៀតថា”មូលហេតុនៃការទាមទារពីដើមចោទ (អ៊ឹង សូឡាង)គឺដោយសារការដែលបានស្គាល់គ្នានិងស្រឡាញ់គ្នាជាមួយចុងចម្លើយ (នី មុន្នីនាថ) នៅឆ្នាំ២០១៤ដោយព្រមព្រៀងដោយច្បាស់លាស់ថា នឹងយកគ្នាជាប្តីប្រពន្ធនៅថ្ងៃអនាគតទើបដើមចោទបានរៀបចំធ្វើពិធីភ្ជាប់ពាក្យដោយមានឪពុកម្តាយទាំងសងខាងយ៉ាងត្រឹមត្រូវ ។ នៅថ្ងៃភ្ជាប់ពាក្យភាគីចុងចម្លើយបានទាមទារបំពាក់ជូនចុងចម្លើយនូវគ្រឿងអលង្ការដូចជាខ្សែ.កពេជ្រ,ចិញ្ចៀនពេជ្រនិងក្រវិលពេជ្រមានតម្លៃ៣ម៉ឺន៧ពាន់ដុល្លារ ។ ម្យ៉ាងទៀតដោយសារដើមចោទជាអាណិកជនរស់នៅសហរដ្ឋអាមេរិក ដើមចោទខិតខំព្យាយាមបំពេញបែបបទធានាយកចុងចម្លើយទៅរស់នៅសហរដ្ឋអាមេរិក ។ ប៉ុន្តែនៅថ្ងៃទី១៦ខែមីនាឆ្នាំ២០១៧បន្ទាប់ពីចុងចម្លើយបានទទួលវីសាឲ្យទៅអាមេរិកបែរជាមិនទៅថែមទាំងលប់ចោលការភ្ជាប់ពាក្យរវាងដើមចោទថែមទៀតផង ដោយលើកហេតុផលថា ដើមចោទមិនចេះប្រើពាក្យផ្អែមជាមួយចុងចម្លើយ ដែលជាមូលហេតុមិនត្រឹមត្រូវនោះទេ” ។

គួរបញ្ជាក់ដែរថា តារាសម្តែងទឹកភ្នែក នី មុន្នីនាថត្រូវបានលោកអ៊ុក សុវណ្ណារិទ្ធ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅឱ្យ ចូលទៅបំភ្លឺរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ ពាក់ព័ន្ធនឹងពាក្យបណ្តឹងរបស់អតីតគូដណ្តឹង ។ បណ្តឹងនេះ ធ្វើឡើងក្រោយពីគូដណ្តឹងប្តឹងទាមទារប្រាក់ចំនួន១២ម៉ឺនដុល្លារអាមេរិកដែលលោកធ្លាប់ប្រគល់ឲ្យកាលនៅល្អូកល្អឺននឹងគ្នា៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print