ភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិកើតចេញពីការច្របាច់បញ្ចូលគ្នារវាងគណបកកសសម រង្ស៊ីនិងគណបក្សសិទ្ធិមនុស្សត្រូវបានសម្រេចរំលាយជាផ្លូវការតាមសាលដីកាតុលាការកំពូលក្រោយពីជំនុំជម្រះ និងប្រកាសជាសាធារណៈនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ សាលដីកាបិទផ្លូវតវ៉ានេះក៏បានហាមឃាត់បុគ្គលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន១១៨រូប មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ គិតពីកាលបរិច្ឆេទប្រកាសសាលដីកានេះតទៅ។ ការសម្រេចរបស់តុលាការកំពូលនេះត្រូវបានស្វាគមន៍និងទទួលយកពីស្ថាប័នជាតិ សង្គមស៊ីវិល និង ប្រជាពលរដ្ឋភាគច្រើនរួមទាំងបរទេសមួយចំនួនដែលគាំទ្របុព្វហេតុសន្តិភាព ស្ថិរភាពជាតិ និងការអភិវឌ្ឍ របស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បើទោះបីជាមានប្រតិកម្មតបពីបក្សប្រឆាំង និងជនបរ ទេសមួយមួយចំនួនដែលគាំទ្របក្សប្រឆាំងរៀបចំផែនការបំផ្លាញជាតិក្បត់កម្ពុជាក៏ដោយ។ តើសាលដីកានេះមានន័យយ៉ាងណាសម្រាប់កម្ពុជា?
ទី១-ការសម្រេចរបស់តុលាការកំពូលធ្វើឡើងនៅក្នុងបរិបទកម្ពុជាពេលនេះដែលប្រឈមនឹងការ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីសំណាក់បរទេសមួយចំនួន និងការគំរាមកំហែងលើសន្តិភាពកម្ពុជាដោយសារតែផែនការបដិវត្តន៍ពណ៌របស់បក្សប្រឆាំងឃុបឃិតជាមួយបរទេស។ សាលដីកានេះបានពង្រឹងស្មារតីគោរពនិងអនុវត្តតាមរដ្ឋធម្មនុញ និងច្បាប់ជាធរមានរបស់រដ្ឋ ស្របតាមគោលការណ៍នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ សាលដីកានេះគឺជាការពង្រឹងពង្រីកស្មារតីស្នេហាជាតិមាតុភូមិក្នុងចំណោមពលរដ្ឋខ្មែរទាំងអស់ដើម្បីការពារសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍ ជាពិសេសគឺការពារឯករាជ្យភាព អធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិកម្ពុជា។តើ ហេតុអ្វីបានជាជនបរទេសមួយចំនួនព្យាយាមក្នុងការបំប៉ោងស្ថានការណ៍ និងបំភ័ន្តមតិសាធារណៈលើស្ថានភាពពិតនៅកម្ពុជាបែបនេះ?
ទី២-នៅចំពោះមុខនៃការធ្វើសកម្មភាពរបស់បក្សប្រឆាំងបំផ្លាញជាតិ និងផលប្រយោជន៍ប្រជាជនកម្ពុជាជាមួយ ជនជាតិបរទេសនានាដែលមានគំនិតមិនឱ្យខ្មែរបានសុខនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ បានប្រកាសប្រាប់ទៅបរទេសជាមុនថា កម្ពុជាកំពុងអនុវត្តច្បាប់ប្រទេសរបស់ខ្លួន បើទោះបីមានអ្វីកើតឡើងក៏ដោយ អ្នកទាំងនោះ មិនត្រូវធ្វើអ្វីដូចអតីតកាល ដូចជាគាំទ្រសេនាប្រមុខ លន់ នល់ នោះទេ។ លោកសង្ឃឹមថា បរទេសទាំងអស់ នឹងមិនប្រព្រឹត្តនូវរឿងច្រំដែល ដូចអតីតកាលនោះទៀតឡើយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សង្ឃឹមថា ប្រជាពលរដ្ឋ ដែលបានរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ៤០ឆ្នាំមកនេះ នឹងទទួលបានផល ប្រយោជន៍ពីសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាតទៅទៀត។ បរទេសខ្លះដែលបានយកគណបក្សសង្គ្រោះជាតិធ្វើជាខែល ក្នុងការប្រឆាំងនឹងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជា គួរតែបញ្ឈប់ទៅ ព្រោះពេលនេះប្រជាជនកម្ពុជា និងពិភពលោកទាំងមូលបានដឹងហើយថា នរណាជាអ្នកស្រឡាញខ្មែរពិតប្រាកដនោះ។ សូមកុំព្យាយាមកម្ទេចប្រទេសមួយដែលខ្លួនមិនពេញចិត្ត សូមកុំផ្លាស់ប្តូរមេដឹកនាំនៃប្រទេសមួយដែលមិនគាំទ្រគោលនយោបាយខ្លួន ឬមិនបម្រើផលប្រយោជន៍ឱ្យខ្លួនក្រោមលេសលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទៀតឱ្យសោះ!
ទី៣-ពលរដ្ឋខ្មែរពិតជាមិនអាចទទួលយកបានឡើយនូវទង្វើរបស់ជនបរទេសមួយចំនួនដូចជាព្រឹទ្ធសមាជិកសភាអាមេរិក ចន ម៉ាក់ខេន ដែលគេដឹងថាជាមេគំនិតនៅពីក្រោយបដិវត្តន៍ពណ៌នៅប្រទេសអ៊ុយក្រែន ដែលតែងតែព្យាយាមក្នុងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា។ ចន ម៉ាក់ខេន ពិតជាមានការខកចិត្តខ្លាំងដែលបក្សមួយដែលខ្លួនព្យាយាមប្រើប្រាស់ប្រឆាំងនឹងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាត្រូវបានរំលាយចោល? ហេតុដូច្នេះបានជាសមាជិកព្រឹទ្ធសភារូបនេះបានព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទាំងងងើលនិងព្យាយាមដាក់សម្ពាធមកលើកម្ពុជាទាំងទទឹងទិស ដោយមិនបានពិនិត្យស្ថានការណ៍ឱ្យបានច្បាស់លាស់ ដោយត្រឹមតែជឿងុបលើរបាយការណ៍អាក្រក់ពីកម្ពុជារបស់បក្សប្រឆាំងតែប៉ុណ្ណោះ។ កម្ពុជាអរគុណចំពោះប្រទេសជាមិត្តផ្សេងទៀតដែលយកចិត្តទុកដាក់ចំពោះកម្ពុជា ប៉ុន្តែប្រទេសទាំងនោះគួរទទួល ស្គាល់អំពីឆន្ទៈប្រជាពលរដ្ឋខ្មែរដែលត្រូវការការពារសន្តិភាព និងការអភិវឌ្ឍដែលខ្លួនមាន។ ប្រសិនបើកម្ពុជា មិនចាត់វិធានការផ្លូវច្បាប់រំលាយបក្សក្បត់ជាតិនេះទេ និងទុកឱ្យបក្សនេះប្រព្រឹត្ត និងធ្វើសកម្មភាពបែបកន្លងមកនោះ វានឹងឈានដល់ការបំផ្លាញលទ្ធិប្រជាធិបតេយ្យ ហើយឈានអោយមានសង្រ្គាមនៅកម្ពុជាវិញផងដែរ ព្រោះបក្សប្រឆាំងបានប្រើប្រាស់វោហារសាស្ត្រស្អប់ខ្ពើម រើសអើងពូជសាសន៍ និងញុះញង់ឱ្យមានជម្លោះ វណ្ណៈក្នុងសង្គមដោយមិនគិតពីផលអាក្រក់ដែលធ្វើឱ្យបែកបាក់ជាតិ បែកបាក់សាមគ្គីសង្គមឡើយ។
ទី៤-នៅពេលនេះ ទោះជាគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយសារតែអំពើឃុបឃិតជាមួយបរទេស ប៉ុន្តែកម្ពុជានៅតែមានគណបក្សជាច្រើនទៀត ចូលរួមក្នុងការបោះឆ្នោតដែរ ហើយពេលឆាប់ៗខាងមុខនេះ អាសនៈដែលនៅទំនេររបស់គណបក្សសង្គ្រោះជាតិទាំងនៅរដ្ឋសភា ក្រុមប្រឹក្សាឃុំសង្កាត់ ស្រុកខ័ណ្ឌ ខេត្តរាជធានីនឹងត្រូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរៀបចំបែងចែកឡើងវិញដល់គណបក្សនយោបាយដែលចូលរួមប្រកួតការបោះឆ្នោតនាពេលកន្លងទៅដោយឈរលើមូលដ្ឋានច្បាប់ដែលមានជាធរមាន។ នៅពេលខាងមុខដ៏ខ្លី កម្ពុជានឹងមានគណបក្សប្រឆាំងយ៉ាងហោចបីនៅក្នុងរដ្ឋសភា ហើយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅពេលនោះអាចនឹងដំណើរការល្អជាងនៅពេលដែលមានគណបក្សសង្គ្រោះជាតិនៅក្នុងរដ្ឋសភាទៅ ទៀតព្រោះគណបក្សសង្គ្រោះជាតិដែលទទួលបានអាសនៈ ៥៥ នៅក្នុងរដ្ឋសភា មិនបានបំពេញតួនាទីស្រប តាមរដ្ឋធម្មនុញ្ញឡើយ ប៉ុន្តែបែរជាអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញ និងច្បាប់ ដោយក្បត់ជាតិ ក្បត់ប្រជាជនកម្ពុជា។ វត្តមានបក្សជាច្រើនក្នុងរដ្ឋសភាខាងមុខគឺជាការបញ្ជាក់ពីភាពរស់រវើកនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស មិនមែនជាប្រទេសឯកបក្សដូចអ្វីដែលជនបរទេសស្រឡាញ់ខ្មែរជាងខ្មែរមួយចំនួន លើកឡើងនោះ ហើយក៏កាន់តែឆ្ងាយថែមទៀតពីការប្រកាសរបស់ក្រុមអ្នកនយោបាយអតីតបក្សសង្គ្រោះជាតិដែលចោទ ថារដ្ឋសភាកម្ពុជាឯកបក្សនោះ។
ទន្ទឹមនឹងការអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ក្រោយពេលរំលាយ គណបក្សសង្រ្គោះជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តរក្សាការប្តេជ្ញាចិត្តយ៉ាងមុតក្នុងការការពារដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកកម្ពុជា ហើយការបោះឆ្នោតនាពេលខាងមុខនឹងត្រូវប្រព្រឹត្តទៅក្រោមការចាត់ចែង រៀបចំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលជាស្ថាប័នឯករាជ្យ ក្នុងនោះការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានឹងត្រូវរៀបចំនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៨ ហើយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនឹងត្រូវរៀបចំធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ដែលជា ការបោះឆ្នោតជាមូលដ្ឋាននៃការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ៕ ដោយ ពល ពានរិន្ទ