ច្រកអូររំដួល ច្រកដូង ច្រកបឹងឆ្នាំង អនុញ្ញាតឲ្យប្រហិត សាច់មាន់ ចុងស្លាបមាន់ ជង្គង់មាន់ ទា ចូលតាមអំពើចិត្ត

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋងាយនឹងរងគ្រោះប៉ះពាល់សុខភាដ៏ធ្ងន់ធ្ងរ ប្រសិនបើសមត្ថកិច្ច គយ កាំកុងត្រូល នគរបាលអន្តោប្រវេសន៍មិនបានយកចិត្តទុកដាក់ទប់ស្កាត់ពីការហូរចូលដោយខុសច្បាប់នូវចំណីអាហារមានជាតិពុល មានដូចជាប្រហិត ដែលជាផលិតផលមានដើមកំណើតពីសត្វ សាច់មាន់ សាច់ទា ចុងស្លាបមាន់ ជង្គង់មាន់ ជាមួយនឹងគ្រឿងក្នុងមាន់ ទា ជាដើម។

មេគយខេត្តបាត់ដំបង លោក ឈុន សុភមង្គល មិនទាន់យកចិត្តទុកដាក់ក្នុងសកម្មភាពអាហារមានជាតិពុល ឬគ្មានគុណភាពហូរចូលតាមច្រកបឹងឆ្នាំង ច្រកអូររំដួល និងច្រកដូងនៅឡើយទេមកទល់នឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។

មិនតែប៉ុណ្ណោះ មន្ត្រីរបស់គាត់តាមច្រកឲ្យរថយន្តសុទ្ធតែប្រភេទយីឌុបចូលដឹកប្រហិត ដូចហែកឋិនពីទឹកដីថៃយកមកចែកចាយនៅរាជធានីភ្នំពេញ ក្នុងនោះ ប្រហិតក្នុងមួយរថយន្តយីឌុប បានផ្ទុកមិនតិចជាង១២តោនទៅ១៥តោន ប៉ុន្តែការបង់ពន្ធនាំចូលលើឯកសារប្រតិវេទគយបង់ពន្ធស្របច្បាប់ច្រើនបំផុត ១ឡានពី៥ទៅ៦តោនប៉ុណ្ណោះ ។ ក្រៅពីនេះ គឺជាអំពើឃុបឃិតគ្នា ពុករលួយ លក្ខណៈប្រព័ន្ធ មិនតែប៉ុណ្ណោះ ការហូរចូលប្រហិត សាច់មាន់ដាក់ទឹកកក ចុងស្លាបមាន់ ជង្គង់មាន់ គ្រឿងក្នុងមាន់ទាជាដើម។ល។ សុទ្ធតែពុំបានពិនិត្យសុខភាពឲ្យបានត្រឹមត្រូវ ដូច្នេះ ប្រជាពលរដ្ឋដែលជាអ្នកបរិភោគអាចរងគ្រោះប៉ះពាល់សុខភាពធ្ងន់ធ្ងរ រហូតដល់គេហ៊ានទម្លាក់កំហុសដ៏ធ្ងន់ធ្ងរទៅលើមន្ត្រីទាំងនោះថា អំពើពុករលួយរបស់សមត្ថកិច្ចច្រកអូររំដួល ច្រកដូង មានគយ កាំកុងត្រូល នគរបាលអន្តោប្រវេសន៍ ចំពោះភាពធូររលុងនេះ គឺមានចេតនាសម្លាប់ប្រជាពលរដ្ឋជាលក្ខណៈប្រយោល។

ប្រហិតក៏ដូចជាសាច់មាន់ សាច់ទា គឺជាអាហារដែលត្រូវបានត្រួតពិនិត្យពីមន្ត្រីជំនាញ់ពាក់ព័ន្ធ ទើបអនុញ្ញាតឲ្យនាំចូល ក្នុងនោះក៏ជាប្រភេទទំនិញជាប់អញ្ញត្តិ ដូច្នេះ ឈ្មួញមុននឹងនាំចូលបាន ក៏ដូចជាមានសិទ្ធិបង់ពន្ធ លុះណាតែមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប៉ុន្តែជាទម្លាប់ក្រុមឈ្មួញ និងសមត្ថកិច្ចនៅទីនោះ អនុញ្ញាតឲ្យនាំចូលរបៀបលោតឆត្រ សូម្បីតែលោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលស្គាល់ថា ការនាំចូលបែបនេះជាអំពើខុសច្បាប់ ក្នុងនោះលោករដ្ឋមន្ត្រីធ្លាប់ប្រាប់អង្គភាពនគរដ្រេហ្គនតាមទូរស័ព្ទផងដែរថា កន្លងមក សមត្ថកិច្ចមន្ត្រីរបស់គាត់មិនមានវត្តមានតាមព្រំដែន ម្ល៉ោះហើយលំបាកក្នុងការបង្ក្រាប ប៉ុន្តែបើមានការនាំចូលក្នុងស្រុក លោកនឹងបង្ក្រាបចាប់ ពីព្រោះជាប្រភេទទំនិញជាប់អញ្ញត្តិ ។

មេគយខេត្តបាត់ដំបង កន្លងទៅពុំបានទទួលស្គាល់ពីអំពើពុករលួយទាំងនេះ ដែលគេសង្ស័យថា មេៗសាខាគយខេត្តបាត់ដំបងអាចនឹងពាក់ព័ន្ធផលប្រយោជន៍ណាមួយពីច្រកអូររំដួល ច្រកដូង ដែលជាកូនចៅរបស់ខ្លួន? គេទទួលស្គាល់ថា នៅច្រកអូររំដួល និងច្រកដូង មានគយប្រចាំច្រក មានជំនាញកាំកុងត្រូល មាននគរបាលអន្តោប្រវេសន៍ និងគយចល័តជាច្រើនក្រុមបន្ថែមទៀតតាមដងផ្លូវ ប៉ុន្តែមិនមានវិធានការបង្ក្រាប ដោយពួកគេទម្លាប់ត្រឹមតែ ទទួលប្រាក់ពីអ្នកបើកបរ ដឹកទំនិញទាំងនោះចូលបង់ប្រាក់តែប៉ុណ្ណោះ តាំងពីគយចល័តខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល និងគយចល័តរាជធានីភ្នំពេញ។

ក្រៅពីទំនិញជាប់អញ្ញត្តិ ក៏គេទម្លាយផងដែរថា ទំនិញហូរចូលតាមច្រកអូររំដួល និងច្រកដូង ភាគច្រើនបង់ពន្ធមិនគ្រប់ ក៏ដូចជាករណីខ្លះ ទំនិញបង់ពន្ធនាំចូលខ្ពស់ មកធ្វើបែបបទជាទំនិញបង់ពន្ធទាបដូចជាគ្រឿងចាប់ហួយជាដើម និងបង់ពន្ធមិនគ្រប់ថែមទៀត។ ឲ្យតែមន្ត្រីគយតាមបណ្តាច្រក និងមេសាខាខេត្តបាត់ដំបង មិនបានទទួលខុសត្រូវតាមភារកិច្ចតួនាទី ប្រមូលពន្ធត្រឹមត្រូវតាមផែនការអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ដូចជាគោលការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថគេទទួលស្គាល់ថា ច្រកទាំងពីរខាងលើនេះអាចនឹងធ្វើឲ្យបាត់បង់ចំណូលពន្ធនាំចូលក្នុងមួយខែៗរាប់សិបម៉ឺនដុល្លារ ហើយថវិកាទាំងនេះ គ្រាន់តែជាទម្លាប់នៃអំពើពុករលួយបែងចែកគ្នា រវាងមន្ត្រីដែលជាមេច្រក និងមេសាខា ក៏ដូចជាមេខាងលើទៀត សុទ្ធតែជាអំពើល្មើសច្បាប់ និងមានចេតនាបំផ្លាញចេតនារបស់ជាតិ៕ សុខ ខេមរា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print