ភ្នំពេញ៖ បុរស៣នាក់បានរងរបួសធ្ងន់ ដោយសារពួកគេជិះម៉ូតូវីវ៉ាមួយគ្រឿងរួចបត់ត្រឡប់ក្រោយដោយជិះបញ្ច្រាសផ្លូវត្រូវរថយន្តមកពីក្រោយបុកពីមុខពេញទំហឹង ។
កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ បុរស៣នាក់ជិះម៉ូតូវីវ៉ា មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ 1AG-8044 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែម៉ូតូវីវ៉ានោះបានបង្អន់ល្បឿន រួចបត់ត្រឡប់ទៅក្រោយវិញ ដោយមិនដឹងថា ពួកគេទាំងនោះចង់ទៅណាវិញទេ ហើយថែមទាំងជិះបញ្ច្រាសផ្លូវថែមទៀត ខណៈនោះដែរ ក៏មានរថយន្តតូយូតា ហាយយ៉ាក់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2R-6557 បើកដោយបុរសម្នាក់ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទិសដៅស្របគ្នាមកពីក្រោយ បានវ៉ាក់និងម៉ូតូនោះ ក៏ជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសទាំង៣នាក់ហោះបោកផ្ទប់និងកញ្ចក់ ដោយម្នាក់រងរបួសបាក់ជើង និងបែកក្បាល និងបែកប្រអប់ជើងហូរឈាមពេញផ្លូវ ចំណែករថយន្តកៀបជាប់ជាមួយនឹងម៉ូតូនៅក្រោមកង់អូសជាង១០ម៉ែត្រទើបទៅមុខលែងរួច ។ ភ្លាមៗនោះដែរសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុនិងទាក់ទងទៅរថយន្តសាមុយក្លីនិកឯកជនមកដឹកយកបុរសទាំង៣នាក់នោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានឃាត់ម្ចាស់រថយន្តនិងធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីរងចាំការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕
...
ដោយ៖ សុខា សែនជ័យ