យុវជនម្នាក់ជនជាតិប្រេស៊ីល ស្រាប់តែវង្វេងស្មារតី ខាំអ្នកដំណើរអង្គុយនៅកៅអីក្បែរខ្លួននៅលើយន្តហោះមុនពេលស្លាប់ ។ តាមលទ្ធផលស្រាវជ្រាវ យុវជនខាងលើបានលេបកូកាអិន រហូតដល់ទៅ០,៨គីឡូក្រាម ហើយថ្នាំនោះក៏បានបែកចេញពីស្រោមធ្លាក់ចូលក្នុងក្រពះទើបបង្កឲ្យមានហេតុការណ៍បែកថ្នាំនេះកើតឡើង ។
យុវជនខាងលើមានឈ្មោះ John Kennedy Dos Santos Gurjao អាយុ២៤ឆ្នាំ បានធ្វើដំណើរតាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Air Lingus ពីទីក្រុង Lisboaប្រទេសព័រទុយហ្គាល ទៅកាន់ទីក្រុង Dublin ប្រទេសអៀកឡង់ ។ អ្នករួមដំណើរអង្គុយក្បែរនោះ បាននិយាយថា យុវជនខាងលើមានអាការៈកន្ទ្រាក់ក្បាលញ័រ មិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនបាន ។ ភ្លាមៗនោះ យុវជនខាងលើក៏បានប្រកាច់ននៀលនៅលើយន្តហោះគ្រប់គ្រងខ្លួនឯងមិនបាន ។ បុគ្គលិកសុខាភិបាលនៅលើយន្តហោះបានខិតខំគ្រប់គ្រង ជួយសង្គ្រោះយុវជនខាងលើ ។
ក្រោយមានហេតុការណ៍បែបនេះ អាកាសយានិកក៏បានបញ្ចាយន្តហោះចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានទីក្រុង Cork ក្រោយការហោះហើរបានរយៈពេល៤០នាទីប៉ុណ្ណោះ។ យុវជនខាងលើបានស្លាប់នៅក្នុងអាកាសយានដ្ឋាន Cork ចំណែកអ្នកដែលរួមដំណើរទាំង 168នាក់ ត្រូវបានបញ្ចូនតាមរថយន្តក្រុងទៅកាន់ទីស្នាក់ការប៉ូលិសដើម្បីសាកសួរពីមូលហេតុ ។
ក្រោយការពិនិត្យសាកសព ក្រុមគ្រូពេទ្យបានរកឃើញកូកាអ៊ិនជាង 0,8 គីឡូក្រាម មាន៨០គ្រាប់គិតជាតម្លៃប្រមាណ៤ម៉ឺនផោន ។ ថ្នាំនោះ ក៏បានធ្លាក់ចូលក្នុងពោះវៀនប៉ុន្មានគ្រប់ទើបបណ្តាលឲ្យស្លាប់បែបនេះ ៕
ប្រែសម្រួល៖ ម៉ែវ សាធី