រោងចក្រ​កែ​ច្នៃ​ជ័រកៅស៊ូ​​ក្រុមហ៊ុន​មេគង្គ​ហ្គ្រី​ន​ខូ​អិ​ល​ធី​ឌី​ បង្កផលប៉ះពាល់បរិស្ថាននិងការរស់នៅប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តនគិរីៈ​រោងចក្រ​កែ​ច្នៃ​ជ័រកៅស៊ូ​របស់​ក្រុមហ៊ុន​ មេគង្គ​ហ្គ្រី​ន​ខូ​អិ​ល​ធី​ឌី​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៨​ ពី​ក្រុង​បាន​លុង​ទៅ​ស្រុក​អូ​រយ៉ា​ដាវ​ ក្នុង​ចំណុច​ភូមិ​ជ្រុង​ ឃុំ​កក់​ ស្រុក​បរ​កែវ​ ខេត្ត​រតនគីរី​ កំពុងបំពុលបរិស្ថាន បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ជាប់​នោះ​ ដោយធ្វើឲ្យមានក្លិន​ជ័រកៅស៊ូ​ និង​ក្លិន​ទឹក​ស្អុយសាយភាយ​ចេញពី​រោងចក្រនេះដល់លំនៅដ្ឋានរបស់ពួកគាត់ ។​ ​

​ ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​នេះបានឲ្យដឹង​ថា​ រោងចក្រ​កែ​ច្នៃ​ជ័រកៅស៊ូ​នេះបានបង្ក​ ជះក្លិន​ស្អុយ​ជ័រកៅស៊ូ​ចេញពី​រោងចក្រ​យ៉ាង​ខ្លាំង​ ហើយ​មាន​ជាតិ​អាស៊ីត​ ជ្រាប​ចូល​ក្នុង​អណ្ដូងទឹក​ ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​ទឹក​អណ្ដូង​របស់​ពួក​គាត់​មាន​ផល​ប៉ះពាល់​ដល់​សុខភាពខ្លាំងណាស់​ ទោះបី​កន្លង​មក​ប្រជាពលរដ្ឋ​ បាន​ប្ដឹង​ទៅអាជ្ញាធរដែនដីជួយដោះស្រាយក៏នៅ​តែ​ទៅ​មិន​រួច​ឡើយ។​

ចំណែកលោកស៊ី ម៉ៅ ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​កក់បានមានប្រសាសន៍ថា​ ប្រជាពលរដ្ឋ​រស់នៅ​ជិត​នោះ​ពិបាក​រស់នៅ​ណាស់​ ដោយសារ​តែ​ក្លឹ​ន​ស្អុយ​នេះ​ ម្យ៉ាងទៀត​ទឹក​ដែល​ដក់​នៅ​ខាងក្រោយ​រោងចក្រ​ ជា​កន្លែង​ស្តុក​ទឹក​នោះ​ក៏​កើតសត្វ​មូស​ច្រើនថែម​ទៀត​ ជា​ពិសេស​ គឺ​ជាតិ​ អាស៊ីត​ ដែល​គេ​បង្កកជ័រកៅស៊ូ​ បាន​ជ្រាប​ចូល​ទៅ​ក្នុង​អណ្ដូងទឹក​ របស់​ប្រជាពលរដ្ឋ​ជិត​នោះ​ ជាក់ស្ដែងអណ្ដូងទឹក​របស់​លោក​ ដែល​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ប្រើប្រាស់​ជាមួយ​ ៨​គ្រួសារ​ ក៏​ជាតិ​អាស៊ីត​ជ្រាប​ចូល​ដែរ​ ប្រើ​បាន​តែ​មុ​ជ​ទេ​ យកទៅផឹកឬដាំបាយ​មិនកើត​ទេ។​​

ទាក់ទិនបញ្ហានេះ​លោក​ ផុ​ន​ ខេ​ម​រិ​ន្ទ​ ប្រធាន​មន្ទី​បរិស្ថាន​ខេត្តរតនគិរី​ បាន​បញ្ជាក់​ថា ជុំវិញ​បញ្ហា​ក្រុមហ៊ុន​នេះ​ លោក​បាន​ចុះអ​ប់​រំ​ ណែ​នាំ​រួច​ហើយ​ ពាក់ព័ន្ធ​ទៅ​នឹង​អនាម័យ​ បរិស្ថាន​ ដោយ​មិន​អនុញ្ញាតឲ្យ​ធ្វើ​អ្វី​ ដែល​នាំ​ឲ្យ​​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ​ ប៉ុន្តែ​នៅ​ពេល​ថ្មីៗ​នេះ​ លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ពី​ផល​ប៉ះពាល់​នៅឡើយ​ទេ​ តែបើ​មាន​​ លោក​នឹង​ចាត់​កម្លាំង​មន្ទីរ​របស់​លោក​ ចុះ​ទៅ​ទីតាំង​នោះ​ ដើម្បី​ពិនិត្យ​មើល​ថា​ តើ​ផល​ប៉ះពាល់​នេះ​ដល់ក​ម្រឹត​ណា​ នឹង​ធ្វើការ​សម្របសម្រួល​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បន្ត​ទៀត​។

​យ៉ាងណាប្រជាពលរដ្ឋបានលើកឡើងថា ក្រុមហ៊ុន​ ដែល​មានឈ្មោះ​ មាន​យីហោ​ត្រឹមត្រូវ​ មិន​គួរ​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ ​ដូច្នេះ​ទេ​។​ គេឃើញ ជ័រកៅស៊ូ​ដែល​មាន​ក្លិន​អា​សោច​ ត្រូវ​បាន​គេ​ដាក់​ពាស​វាល​ ពាស​កាល​ មិន​មានការ​រៀបចំ​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស​នោះ​ទេ​។​

ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរ​ ស្ថា​ប័​ន្ធ​ជំនាញ​ពាក់ព័ន្ធ​ និង​ ក្រសួង​គួរតែ​ពិនិត្យ​ឡើង​វិញ​នូវ​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ ដែល​រោងចក្រ​កែ​ច្នៃកៅ​ស៊ូ​ក្រុមហ៊ុន​មួយ​នេះ​បង្ក​ឡើង​ ដោយ​គ្មាន​ការ​ទទួលខុសត្រូវបែបនេះ​ ៕​ សហការី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print