ខេត្តកណ្តាល៖ សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតលើផ្ទៃទឹកបឹង បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១៤ និង២០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ ត្រង់ចំណុចទឹកបឹងអូរកំបុត ស្ថិតក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។
សាកសពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះផន ម៉ក់ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (គិតតែពីដើរផឹក) មានទីលំនៅក្នុងភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ។
ប្រជាពលរដ្ឋដែលធ្លាប់ស្គាល់ជនរងគ្រោះបានអះអាងថា ជនរងគ្រោះខាងលើនេះបច្ចុប្បន្នរស់នៅផ្ទះម្នាក់ឯង ហើយតែងតែដើរផឹកស្រាស្រវឹងជាប្រចាំ ។ នៅមុនពេលកើតហេតុវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ ជនរងគ្រោះបានផឹកស្រាស្រវឹងជោកជាំហើយបានដើរចេញពីរោងស្នាក់នៅសំដៅទៅបឹងកាចាន់ ស្ថិតក្នុងភូមិព្រែកខ្មែរ ។ បន្ទាប់មកទៀតបានបន្តដំណើរទៅវត្តភ្នំស្អាង ពេលទៅដល់ខាងលិចភ្នំជនរងគ្រោះបានផឹកស្រាជាមួយអ្នកធ្លាប់ស្គាល់គ្នា ។
ប្រជាពលរដ្ឋបានបន្តថា ក្រោយពីផឹកស្រាស្រវឹងរួចមកជនរងគ្រោះបានប្រាប់គេឯងថានឹងទៅបួសនៅវត្តលិច ។ និយាយចប់ជនរងគ្រោះក៏ដើរឆ្ពោះទៅខាងលិចភ្នំស្អាងបាត់ទៅដោយពុំមាននរណាម្នាក់ដឹងថាជនរងគ្រោះទៅណាទៀតនោះទេ ។ លុះដល់វេលាម៉ោង២ រសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ ទើបមានប្រជាពលរដ្ឋប្រទះឃើញសាកសពជនរងគ្រោះអណ្តែតលើផ្ទៃទឹកបឹងអូរកំបុត បង្កឲ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចនគរបាលចុះទៅពិនិត្យសាកសពជនរងគ្រោះ ។
សមត្ថកិច្ចនគរបាលជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រស្រុកស្អាងបានបញ្ជាក់ថា នៅលើខ្លួនប្រាណសាកសពជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ គឺជនរងគ្រោះស្លាប់ដោយសារលង់ទឹកបឹង ។ តាមការសន្និដ្ឋានជនរងគ្រោះខាងលើនេះបានចុះងូតទឹកពេលកំពុងស្ថិតក្នុងអាការៈស្រវឹងស្រា ទើបបណ្តាលឲ្យលង់ស្លាប់យ៉ាងដូច្នេះ ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាង ប្រគល់ទៅឲ្យសាច់ញាតិនៅក្នុងភូមិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ