ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីបានចុះពិនិត្យការងារនៅក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តបាត់ដំបង រួចមក នារសៀលថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៥ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ បន្តដំណើរចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវនៅក្នុងខេត្តបន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំទៀត ។
លោក លឹម គានហោ បានថ្លែងឱ្យដឹងថា សម្រាប់ខេត្តបន្ទាយមានជ័យ ប្រជាកសិករបានធ្វើការដាំដុះស្រូវរដូវវស្សាលើផ្ទៃដី ចំនួន ២៤៦.០២១ ហិកតា ស្មើនឹង ១០២,៥១ ភាគរយ នៃផែនការ ។
លោករដ្ឋមន្ត្រី បានរំលឹកថា ដើមរដូវវស្សាឆ្នាំនេះ ខេត្តបន្ទាយមានជ័យ មានបញ្ហាទឹកខ្លាំងជាងគេ រហូតដល់ទៅមានឃុំមួយចំនួន ខ្វះទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដែលតម្រូវឲ្យយើងអូសទឹកពីខេត្តបាត់ដំបងមកផ្គត់ផ្គង់ ។ ប៉ុន្តែ មកដល់ពេលនេះ ក្នុងខេត្តបន្ទាយមានជ័យទាំងមូល លែងមានបញ្ហាទៀតហើយ ។ ធនធានទឹកនៅក្នុងពេលបច្ចុប្បន្ន អាចធានាបានទាំងស្រូវលើផ្ទៃដីស្រូវវស្សាដែលបានបង្កបង្កើនផលរួច និងអាចសល់សម្រាប់ការផលិតស្រូវប្រាំងបានប្រមាណ ១២.០០០ ហិកតា បន្ថែមទៀត ។
លោករដ្ឋមន្ត្រីមានប្រសាសន៏បន្តថា ចំពោះខេត្តសៀមរាប ប្រជាកសិករបានធ្វើការដាំដុះស្រូវរដូវវស្សាបាន ចំនួន ១៨៤.៥០០ហិកតា ស្មើនឹង ១០២,៥០ភាគរយ នៃផែនការ ឯ ខេត្តកំពង់ធំ បានចំនួន ២១៣.៤២៦ ហិកតា ស្មើនឹង ១០១,៦៣ ភាគរយ នៃផែនការ ។ ជារួម សម្រាប់ខេត្តសៀមរាប និងកំពង់ធំ ស្រូវវស្សាពុំមានបញ្ហាទេ តែសម្រាប់ស្រូវប្រាំងនាពេលខាងមុខ អាចនឹងមានបញ្ហាខ្លះ ដោយហេតុថា ទឹកទន្លេតូច ពុំអាចចូលដល់អាងភ្លិចទឹកមួយចំនួន ។
លោករដ្ឋមន្ត្រី បានណែនាំដល់ប្រធានមន្ទីរធនធានទឹក និងឧតុនិយ នៃខេត្តទាំងពីរ ត្រូវសហការជាមួយក្រុមការងាររបស់ក្រសួង ដើម្បីរិះរកគ្រប់មធ្យោបាយ បូមទឹកបញ្ចូលអាងនានា ដើម្បីទុកជូនបងប្អូនប្រជាកសិករធ្វើស្រូវប្រាំងប្រដេញទឹក នាពេលដ៏ខ្លីខាងមុខនេះ ៕