ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ក្លិបអ្នកកាសែតកម្ពុជាបានប្រារព្ធ «វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា» ក្រោមប្រធានបទ «សេរីភាព និងជំរុញការអភិវឌ្ឍ» នៅសណ្ឋាគារ សាន់វេ ក្រោមអធិបតីភាព លោក អ៊ុក ប្រាថ្នា រដ្ឋមន្រី្តក្រសួងព័ត៌មានស្តីទី និងមាននិពន្ធនាយក និពន្ធនាយករង មកពីបណ្តា អង្គភាព កាសែត ទស្សនាវដ្តី វិទ្យុ ទូរទស្សន៍ គេហទំព័រ ប្រមាណ១០០នាក់បានចូលរួម ។
បន្ទាប់ពីលោកប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានថ្លែងការស្វាគមន៍ចំពោះ គណៈ អធិបតី និងភ្ញៀវកត្តិយសចូលរួម និងអានរបាយការណ៍ការងារប្រចាំឆ្នាំក្លឹបអ្នកកាសែតកម្ពុជា រួចមក លោក អ៊ុក ប្រាថ្នា រដ្ឋមន្រី្តក្រសួងព័ត៌មានស្តីទី បានអានសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូន «វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា» ដែលនៅក្នុងសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមាន៣ទំព័រ ដ៏វែងអន្លាយដែលគេទទួលបាន នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ បានសម្តែងការអបអរសាទរ «វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា» ដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយក្លិបអ្នកកាសែតកម្ពុជា ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ និងរៀបចំយន្តការសម្រាប់ អនុវត្តក្នុងគោលបំណងលើកស្ទួយសិទ្ធិ សេរីភាពខាងសារព័ត៌មាន ពង្រឹងគុណភាព និងការទទួលខុសត្រូវផ្នែក ជីវៈសារព័ត៌មាន ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ កសាងសុខសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍប្រទេសកម្ពុជា ប្រកបដោយចីរភាព។
សម្តេចតេជោ ក៏បានកោតសរសើរចំពោះអ្នកសារព័ត៌មានទាំងអស់ដែលខិតខំបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្មនិងពុះពារការលំបាកដើម្បីយកព័ត៌មានទៅចុះផ្សាយ ជូនសាធារណជនបានដឹងនិងយល់ពីការវិវត្តន៍ទាំងក្នុងនិងក្រៅប្រទេស និងចាត់ទុកសារព័ត៌មានជាដៃគូអភិវឌ្ឍ មិនងាចខ្វះបាន និងយកចិត្រទុកដាក់លើកកម្ពស់វិស័យសារព័ត៌មានឲ្យមានការរីកចម្រើនដូចវិស័យអទិភាពចម្បងដទៃទៀតដែរ ។
ទន្ទឹមនេះដែរ សម្តេចតេជោបានលើកទឹកចិត្តនិងអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់យកចិត្តទុកដាក់ឲ្យបានត្រឹមត្រូវតាមក្រមសិលធម៌ វិជ្ជាជីវៈសារព័ត៌មាន គោរពច្បាប់ ចៀសវាងស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន ធ្វើការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុង ឬបំប៉ោងសភាពការណ៍រុញច្រានប្រទេសជាតិឲ្យធ្លាក់ក្នុងភាពវឹកវរ ។
ចុងបញ្ចប់សម្តេចបានជូនពរដល់ក្លិបអ្នកកាសែតកម្ពុជា ដែលបានរៀបចំវេទិកានេះឡើង ក្នុងគោលដៅពង្រឹងវិជ្ជាជីវៈដើម្បីទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចរបស់ខ្លួន៕ ប្រាថ្នា