ភ្នំពេញ៖ ណាហ្គាវើលបេះដូងសប្បុរស ចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សហគមន៍ក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងនៅថ្ងៃទី ១ ខែ តុលា ឆ្នាំ២០១៥ ណាហ្គាវើលបេះដូងសប្បុរស បានឧបត្ថម្ភម៉ាស៊ីនដេរដល់អង្គការតម្លៃស្ត្រីដែលស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ គោលបំណងចម្បងនៃឧបត្ថម្ភនេះ គឺដើម្បីចូលរួមចំណែកក្នុងការជួយពង្រឹងលក្ខខណ្ឌនៃការរស់នៅរបស់ស្ត្រីមេម៉ាយក្រីក្រ។
លោក James Maនាយកផ្នែកទំនាក់ទំនងបុគ្គលិក និងការងារសង្គមណាហ្គាវើល បានមានប្រសាសន៍ថា “ក្រុមហ៊ុនណាហ្គាវើលបាននឹងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ចាប់តាំងពីការកកើតរបស់ខ្លួនអស់រយៈពេលប្រហែលជា២០ឆ្នាំមកនេះ។ ថ្ងៃនេះណាហ្គាវើលបេះដូងសប្បុរស បានឧបត្ថម្ភម៉ាស៊ីនដេរដល់អង្គការតម្លៃស្ត្រី ដើម្បីជួយសម្រួលដល់ការបណ្តុះបណ្តាលរបស់ពួកគេ។យើងសង្ឃឹមយ៉ាងជឿជាក់ថា ស្ត្រីមេម៉ាយទាំងនេះដែលទទួលបានការបណ្តុះបណ្តាលពីអង្គការតម្លៃស្ត្រីនឹងអាចជួយសម្រួលដល់ជីវភាពរស់នៅរបស់ពួកគេជាមួយជំនាញដែលពួកគេបានរៀនពីម៉ាស៊ីនទាំងនេះ”។
លោកបានបន្ថែមទៀតថា “យើងមានផែនការដើម្បីឧបត្ថម្ភម៉ាស៊ីនដេរបន្ថែមទៀតដល់អង្គការតម្លៃស្ត្រីនាពេលអនាគត ហើយជាមួយក្តីសង្ឃឹមនៃការប្រើប្រាស់ម៉ាស៊ីនដេរទាំងនេះ នឹងអាចធ្វើឲ្យមានការផ្លាស់ប្តូរជីវិតរស់នៅរបស់ស្ត្រីមេម៉ាយក្នុងអង្គការនេះ”។
ស្ត្រីមេម៉ាយមួយរូបដែលទទួលបានការឧបត្ថម្ភម៉ាស៊ីនដេរនេះ បាននិយាយថា “យើងសប្បាយរីករាយណាស់ដែលបានទទួលនូវការឧបត្ថម្ភម៉ាស៊ីនដេរពីណាហ្គាវើលបេះដូងសប្បុរស។ ក្រុមហ៊ុនណាហ្គាវើលនាំយកនូវសេចក្តីសង្ឃឹមថ្មីសម្រាប់ពួកយើង។ ឥឡូវនេះ យើងអាចដំណើរការនៃការបណ្តុះបណ្តាលរបស់ពួកយើងបានយ៉ាងល្អ។
បន្ថែមពីលើនេះទៀត យើងអាចរកប្រាក់ចំណូលដើម្បីឧបត្ថម្ភគ្រួសាររបស់ពួកយើងបានជាមួយជំនាញដែលបានរៀនពីអង្គការតម្លៃស្ត្រី។ យើងសូមថ្លែងអរគុណដល់ ណាហ្គាវើលបេះដូងសប្បុរស សម្រាប់សន្តានចិត្ត និងការឧបត្ថម្ភគាំទ្រដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ពួកយើង”៕
ដោយ៖ ស ដារ៉ា