ខេត្តព្រៃវែង ៖ ទីតាំងអតីតកំពង់ចម្លងអ្នកលឿង ដែលជាកន្លែងពលរដ្ឋធ្លាប់ឆ្លងកាត់ កាលពីមិនទាន់មានស្ពាន ហើយក៏ជាទីតាំងប្រវត្តិសាស្ត្រផងនោះ ឥឡូវត្រូវបានឈ្មួញយកធ្វើជាកន្លែងរកស៊ីបូមខ្សាច់យ៉ាងស្រួលទៅហើយ រីឯអាជ្ញាធរស្រុកនិងខេត្តមិនចាប់អារម្មណ៍ពីសកម្មភាពបូមខ្សាច់នេះទេ ។
កំពង់ចម្លងអ្នកលឿងត្រើយខាងកើត ស្ថិតក្នុងភូមិ៤ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៌ សព្វថ្ងៃបានក្លាយជាកន្លែងលក់ខ្សាច់ និងបូមខ្សាច់ពីក្នុងទន្លេមេគង្គដាក់លក់ ទំនងក្លាយជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ហើយ។«
ករណីនេះសមត្ថកិច្ចមូលដ្ឋានបានបង្ហើបថា អ្នកដែលយកទីតាំងនេះធ្វើជាកន្លែងបូមខ្សាច់ និងលក់ខ្សាច់មានឈ្មោះ អ៊ូ រតនា ហៅប្រុស ជាមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មានផ្ទះនៅក្បែរកំពង់ចម្លងអ្នកលឿង ត្រើយខាងកើតនោះតែម្តង។
លោក អ៊ូ រតនា ហៅ ប្រុស បានឲ្យដឹងថា ការបូមខ្សាច់ និងដាក់លក់ខ្សាច់នៅចំណុចទីតាំងខាងលើ លោកធ្វើដោយខ្លួនឯងហើយគ្មានលិខិតអនុញ្ញាតិ ឬឯកសារច្បាប់អ្វីពីអាជ្ញាធរស្រុក និងមន្ត្រីជំនាញរ៉ែនោះទេ ប៉ុន្តែពេលលោកធ្វើ ក៏មិនឃើញមានអ្នកណាមកហាមឃាត់ដែរ ជាពិសេសរឿងទីតាំងនេះ គឺលោកបានសុំការអនុញ្ញាតិពីម្ចាស់ទីតាំងរួចហើយ។
ពាក់ពន្ធ័បញ្ហានេះលោកស្រី ស្រេង ទៀង អភិបាលស្រុកពាមរក៌ បានបញ្ជាក់ប្រាប់ឲ្យដឹងថា លោកស្រីមិនបានដឹងទេ រឿងគេយកទីតាំងអតីតកំពង់ចម្លងអ្នកលឿង ធ្វើជាកន្លែងលក់ខ្សាច់នោះ លោកស្រីសូមអរគុណដែលបានផ្តល់ពត៌មាននេះ ហើយលោកស្រីនឹងចុះទៅពិនិត្យមើលដោយផ្ទាល់ តើគេធ្វើនោះមានច្បាប់អនុញ្ញាតិពីណាខ្លះ។
ទោះជាយ៉ាងណាក៏ដោយ មហាជនទូទៅបានបញ្ចេញមតិប្រតិកម្មយ៉ាងខ្លាំង និងលើកឡើងថា ទីតាំងអតីតកំពង់ចម្លងអ្នកលឿងនេះ វាជាកម្មសិទ្ធិរបស់រដ្ឋ ហើយជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយផងដែរ ដូច្នេះគេមិនគួរអនុញ្ញាតិឲ្យបុគ្គលណាម្នាក់យកធ្វើអាជីវកម្ម ឬជាកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ៕ ហេង នរិន្ទ្រ