ខេត្តតាកែវ ៖ ពលរដ្ឋទូទាំងប្រទេសកំពុងរងគ្រោះ ដោយសារការបរិភោគស្ករត្នោតក្លែងក្លាយ ដែលក្រុមមន្រ្តីជំនាញអនុញ្ញតឲ្យផលិត ជាថ្នូរនឹងការបង់ប្រាក់ពីអ្នកផលិតស្ករត្នោតក្លែងក្លាយ នៅភូមិពានមាសខាងកើត ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ។
ក្រុមអ្នកផលិតស្ករត្នោតក្លែងក្លាយបានឲ្យដឹងថា ការដែលពួកគាត់នៅផលិតស្ករត្នោតក្លែងក្លាយបានយ៉ាងរលូនបែបនេះ គឺពួកគាត់បានចំណាយលុយច្រើនណាស់ បង់ទៅឲ្យលោកស៊ី ណា ប្រធានការិយាល័យឧស្សាហកម្ម និងសិប្បកម្មស្រុកបាទីជាច្រើនសន្ធឹកសន្ធាប់ បើពុំមានការបង់ប្រាក់ទេ ពួកគាត់ប្រឈមនឹងការបិទទីតាំងផលិតមិនខាន។
ប្រភពដដែលបានឲ្យដឹងទៀតថា លោកស៊ី ណា គាត់បានអះអាងថា លុយដែលពួកគាត់ប្រមូលបានឲ្យលោក គឺយកទៅរត់ការច្បាប់ជាមួយថ្នាក់លើដើម្បីបានច្បាប់ឲ្យពួកគាត់ផលិតស្ករត្នោតក្លែងក្លាយនេះបានស្របច្បាប់។
ក្រុមអ្នកផលិតស្ករត្នោតក្លែងក្លាយបានលើកឡើងថា លោកស៊ីណា បានហាមពួកគាត់មិនឲ្យអ្នកណាម្នាក់ ក្រៅពីលោកនោះទេ ចូលទៅពិនិត្យទីតាំងផលិតស្ករត្នោតក្លែងក្លាយនេះ បើមានអ្នកចម្លែកចូលពិនិត្យឲ្យខលទូរស័ព្ទទៅលោកជាបន្ទាន់ លោកនឹងចាត់វិធានការ ជាពិសេសអ្នកកាសែតតែម្ដង។
បើតាមការអះអាងពីក្រុមអ្នកផលិតស្ករត្នោតក្លែងក្លាយបានឲ្យដឹងថា វត្ថុធាតុដើមយកមកផលិតស្ករត្នោតក្លែងក្លាយ មានដូចជាស្ករស ទឹក អំបិល ប្រេងឆា តែជាអាថ៌កំបាំងនៅមានវត្ថុផ្សំផ្សេងៗទៀត ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ។
ពាក់ព័ន្ធករណីខាងលើ អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកស៊ីណា ប្រធានការិយាល័យឧស្សាហកម្ម និងសិប្បកម្មស្រុកបានទីបានទេ ដោយលោកបិទទូរស័ព្ទ។ ចំណែក លោកកេត ព្រុង ប្រធានមន្ទីរឧស្សហកម្ម និងសិប្បកម្មខេត្តតាកែវ បានឲ្យដឹងថា លោកទទួលស្គាល់ថា ក្រុមរបស់លោកពិតជាបានទទួលលុយពីអ្នកផលិតស្ករត្នោតក្លែងក្លាយនៅចំណុចខាងលើមែន បើមិនយកលុយ តើទៅរត់ច្បាប់ឯណាបាន?៕ ភ្នំដា