ខេត្តពោធិ៍សាត់៖ បើករថយន្តម៉ាក ISUSU បុកអ្នកជិះម៉ូតូឌុបគ្នា ៣នាក់ឪពុកម្ដាយ និងកូនពីក្រោយពេញទំហឹង បណ្ដាលឲ្យស្លាប់ម្ដាយភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឪពុក និងកូនបានស្លាប់ជាបន្តបន្ទាប់នៅតាមផ្លូវគ្រាពេលបញ្ជូនទៅសង្រ្គោះ នៅលើកំណាត់ផ្លូវជាតិលេខ៥៥។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ខាងលើ បានកើតឡើងនៅវេលាម៉ោង៧៤៩នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចម្តុំស្ថានីយ៍ប្រឹងឥន្ធនៈតេលា របស់ឈ្មោះ សី ហា ស្ថិតក្នុងភូមិអង្រ្កង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា មុនដំបូងគេឃើញរថយន្ត ១គ្រឿងម៉ាក ISUSU ចង្កូតឆ្វេង ប្រភេទមួយបាំងកន្លះ ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ ពោធិ៍សាត់ 2A 1384 (រត់ឈ្នួលស្រុកវាលវែង ខេត្តពោធិ៍សាត់)ធ្វើចរាចណ៍ពីលិចឆ្ពោះទៅទិសខាងកើត លុះដល់ចំណុចកើតហេតុស្រាប់តែជ្រុលបុកអ្នកជិះម៉ូតូឌុបគ្នា ៣នាក់ពីក្រោយពេញទំហឹង ខណៈដែលកំពុងធ្វើដំណើរចរាចរណ៍ស្របទិសគ្នា(លិចកើត) បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់រដូករណេលនៅលើផ្លូវយ៉ាងរន្ធត់។
ប្រភពព័ត៌មានខាងលើបន្តថា ជនរងគ្រោះឈ្មោះ មុត ស្ងួន ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ(ស្លាប់តាមផ្លូវនៅពេលបញ្ជូនមកមន្ទីរពេទ្យ)ជាអ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១០០ ពណ៏ក្រហម គ្មានស្លាកលេខ និងអ្នករួមដំណើរទី១ ឈ្មោះ កែវ ឌី ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយគ្នា ជាឥពុកចុង(ស្លាប់តាមផ្លូវនៅពេលបញ្ជូនមកមន្ទីរពេទ្យដែរនោះ) និងទី២ ឈ្មោះ អុី ផល អាយុ ៦៧ឆ្នាំ ត្រូវជាម្ដាយបង្កើត(ស្លាប់នៅនឹងកន្លែង)។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះ ជនបើកបររថន្តម៉ាក ISUSU បង្កហេតុបាន(រត់គេចខ្លួន) ចំណែកវត្ថុតាងរថយន្តបង្ក និងម៉ូតូរបស់ជនរងគ្រោះ បានយកមករក្សាទុកជាបណ្ណោះអាសន្ននៅផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕បឹុម ពិន