ភ្នំពេញ៖ ក្រោយពីផ្អាកការងារក្នុងស្រុកមួយរយៈព្រោះតែការចេញទៅច្រៀងរាំ នៅលើទឹកដីនៃប្រទេសអូស្ត្រាលី និងប្រទេសបារាំងរួចមក តារាចម្រៀង បងប្អូន កញ្ញា រស់ ខេមារីន ហៅ ខេលី និងកញ្ញា រស់ កែវធីតា ហើយបានវិលមកកាន់ទឹកដីកំណើតវិញហើយ។ តារាស្រីទាំងពីរលើកឡើងថាពួកនាងទទួលបានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសទាំងនោះផងដែរ។
កញ្ញា ខេលី បានវិលមកដល់ទឹកដីកំណើតកាលពីសប្តាហ៍មុន បន្ទាប់ពីនាងចំណាយពេលជាច្រើនខែច្រៀងរាំនៅលើទឹកដីនៃប្រទេសអូស្ត្រាលី។ គ្រាដែលប្អូនស្រីនាងកញ្ញា រស់ កែវធីតាក៏វេចស្ពាយនូវភាពជោគជ័យនៃការច្រៀងរាំនៅលើទឹកដីនៃប្រទេសបារាំងផងដែរ។ តារាចម្រៀងប្រចាំផលិតកម្មM រូបនេះ ចេញទៅច្រៀងនៅប្រទេសអូស្ត្រាលី ជាមួយសិល្បករ៣នាក់ផ្សេងទៀត មានលោក ចាន់ សម័យ កញ្ញា ឈន ចរិយា និងកញ្ញា សាយ សៀងហៃហៅ ស្រីសគឺ ត្រូវនឹងការប្រារព្វពិធីបុណ្យភ្ជុំបិណ្ឌ នៅទីនោះ។ គ្រាដែលប្អូនស្រីនាងគឺកញ្ញា រស់ កែវធី ក៏បានចេញទៅសម្តែងលើទឹកដី នៃប្រទេសបារាំង ជាមួយសិល្បករបីរូបផ្សេងទៀត គឺលោក មុត ឧត្តម លោក រាម រ៉ាម៉ូ និងកញ្ញា ហង់ ចាន់ណា។ កញ្ញា ខេលីប្រាប់ថា នេះគឺជាមោទនភាពខ្លាំងណាស់ សម្រាប់នាងនិងប្អូនស្រី ដែលត្រូវបានអ្នកផលិតកម្មវិធី នៅក្រៅប្រទេសផ្តល់ ឱកាសសម្រាប់ពួកនាងជួបជុំ និងបង្កើតបរិយាកាសសប្បាយរីករាយ ហើយក៏ជាឱកាសស្វែងរកប្រាក់ចំណូលផងដែរ ហើយនាងថ្លែងអំណរគុណ ចំពោះអ្នកផលិតកម្មវិធី ដែលទទួលស្វាគមន៍ នាងនិងប្អូនស្រីយ៉ាងកក់ក្តៅ។នាងបញ្ជាក់ដែរថាមានប្រជាជនខ្មែរជាច្រើនកកកុញចូលរួមទស្សនា និងរាំកម្សាន្តដែលជាកម្លាំងចិត្តយ៉ាងធំធេងសម្រាប់សិល្បករខ្មែរ។
ជាមួយគ្នានេះដែរកញ្ញា រស់ កែវធីតាវិញរំពឹងដែរថាអ្នកផលិតកម្មវិធីនៅបណ្តាប្រទេសជាច្រើនទៀតដូចជាអាមេរិក កាណាដា ជាដើម នឹងផ្តល់ឱកាសដូចគ្នានេះសម្រាប់នាងនិងប្អូនស្រីបានចេញទៅសម្តែង និងច្រៀងរាំរូមគ្នា។ ក្រោយពេលវិលមកកាន់ប្រទេសកំណើតវិញនេះដែរនាងនិងបងស្រីក៏គ្រោងនឹងចេញស្នាដៃបទចម្រៀងថ្មីៗជាច្រើនទៀត ពិសេសបទចម្រៀង Original Song ដើម្បីចម្រើការកម្សាន្តរបស់ប្រជាពលរដ្ឋខ្មែរក្នុងស្រុកផងដែរ។នាងថាអ្វីដែលនាងមិនអាចភ្លេចបានគឺអនុស្សាវរីយ៍ជាច្រើន និងទឹកចិត្តនៃការស្វាមគមន៍រាប់អានយ៉ាងកក់ក្តៅពីអ្នកផលិតកម្ម និងប្រជាជនខ្មែររស់នៅទីនោះ៕
![](http://nkdnews.com/wp-content/uploads/2017/11/94BB3119-1E91-4528-98C9-26089CC41ACB-540x768.jpeg)