ខេត្តត្បូងឃ្មុំ ៖ ម៉ាស៊ីនកិនទឹកអំពៅដើរដោយចរន្តអគ្គិសនីបានឆក់យកជីវិតស្ត្រីរស់ក្នុងជីវភាពខ្វះខាតម្នាក់ កាលពី រសៀលម៉ោង៣ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិទួលកំពតទី៣ ឃុំបឹងព្រួល ស្រុក-ខេត្តត្បូងឃ្មុំ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ លី សះ អាយុ៦៥ឆ្នាំ មានមុខរបរសព្វថ្ងៃកៀបទឹកអំពៅលក់ និងមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។
ស្រ្តីរងគ្រោះត្រូវបានគេរាយកាណ៍ឱ្យដឹងថា ជាជនជាតិខ្មែរឥស្លាម រស់ក្នុងជីវភាពខ្វះខាត ដោយប្រកបរបរកិនទឺក អំពៅទឹកលក់ ដើម្បីផ្គត់ផ្គង់គ្រួសារ ។ នៅថ្ងៃកើតហេតុ គាត់បានធ្វើការងារដូចសព្វដង ស្រាប់តែចៃដន្យ ខណៈកំពុងដំណើរការកិនអំពៅ គាត់បានឱនក្បាលទាញកាក អំពៅ ដែលចេញពីម៉ាស៊ីននោះ ក៏ជ្រុះកន្សែងជូតក្បាល និងរុំកចូលផ្នោះកិនអំពៅ បណ្តាលឲ្យរឹតកស្លាប់នៅនឹងកន្លែងតែម្តង។
គួរកត់សម្គាល់ថា កន្លងមកក៏ធ្លាប់កើតមានករណីរងគ្រោះ ដោយម៉ាស៊ីនកិនទឹកអំពៅប្រើចរន្តអគ្គិសនីនេះដែរ ។ ដូច្នេះ បងប្អូនដែលកំពុងប្រកបរបរខាងលើ គួរបង្កើនការប្រុងប្រយ័ត្ន ក្នុងពេលកំពុងធ្វើការងាររកស៊ីចិញ្ចឹមជីវិត ៕ វណ្ណៈ