ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ បានបើករថយន្តកាមរីហាយព្រីក ក្នុងល្បឿនយ៉ាងលឿន ហើយស្ថិតក្នុងស្ថានភាពស្រវឹង ស្រាផង ក៏បួងចង្កូតទៅបុកនិងដើមឈើនៅលើចញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូវខាតយ៉ាងដំណំ កាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចលើចញ្ចើមផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្កម៉ាក កាមរីហាយព្រីក ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2H-6435 បើកបរដោយនារីម្នាក់ មានស្ថានភាពស្រវឹងស្រា ។
ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុ គេសង្កេតឃើញរថយន្តបង្កខាងលើ បានបើកបរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកនិងដើមឈើ នៅលើចញ្ចើមផ្លូវព្រះមុន្នីវង្ស យ៉ាងពេញទំហឹង បណ្ដាលឲ្យដើមឈើខូចខាតតិចតួច ចំណែកឯរថយន្តបង្កវិញ បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំតែម្ដង សំណាងល្អមិនបង្កឲ្យមនុស្សរងរបួស ។
ក្រោយពេលកើតហេតុ នារីរូបស្រស់ដែលបើករថយន្តបង្កទាំងស្រវឹងនោះ ត្រូវបានមិត្តភក្រ្ត័មកដឹកចេញទៅបាត់ពីកន្លែងកើតហេតុ ។
បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយបានទំនាក់ទំនងទៅជំនាញចរាចរណ៍ឲ្យចុះមកធ្វើការវាស់វែង យករថយន្តបង្កខាងលើ ទៅរក្សាទុកនៅឯការិយាល័យ ចារចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ដោយ៖ ភារ៉ា ដង្កោ