ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយសាររថយន្តសម្រាប់ដឹកទូកុងតឺន័រ១គ្រឿងបានបើកបុកអ្នករត់ម៉ូតូកង់បី បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង រួចបានជ្រុលទៅបុកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥មួយគ្រឿងទៀត បណ្ដាលឲ្យរងរបួធ្ងន់ម្នាក់ទៀត កាលពីវេលាម៉ោង៤នឹង២០នាទីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ២១៧កែងផ្លូវបេតុងបឹងតាម៉ាត ស្ថិតនៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់នៅនិងកន្លែងកើតហេតុ មានឈ្មោះ ផឹង ដន ភេទប្រុស អាយុ៦២ឆ្នាំ មានទីលំនៅភូមិព្រៃសខាងលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែករថយន្តបង្ក ម៉ាកនីស្សាន់ពណ៏ខៀវពាក់ស្លាកលេខភ្នំពេញ3B-4559 ជារថយន្តរបស់ក្រុមហ៊ុននាគខៀវ បើកបរដោយយុវជនម្នាក់ឈ្មោះអឿ លុច អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃថី ឃុំរកា ស្រុកស្អាង ខេត្តកណ្ដាល។ជននេះត្រូវបានឃាត់ខ្លួន រួមជាមួយព្រូម្នាក់ឈ្មោះផាន ផាត អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិសូទិព្វ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ដោយឡែកម៉ូតូរងគ្រោះ១គ្រឿងទៀតម៉ាកហុងដាឌ្រីមសេ១២៥ ពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ1CX-7142 ត្រូវរថយន្តបុកបណ្ដាលឲ្យអ្នកជិះរងរបួស។
តាមប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះដែលជាអ្នកបើកបរម៉ូតូកង់បីបានបើកបរចេញពីផ្លូវបេតុងបឹងតាម៉ាតពីកើតទៅលិច រីឯរថយន្តបើកបរពីត្បូងទៅជើងលើផ្លូវ២១៧ ខណៈនៅពេលមកដល់ចំណុចកើតហេតុស្រាប់តែបុកម៉ូតូកង់បីធ្វើឱ្យអ្នកបើកបរម៉ូតូកង់បីស្លាប់គួរឱ្យរន្ធត់ ហើយថែមទាំងបន្តទៅបុកម៉ូតូមួយគ្រឿងទៀតធ្វើឱ្យអ្នកបើកបរម៉ូតូរងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ចំពោះអ្នកបើកបររថយន្តសម្រាប់ដឹកទូរកុងតឺន័រត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅកាន់ប៉ុស្តិ៍នគរបាលដើម្បីសាកសួរបន្ត ។
នៅកន្លែងកើតហេតុ គេសង្កេតឃើញសាច់ញាតិជនរងគ្រោះដែលស្លាប់ដោយសារររថយន្តសម្រាប់ដឹកទូកុងតឺន័រកិនធ្លាយខួរនោះ បានមកទ្រហោយំអោបសពគួរឲ្យអាសូរណាស់ ។
បច្ចុប្បន្នក្រោយពេលសមត្ថកិច្ចធ្វើកាវាស់វែងម៉ូតូជនរងគ្រោះនិងរថយន្តបង្ក យកមករក្សាទុកនៅអធិការរដ្ឋានខណ្ឌដង្កោ ។ ដោយឡែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
ដោយ៖ ភារ៉ា ដង្កោ