ភ្នំពេញ៖ ការតុបតែងតួខ្មោចប្លែកពីភាពយន្តដទៃបានទាក់ទាញអ្នកគាំទ្រខ្លាំង និងទទួលបានការកោតសរសើរអំពីទឹកដៃនៃការតុបតែងមុខដងខ្លួនមិនចាញ់ភាពយន្តបរទេសនោះទេ។អៀម សុខា បានលេចមុខមាត់ខ្លាំងគ្រាដែលោកបានចូលរួមសម្តែងក្នុងភាពយន្តខ្នាតធំរបស់ផលិតកម្មឥន្ទ្រានិម្មិតរឿង “សសរកន្លោង”ដែលបាននឹងកំពុងតែផ្ទុះការគាំទ្រខ្លាំង ហើយលោកក៏ជាអ្នកជំនាញតុបតែងមុខខ្មោចក្នុងរឿងដ៏គួរឲ្យខ្លាចនេះផងដែរ។
លោក អៀម សុខា បានសម្តែងជាតួ ភេទទីបី នៅក្នុងរឿង”សសរកន្លោងផងដែរ។ លោកបាន បញ្ជាក់ថា លោកធ្លាប់បានចូលរួមសម្តែង ចាប់តាំងពីឆ្នាំ២០០៦មកម៉្លេះក្នុងរឿង”បងអើយកុំខ្លាចអូនអី” និងបទចម្រៀង របស់ផលិតកម្មហង្សមាសជាដើម ប៉ុន្តែដោយសារការជាប់សិក្សាលើជំនាញផាត់មុខទើបលោកបោះបង់ចោលមួយរយៈពេល។ លោកបន្តថាក្រៅពីជំនាញផាត់មុខលោកក៏ចាប់អារម្មណ៍ខ្លាំងលើការតុបតែងមុខបែបប្លែកៗ ពិសេសមុខខ្មោចនិងស្នាមរបួសជាដើម។ លោកបានចាប់ផ្តើមសិក្សាទាំងពីគ្រូជំនាញមកពីប្រទេសថៃ និងការសិក្សាបន្ថែមពីលើបណ្តាញInternet ។ លោកថា កន្លងមកទស្សនិកជនបានលើកឡើងថា ការតុបតែងខ្មោចបែបខ្មែរគឺដដែលៗមិនមានអ្វីប្លែកទើបលោកចាប់ផ្តើមច្នៃប្រឌិតថ្មីជាមួយនឹងការហ្វឹកហាត់បន្ថែមទើបលេចចេញរូបរាងខ្មោចបែបថ្មីដែលអ្នកឃើញទាំងក្នុងរឿង និងក្រៅឆាកភ្ញាក់ផ្អើលនិងភ័យខ្លាច។ ទោះជាយ៉ាងណានេះគឺជាលើកទីមួយដែរដែលលោកតុបតែងខ្មោចប្លែកបែបនេះ ហើយវាក៏មានការលំបាកច្រើនក្នុងការតុបតែងព្រោះវត្ថុធាតុដើមត្រូវទិញមកពីប្រទេសថៃមានតម្លៃថ្លៃ ហើយត្រូវធ្វើយ៉ាងណាឲ្យការតុបតែងនេះជាប់បានល្អព្រោះតែតួសម្តែងត្រូវសម្តែងស្ទើពេញមួយថ្ងៃនោះ។ លោកបញ្ជាក់ដែរថា ផលិតកម្មក្នុងស្រុកមួយចំនួនមិនហ៊ានចំណាយលើការតុបតែងខ្មោច ឬមុខរបួសច្រើនគឺធ្វើទៅតាមទម្លាប់ ហើយវាគឺជាចំណុចដែលខ្វះការចាប់អារម្មណ៍។ លោកថាវត្ថុសម្រាប់តុបតែគឺទិញពីក្រៅប្រទេសដូចជាប្រទេសថៃជាដើម ទាំងម្សៅលាយ និងឈាមសបនិម្មិតជាដើម ព្រោះត្រូវប្រាកដថាពេលតុបតែដូចរបួសស្នា និងខ្មោចពិតៗពិសេសមិនប្រតិកម្មស្បែក និងប៉ះពាល់ដល់អារម្មណ៍តារាសម្តែងជាដើម។ លោកថា អ្វីដែលលោករំភើបចិត្តគឺទទួលបានការកោតសរសើរ និងលើកទឹកចិត្តច្រើនពីផលិតករ និងទស្សនិកជន នៅពេលដែលស្នាដៃតុបតែងនេះទទួលបានការចាប់អារម្មណ៍ខ្លាំង។
តារាសម្តែងវ័យ៣២ឆ្នាំរូបនេះបញ្ជាក់ថា ពេលនេះលោកទទួលបានការសម្តែងភាពយន្តថ្មីៗមួយចំនួនទៀតជាបន្តដូចជារឿង”ម៉ាដាម អាប” ជាដើម។លោករំពឹងទុកដែរថា ស្នាដៃតុបតែងថ្មីៗប្លែកៗជាច្រើនទៀតនឹងបន្តលេចរូបរាងនៅពេលខាងមុខ ហើយវានឹងរួមចំណែកលើកកម្ពស់មុខមាត់វិស័យភាពយន្តខ្មែរក្នុងតំបន់ផងដែរ៕
ដោយ៖ វឌ្ឍនា