ខេត្តកំពង់ធំ ៖ ចំណីផ្លូវសាធារណៈក្នុងក្រុងស្ទឹងសែន ដែលនៅសល់តិចតួចស្តួចស្តើងនៅ មុខសណ្ឋាគារអរុណរះ ត្រូវបានក្រុមឈ្មួញ ចាប់យកចំណីផ្លូវភ្លោះ មកដាក់លក់កាហ្វេ យីហោ Kings Cafe ដោយរលូន និងមិន រំខានដល់សមត្ថកិច្ចសណ្តាប់ធ្នាប់ និងអាជ្ញាធរក្រុង អាជ្ញាធរខេត្តឡើយ ដោយសង្ស័យថាលោកមិនបាន ចាប់អារម្មណ៍ ទើបមានការច្រណែនពីសំណាក់ក្រុមមហាជនថា ហេតុអ្វីបានជាយកចំណីផ្លូវដាក់លក់ ដើម្បី ផលប្រយោជន៍របស់បុគ្គលទៅវិញ?
តាមមតិប្រជាពលរដ្ឋបានឲ្យដឹងថា ខ្ញុំមានការងឿងឆ្ងល់ណាស់ថា តើក្រុមហ៊ុន លក់កាហ្វេ Kings Cafe បានទទួលសិទ្ធិ មកពីខាងណា ទើបបានជាហ៊ានដាក់ តូបលក់នៅកណ្តាលទ្រូងផ្លូវបែបនេះ បើអាជ្ញាធរក្រុង លោកពុំបានអនុញ្ញាតផងនោះ ។
លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែនបានមានប្រាប់នៅព្រឹកថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០១៧ នេះថា នៅមុខវិទ្យាល័យកំពង់ធំមានការដាក់លក់កាហ្វេ យីហោ Kings Cafe នេះដែរ រួមទាំងនៅចំនុចនាគបាញ់ទឹកនិងកន្លែងផ្សេងទៀត គឺលោកពុំបានអនុញ្ញាតនោះទេ ហើយលោកនឹងធ្វើសេចក្តីជូនដំណឹងក្នុងពេលឆាប់នេះដើម្បីកុំអោយប៉ះពាល់នូវសោភ័ណភាពសាធារណៈ ។ ក្នុងនោះ លោកបានកំពុងតែសិក្សា ទីតាំងសម្រាប់ឲ្យក្រុមអាជីវករលក់កន្លែងថ្មី តែពុំទាន់បានបញ្ជាក់ទីតាំងជាផ្លូវការនោះទេតែទំនងអាចដាក់នៅផ្លូវវាងក្រុងសម្រាប់បញ្ជៀសការកក់ស្ទះបញ្ហាចរាចរណ៍ និងមិនអោយរថយន្តធុនធំចូលក្រុងឡើយ។
ក្រោយពីក្រុមហ៊ុន យីហោ Kings Cafe បានយកចំណីទ្រូងផ្លូវ ដែលជាកម្មសិទ្ធរបស់សាធារណៈ ដាក់លក់ រកចំណូលចូលហៅប៉ៅឯកជន ក៏មានសំណូម ពរ ពីសំណាក់ប្រជាពលរដ្ឋ សុំឲ្យអាជ្ញាធរខេត្ត ក្រុង និងសមត្ថកិច្ចពាក់ព័ន្ឋ មេត្តាដកសិទ្ធក្នុងការដាក់លក់នៅលើទីតាំងខាងលើ ដើម្បីជាការជួយសម្រួលដល់សោភ័ណភាព ក្នុងខេត្តកំពង់ធំ ។
ពាក់ព័ន្ធយកចំណីផ្លូវសាធារណៈក្នុងក្រុងស្ទឹងសែនដាក់លក់កាហ្វេនេះ ភ្នាក់ងារយកព័ត៌មាននគវត្ត មិនអាចសុំការបញ្ជាក់ពីម្ចាស់ហាងកាហ្វេយីហោ King Café បានទេ កាលពីថ្ងៃម្សិលមិញ ៕ ប៊ុន រិទ្ធី