សម្ព័ន្ធមិត្តប្រឆាំងភេរវកម្ម ដឹកនាំដោយអាមេរិកបានប្រកាសឲ្យដឹងថាក្រុមភេរវកម្ម ប្រមាណ៣សែននាក់កំពុងតែព្យាយាមការពារទីតាំងរបស់ខ្លួននៅក្នុងប្រទេសស៊ីរីនិងអីរ៉ាក់។
លោកRyan Dillon មន្ត្រីយោធាអាមេរិកបានបញ្ចាក់ថា «តាមការវាយតម្លៃនាពេលបច្ចុប្បន្ន មានក្រុមភេរវកម្ម IS ប្រមាណតែ៣ពាន់នាក់ប៉ុណ្ណោះ នៅក្នុងប្រទេសអីរ៉ាក់ និងស៊ីរី ហើយ ក្រុមភេរវកម្មទាំងនោះនៅតែជាការគំរាមកំហែងដដែល ប៉ុន្តែយើងនៅតែបន្តសកម្មភាព វាយប្រហារកម្ចាត់ក្រុមភេរវកម្មឲ្យអស់ពីទីនោះ»។
ជាមួយគ្នានេះដែរ ក្រុមអ្នកសារព័ត៌មានបានចោទសួរលោក Ryan Dillon តើអាមេរិកអាចនឹង ដាក់ទីតាំងយោធា នៅក្នុងប្រទេសអីរ៉ាក់និងស៊ីរីជារឿងរហូតដែរឬទេ? លោកបានបញ្ចាក់ថារឿងនេះមិនអាចកើតឡើងនោះឡើយ។
ឧត្តមសេនីយ៍ Felix Gedney មេបញ្ចាការរងយុទ្ធសាស្ត្រជំនួយរបស់សម្ព័ន្ធមិត្តយោធាប្រឆាំងភេរវកម្មបានបញ្ចាក់ថា «យើងនិងបន្តជួយដល់ប្រទេសអីរ៉ាក់ នៅក្នុងសង្គ្រាមប្រឆាំងក្រុម ភេរវកម្ម IS ក្នុងនោះមានការបណ្តុះបណ្តាលនិងបំពាក់អាវុធ ទៅតាមសំណើររបស់ពួកគត់»។
លោកបន្តទៀតថា «ក្នុងដំណាក់កាលនេះយើងនឹងផ្តោតទៅលើការផ្តាល់ ការរក្សាសន្តិសុខយូអង្វែង និងអភិវឌ្ឍន៍រឹងមាំនិងជួយឲ្យអីរ៉ាក់ធ្វើជាម្ចាក់ការខ្លួនឯង។
ពាក់ព័ន្ធនិងសកម្មភាពវាយប្រហារភេរវកម្ម នៅក្នុងប្រទេសស៊ីរីរវិញ អីស្រាអែលបានបើកការវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់ សម្តៅទៅលើមូលដ្ឋានទ័ពស៊ីរី នៅខេត្តដាម៉ាស ប៉ុន្តែត្រូវបានកម្លាំងទាហានការពារស៊ីរីបាញ់កម្ទេចចោលទាន់ពេល ។
ទីភ្នាក់ងារព័ត៌មាន Sana របស់ស៊ីរី បានផ្សាយថា “សត្រូវឈ្លានពានអ៊ីស្រាអែល បានបាញ់មីស៊ីល ជាច្រើនគ្រាប់មកកាន់ទឹកដីយើង នៅវេលាម៉ោង ១២ និង ៣០នាទីយប់ថ្ងៃសុក្រ រំលងចូលថ្ងៃសោរ៍ សម្តៅកំទេចបន្ទាយទាហាននៅក្នុងខេត្តដាម៉ាស។ តែជាសំណាងល្អ ក្រុមកម្លាំងការពារផ្លូវអាកាសយើង បានទប់ទល់ទាន់ពេលវេលា ដោយបានកំទេចមីស៊ីលនោះបាន២គ្រាប់” ។
ដោយឡែក បើយោងតាមលោក Rami Abdel Rahmane នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី បានអះអាង ថា ពិតជាមានគ្រាប់មីស៊ីល បានធ្លាក់នៅផ្ទុះនៅតំបន់ Keswe ភាគខាងត្បូងក្រុងដាម៉ាស ដោយបានកំទេចកន្លែងស្តុកគ្រាប់ និងសព្វាវុធរបស់កងទ័ព។ តែយ៉ាងណា គេមិនអាចដឹងថា ទីតាំងនោះជាទីតាំងរបស់កងទ័ពស៊ីរី ឬក៏ជាទីតាំងរបស់កងកម្លាំងសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលស៊ីរី ដែលអាចជាក្រុមហេសបូឡា ឬកងកម្លាំងពិសេស របស់អ៊ីរ៉ង់ ឡើយ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងទ័ព អ៊ីស្រាអែលបានបដិសេធ មិនឆ្លើយសំណួររបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ទេ។
គួរបញ្ជាក់ថា អ៊ីស្រាអែល និង ស៊ីរី ស្ថិតនៅក្នុងស្ថានភាពប្រឈមមុខ កំញើញដាក់គ្នាជាង១០ឆ្នាំមកហើយ។ ចាប់តាំងពីមានផ្ទុះសង្រ្គាមនៅស៊ីរី នៅឆ្នាំ២០១១មក អ៊ីស្រាអែលបានតាមដានស្ថានការណ៍នេះ យ៉ាងយកចិត្តទុកដាក់បំផុត ដោយខ្លាចក្រែង ឥទ្ធិពលសង្រ្គាមនេះ រាលដាលមកគំរាមសន្តិសុខរបស់អ៊ីស្រាអែល។ អ៊ីរ៉ង់ និងក្រុមហេស បូឡាលីបង់ បានចូលរួមជួយកងទ័ព របស់បាឆា អាល់ អាសាដ ដែលការនេះ ធ្វើឲ្យអ៊ីស្រាអែល ព្រួយបារម្ភជាខ្លាំង ទាក់ទិនទៅនឹងការបញ្ជូនអាវុធ ពីអ៊ីរ៉ង់ ទៅក្រុមហេសបូឡា។
មិនប្រឡូកចូលធ្វើសង្រ្គាមទេ តែអ៊ីស្រាអែល ធ្លាប់បានឆ្មក់បាញ់កំទេច ទីតាំងស្តុកអាវុធ និងក្បួនរថយន្តទាហាននៅស៊ីរី ជាច្រើនលើក។ ជាក់ស្តែង កាលពី ខែមីនា ឆ្នាំនេះ ទាហានអ៊ីស្រាអែល បានបាញ់កំទេចក្បួនរថយន្ត ដឹកអាវុធ ដែលអ៊ីស្រាអែល ចោទថាជាអាវុធដែលអ៊ីរ៉ង់បញ្ជូនទៅឲ្យក្រុមហេសបូឡាលីបង់។ ទាហានស៊ីរី បានបាញ់មីស៊ីលតបវិញ សំដៅមកអ៊ីស្រាអែល ក៏ប៉ុន្តែមីស៊ីលនោះ ត្រូវបានស្ទាក់ កំទេចចោល។ ជាមួយនឹងអន្តរាគមន៍យោធារុស្ស៊ី ទៅ ជួយកងទ័ពរបស់បាឆា អាល់អាសាដ នាពេលនេះទៀត គឺរឹតតែធ្វើឲ្យអ៊ីស្រាអែល ភ័យបារម្ភ៕
![](http://nkdnews.com/wp-content/uploads/2017/12/skynews.img_.1200.745-300x186.jpeg)