កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្រ្កាបទីតាំងល្បែងកន្ទុយលេខមួយកន្លែង ឃាត់ខ្លួនមេកន្ទុយលេខ២នាក់ ចាប់យកវត្ថុតាងមួយចំនួន

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ៖ ដោយមានការសម្របសម្រួលនីតិវិធីពី លោក អ៊ូ ផាត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរសេដ្ឋ ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ភូមិ-ឃុំ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងកន្ទុយលេខដ៏ធំមួយ នៅចំណុចភូមិដូនពេញ ឃុំទួលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧។

ក្នុងប្រតិបត្ដិការខាងលើនេះ បានឃាត់ខ្លួនមេកន្ទុយលេខចំនួន ០២នាក់ ទី១៖ ឈ្មោះ ហៀង ឃីម ភេទប្រុស អាយុ ៤៧ ឆ្នាំ មុខរបរមេកន្ទុយលេខ មានទីលំនៅ ភូមិ-ឃុំ កើតហេតុខាងលើ និងទី២៖ ឈ្មោះ ខេង ផល្លី ភេទស្រី អាយុ ៣៧ ឆ្នាំ មុខរបរមេកន្ទុយលេខ មានទីលំនៅជាមួយគ្នា។

កម្លាំងបានដកហូតវត្ថុតាង និងសម្ភារៈរួមមាន៖ លុយរៀល ១.៥២០.០០០ រៀល, លុយបាត ១៦០ បាត, ក្រដាសរ៉ាម ០៣ ដុំ, ប្រដាប់គិតលេខចំនួន ០២, ក្រដាសកន្ទុយលេខធំ កត់រួច ៧២សន្លឹក, ក្រដាសកត់កន្ទុយលេខខ្នាតតូច មួយចំនួនធំ, ទូរស័ព្ទ ០២គ្រឿង, ដែកកឹប១។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការទៅតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print