ពលរដ្ឋជប៉ុនរាប់លាននាក់ចូលរួមធ្វើសមយុទ្ធភៀសខ្លួនពេលមានការវាយប្រហារដោយបរមាណូ

ចែករំលែក៖

នេះជាលើកទីមួយដែលរដ្ឋាភិបាល ទីក្រុងតូក្យូចាប់ផ្តើមធ្វើសមយុទ្ធ ជម្លៀស ពលរដ្ឋជាទ្រង់ទ្រាយធំ ក្នុងគោលដៅបង្ការពេលរងការវាយប្រហារដោយបរមាណូពីប្រទេសកូរ៉េខាងជើង។

ការធ្វើសមយុទ្ធនឹងត្រូវធ្វើឡើង នៅ ខែមករា រហូតដល់ខែមីនា ឆ្នាំ២០១៨ស្ថិតនៅកណ្តាលទីក្រុងតូក្យូ ដែលជាទីកន្លែងមានពលរដ្ឋរហូតដល់ទៅជាង៩,៣លាននាក់រស់នៅ។ ពលរដ្ឋនិងអ្នកធ្វើការនៅ ក្នុងទីក្រុងនឹងត្រូវបាន ហ្វឹកហាត់ពីការ រត់ភៀសខ្លួន ទៅកាន់ទីកន្លែងលាក់ខ្លួននៅរូងក្រោមដី ក្រោយពេល ការប្រកាស អាសន្ន។

កន្លងមកតំបន់មួយចំនួននៅក្នុងប្រទេស ជប៉ុនបានធ្វើសមយុទ្ធបែបនេះ នៅតំបន់ ក្រៅក្រុង ដើម្បីបញ្ចៀសផលប៉ះពាល់ ប៉ុន្តែ ពេលនេះ នាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានសម្រេចឲ្យធ្វើសមយុទ្ធនៅកណ្តាលក្រុងដែលមានពលរដ្ឋច្រើន ក្នុងពេលដែល កូរ៉េខាងជើង បានសាកល្បងកាំជ្រួចមិស៊ីលឆ្លងទ្វីប និងការប្រឈមមុខតានតឹងជាមួយអាមេរិក អាចនឹងផ្ទុះសង្គ្រាមបានគ្រប់ពេល វេលា។

ពលរដ្ឋរស់នៅតំបន់ Ken Kato ក្នុង ទីក្រុងតូក្យូបានបញ្ជាក់ថា«ខ្ញុំជឿថាការគំរាមកំហែងនឹងក្លាយជាការពិត ហើយសង្គ្រាម នឹងផ្ទុះឡើងគ្រប់ពេល ។ ការហ្វឹកហាត់ភៀសខ្លួនគឺជារឿងចំាបាច់បំផុត ដើម្បីកាត់បន្ថយការស្លាប់ពេលការវាយប្រហារពី កូរ៉េខាងជើង»។ ជប៉ុនគឺជាគោលដៅវាយប្រហាររបស់កូរ៉េខាងជើងផងដែរ ដោយសារតែជប៉ុនមានកម្លាំងទាហានអាមេរិក ឈរជើងនៅទីនោះ។

កាលពីពេលកន្លងមកថ្មីៗ កោះហាវៃ៉ សហរដ្ឋអាមេរិក ក៏បានសាកល្បងប្រព័ន្ធប្រកាសអាសន្នដែរ ។នៅកោះហាវៃ៉ មានប្រព័ន្ធប្រកាសអាសន្នរហូតដល់ទៅ៣៨៥ និងបន្លឺឡេងដើម្បីឲ្យពលរដ្ឋនិងអ្នកទេសចរដឹងមានរយៈពេល២០នាទីក្នុងការភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ពេលកូរ៉េ ខាងជើងបាញ់មីស៊ីល។

នៅពេលថ្មីៗនេះដែរ អាមេរិកក៏បានឡើងគម្រោងជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីកូរ៉េខាងត្បូងផងដែរ។សារព័ត៌មានរ៉យទ័របានដកស្រង់ការប្រកាសរបស់សមាជិកព្រឹទ្ធភាអាមេរិក លោក Lindsey Graham បានបញ្ជាក់ថា ស្ថានភាពនៅឧបទ្វីបកូរ៉េ នាពេលនេះ ពិបាកស្មាន ហើយមន្ទីរបញ្ចកោណបានឡើងគម្រោងជម្លៀសសាច់ញាតិទាហាន អាមេរិកចេញពីតំបន់ក្តៅ មួយនេះ។

លោក Lindsey Graham បានបញ្ជាក់ ថា អាមេរិកបានចាប់ផ្តើមជម្លៀសពលរដ្ឋ ប្រពន្ធកូនទាហាន ដែលកំពុងឈរជើង នៅកូរ៉េខាងត្បូង មកកាន់ប្រទេសវិញដើម្បី សុវត្ថិភាព ដោយសារតែ ស្ថានភាពនៅ ឧបទ្វីបកូរ៉េកំពុងឈានទៅរកសង្គ្រាមនៅពេលឆាប់ៗខាងមុខ។

តំណាងរាស្ត្រខាងលើបានបញ្ជាក់ ទៀត ថា «វាពិតជារឿងល្ងង់ខ្លៅ ដែល ទុកឲ្យប្រពន្ធកូនទាហាន អាមេរិកបន្តនៅ កូរ៉េខាងត្បូង ក្នុងពេលដែលកូរ៉េខាងជើង កំពុងតែឌឺដង»។ វត្តមានរបស់ប្រពន្ធកូនទាហានអាមេរិកនៅកូរ៉េខាងត្បូង នឹងធ្វើឲ្យទាហានបាត់បង់ការប្រមូលអារម្មណ៍ សម្រាប់សង្គ្រាម ហើយការជម្លៀសចេញ នោះ នឹងជួយដល់ស្មារតីប្រយុទ្ធមិនខ្លាច របស់ទាហាន។ លោក Lindsey Graham បញ្ជាក់ទៀតថា «យើងកំពុងតែខិតជិត ដល់សង្គ្រាមបន្តិចម្តងៗ ជាមួយកូរ៉េខាង ជើង ដោយសារតែកូរ៉េខាងជើងនៅតែបន្តកម្មវិធីផលិតកាំជ្រួចមីស៊ីលឆ្លងទ្វីប បំពាក់ ក្បាលគ្រាប់បរមាណូ អាចវាយប្រហារនៅគ្រប់ទិសទីក្នុងទឹកដីអាមេរិក។ យើងមិន មានពេលច្រើនទៀតឡើយ» ។

ក្នុងពេលដែលអាមេរិក ឡើងគម្រោង ជម្លៀសពលរដ្ឋ និងសាច់ញាតិទាហាន ​ដើម្បីត្រៀមលក្ខណៈតបតវិញឲ្យបានទាន់ពេល បើកូរ៉េខាងជើងបាញ់ប្រហារដោយ មីស៊ីល ។ នៅពេលនេះដែរ អាមេរិកបាន ឲ្យដំណើរការប្រព័ន្ធប្រកាសអាសន្ន បន្ទាន់ ពីការបាញ់មីស៊ីល នៅលើកោះហាវៃ៉ ដែលបានដាក់នៅទីនោះតាំងពីសម័យសង្គ្រាមត្រជាក់។

ប្រធានស្ថាប័នគ្រប់គ្រងគ្រោះអាសន្នកោះហាវៃ៉ លោក Vern Miyagi បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា សកម្មភាពដំណើរការប្រព័ន្ធប្រកាសអាសន្ន គឺពាក់ ព័ន្ធនឹងការគំរាមកំហែង វាយប្រហារពីកូរ៉េខាងជើងទៅលើទឹកដីអាមេរិក។ ក្រៅពី នេះ ក៏បានស្នើដល់ពលរដ្ឋនៅលើកោះ ហាវៃ៉ មានស្មារតីប្រុងប្រយ័ត្ន គឺត្រូវស្វែង រកកន្លែងលាក់ខ្លួន រក្សាទុកស្បៀងអាហារទឹកផឹកសម្រាប់រយៈពេលយូរថ្ងៃ ពេលមាន សង្គ្រាមកើតឡើង៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print