វិភាគអន្តរជាតិ៖ ការគេចពន្ធធ្វើឲ្យអឺរ៉ុបប្រឈមនឹងការខាតបង់សេដ្ឋកិច្ចជាច្រើន ក្នុងពេលអឺរ៉ុបកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច

ចែករំលែក៖

ការគេចពន្ធគឺជាបញ្ហាចម្បងបំផុតរបស់អឺរ៉ុប ធ្វើឲ្យតំបន់នេះត្រូវខាតបង់ជាច្រើន ។ ទាំងនោះហើយបានជាអឺរ៉ុប បើកការប្រយុទ្ធប្រឆាំងនឹងការគេចពន្ធ ដោយដាក់បញ្ចូលប្រទេសចំនួន១៧ស្ថិតនៅក្នុងបញ្ជីខ្មៅគេចពន្ធ។ សកម្មភាពខាងលើរបស់អឺរ៉ុប រងការ រិះគន់ ដោយសារតែវាកំណត់ តែប្រទេសដែលស្ថិតនៅក្រៅសហភាពអឺរ៉ុប ខណៈ ដែលមាន ប្រទេសសមាជិកសហភាពអឺរ៉ុប ខ្លះ បានធ្វើបំពាននឹងវិធានរបស់អឺរ៉ុបយ៉ាងចំហ។

អស់រយៈពេលជិត១ឆ្នាំមកហើយ ដែលរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៃប្រទេស សមាជិកសហភាពអឺរ៉ុប បានជួបប្រជុំ ពិភាក្សាគ្នា ដើម្បីកំណត់បញ្ជីឈ្មោះ ប្រទេស ដែលបានប្រព្រឹត្ត ឬឃុបឃិតក្នុង សកម្មភាពគេចពន្ធ។ អ្នកជំនាញរបស់ សហភាពអឺរ៉ុប បានអង្កេតតាមដាន ទៅលើប្រទេស និងស្ថាប័នចំនួន៩២ ទូទាំងពិភពលោក។

ទីបំផុតទៅនៅក្នុងបញ្ជីខ្មៅ នៃប្រទេស គេចពន្ធ របស់អឺរ៉ុប គឺមានប្រទេស និង ដែនដីចំនួន១៧។ ក្នុងនោះមានជាអាទិ៍៖ បារ៉ែន បាបាដ កូរ៉េខាងត្បូង អេមៀរ៉ាត អារ៉ាប់រួម គ្រឺណាដ កោះហ្គាំ ម៉ាកាវ កោះ ម៉ាកហ្សាល់ ម៉ុងហ្គោលី ណាមីប៊ី ប៉ាឡៅ ប៉ាណាម៉ា សាំងលូស៊ី កោះសាម័រ ទ្រីនីតេ អេតូបាហ្គោ និងទុយណេស៊ី ជាដើម។

តាំងពីថ្ងៃអាទិត្យទី ៥វិច្ឆិកាមក សម្ព័ន្ធ អ្នកសារព័ត៌មានស៊ើបអង្កេត បានទម្លាយរឿងអាស្រូវគេចពន្ធស្របច្បាប់ របស់អ្នក នយោបាយ អ្នកជំនួញ អ្នកសិល្បៈ អ្នក មាន និងក្រុមហ៊ុនធំអន្តរជាតិជាច្រើន ដែល​គេឱ្យឈ្មោះថារឿងអាស្រូវ « Paradises papers » មក គណៈកម្មការអឺរ៉ុប និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុទាំងអស់ ហាក់ដូច ជាតក់ស្លុតខ្លាំង និងបានសន្យាបង្កើនល្បឿនប្រយុទ្ធប្រឆាំងនឹងការគេចពន្ធផង និង​បង្កើតបញ្ជីខ្មៅចុះឈ្មោះប្រទេសគេចពន្ធ ឱ្យបានចប់សព្វគ្រប់នៅដំណាច់ឆ្នាំនេះតែម្តង។

រឿងអាស្រូវគេចពន្ធលាងលុយកខ្វក់ Panama Papers មិនទាន់រសាត់និងដោះ ស្រាយរួចផង រឿងអាស្រូវគេចពន្ធថ្នាក់ពិភពលោកថ្មីមួយទៀត ទើបបានផុសរញ្ជួយ ឡើង និងត្រូវបានគាស់កកាយទម្លាយឱ្យ ដឹងជាសាធារណៈ ដោយក្រុមសម្ព័ន្ធអ្នកសារព័ត៌មានស៊ើបអង្កេត។ ម្ចាស់ក្សត្រីអេ លីហ្សាបែត របស់អង់គ្លេស និងក្រុមគ្រួសារ រាជវង្ស រដ្ឋមន្ត្រីការបរទេស, ពាណិជ្ជកម្ម របស់លោកត្រាំ, មនុស្សជំនិតរបស់នាយករដ្ឋមន្ត្រីកាណាដា, សិល្បករ, តារា,ផលិត ករភាពយន្ត មហាសេដ្ឋីរុស្ស៊ី អាហ្វ្រិក បារាំង, ក្រុមហ៊ុនអន្តរជាតិធំៗ Apple Nike … សុទ្ធតែមានជាប់ឈ្មោះក្នុងបញ្ជីឯកសាររឿងអាស្រូវគេចពន្ធ Paradise Paper។ តាំងពីថ្ងៃអាទិត្យទី៥វិច្ឆិកា មកទល់នឹង ពេលនេះម៉ោងនេះ ឈ្មោះអ្នកនយោបាយ អ្នកហិរញ្ញវត្ថុ អ្នកសិល្បៈវប្បធម៌ ត្រូវបាន បញ្ចេញជាបន្តបន្ទាប់ ថាបានប្រើវិធីយក ចំណេញពីលើច្បាប់ ដំឡើងប្រព័ន្ធដ៏ស្មុគ ស្មាញ តែស្របច្បាប់ ដើម្បីគេចពន្ធ។

រឿងអាស្រូវគេចពន្ធដោយយកចំណេញពីលើច្បាប់ Paradise Papers ដែលពួក អ្នកមាន និងក្រុមហ៊ុនអន្តរជាតិធំៗបានអនុវត្តកន្លងទៅ ក៏មានពាក់ព័ន្ធនឹងប្រទេស សមាជិកសហភាពអឺរ៉ុបជាច្រើនផង និង បានធ្វើអឺរ៉ុបមានការទើសទាល់មិនតិចទេ។

ធ្លាក់មកដោយចៃដន្យចំពេលរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃសហភាពអឺរ៉ុបទាំង២៨ ត្រូវជួបប្រជុំប្រចាំខែរបស់ខ្លួន សន្ធឹកនៃរឿងអាស្រូវនេះបានជំរុញឱ្យ គណៈកម្មការអឺរ៉ុប និង សមាជិកទាំងអស់ប្តេជ្ញាបង្កើនល្បឿនប្រយុទ្ធប្រឆាំងនឹងការគេចពន្ធ ដោយសន្យាបង្កើតបញ្ជីខ្មៅប្រទេសគេចពន្ធឱ្យបានមុនដំណាច់ឆ្នាំ ២០១៧ នេះ ទោះបីជាពិបាកចុះសម្រុងនឹងគ្នាយ៉ាងណាក៏ដោយ។

តើបញ្ជីខ្មៅនោះជាអ្វី ? តាមការណ៍ពិតសហភាពអឺរ៉ុបមានគំនិតរៀបចំបញ្ជីខ្មៅតាំងពីក្រោយការផ្ទុះរឿងអាស្រូវPanama Papers មកម៉្លេះ តែដំណើរការជាក់ស្តែងទើបចាប់ផ្តើមនៅពេលលេចកើតរឿងអាស្រូវ Paradise Papers មួយទៀតតែប៉ុណ្ណោះ។ បើតាមព័ត៌មានដែលយើងទទួលបាន អឺរ៉ុបមានគម្រោងដាក់បញ្ចូលប្រទេសចំនួន១២ក្នុងបញ្ជីខ្មៅ មានជាអាទិ៍កោះMan កោះ Caïman, កោះ Marshall, កោះBermudese និងកោះTurks et Caïcos ដែលភាគច្រើនស្ថិតក្រោមដែនអំណាចរបស់អង់គ្លេស ព្រមទាំងប្រទេសចំនួនជាង ៤០ ដែលមាននយោបាយពន្ធដារសម្រួលខ្លាំងផ្នែកបង់ ពន្ធ ឬយកពន្ធ០ ពីក្រុមហ៊ុនសហគ្រាស បរទេស ឬពុំព្រមសហការនិងផ្តល់ព័ត៌មានពន្ធតាមសំណើរបស់អឺរ៉ុប។ ប្រទេសទាំង នោះ មានពេលមួយខែទៀត ក្នុងការកែ ប្រែនយោបាយពន្ធដាររបស់ខ្លួន បើមិនចង់ជាប់ឈ្មោះក្នុងបញ្ជីខ្មៅអឺរ៉ុប ដោយត្រូវ បញ្ជូនព័ត៌មានបន្ថែមនិងយ៉ាងបន្ទាន់មក ឱ្យអឺរ៉ុប ព្រមទាំងធ្វើកិច្ចសន្យាប្រព្រឹត្តនយោបាយយកពន្ធឱ្យបានប្រសើរឡើងនាពេលអនាគត។

ប៉ុន្តែអឺរ៉ុបបានសម្រេចមិនដាក់ ក្រុម ប្រទេសជាសមាជិកសហភាពអឺរ៉ុបផ្ទាល់ របស់ខ្លួន ដូចយ៉ាងម៉ាល់ត៍ ហុល្លង់ ឬអៀរ ឡង់ លុច្សហ្សំបួរ ដែលគេចង្អុលមុខខ្លាំង ដែរ ខាងផ្នែកសម្រួលពន្ធដារ ទៅក្នុងបញ្ជី ខ្មៅទេ។

គណៈកម្មការរៀបចំបញ្ជីខ្មៅ ត្រូវជួប ប្រជុំគ្នាពីរបីដងទៀត មុននឹងបើកបង្ហាញ ជាផ្លូវការ នៅថ្ងៃទី៥ធ្នូ បន្ទាប់មកត្រូវឆ្លងកាត់ការតស៊ូមតិរវាងសមាជិកសហភាពអឺរ៉ុបទាំងអស់ដែលគេជឿថានឹងមានការជជែកតវ៉ា ចម្រូងចម្រាសខ្លាំង ជាពិសេសពី សំណាក់អង់គ្លេស ដែលមានមជ្ឈមណ្ឌលហិរញ្ញវត្ថុគេចពន្ធយ៉ាងច្រើន។

ការបង្កើតបញ្ជីខ្មៅឱ្យចេញជារូបរាង គឺជាទណ្ឌកម្មរបស់អឺរ៉ុបចំពោះប្រទេសដែលមិនគោរពក្រមសីលធម៌ពន្ធដារ និងជា ពិសេសប្រទេសបញ្ញើដែលព្រមធ្វើជាទីស្នាក់ការក្រុមហ៊ុនខ្មោច។ បើតាមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង អឺរ៉ុបចង់ស្នើទណ្ឌ កម្មដាក់ចំពោះប្រទេសជាប់ក្នុងបញ្ជីខ្មៅ ជាប្រទេសមិនអាចទទួលជំនួយពីមូលនិធិរូបិយវត្ថុអន្តរជាតិ ឬពីធនាគារពិភព លោក។

បើតាមប្រភពស្និទ្ធនឹងគណៈកម្មការរៀបចំបញ្ជីខ្មៅ ប្រតិបត្តិការតាមដេញទាន់ជាន់កែងអ្នកគេចពន្ធមានលក្ខណៈស្មុគស្មាញបំផុត ហើយជាដំណើរការដែលមាន លក្ខណៈនយោបាយសុទ្ធសាធ និងមិន ដឹងទេថាតើសមាជិកសហភាពអឺរ៉ុបនឹងត្រូវអនុវត្តទណ្ឌកម្មលើប្រទេសជាប់ក្នុងបញ្ជីដូចគ្នាឬយ៉ាងណា?៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print