ម៉ូតូ១គ្រឿង បើកលឿនដូចហោះ បុករថយន្តក្រឡុកសុីម៉ង់ត៍ ស្លាប់ និងរបួសធ្ងន់៣នាក់

ចែករំលែក៖

ភ្នំពេញៈ យ៉ាងហោចណាស់យុវជនម្នាក់ស្លាប់បាត់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ និងស្រ្តី២នាក់ទៀត រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីបើកបរម៉ូតូ១គ្រឿង ក្នុងល្បឿនលឿន ជ្រុលបុករថយន្តក្រឡុកសុីម៉ង់ត៍របស់ក្រុមហ៊ុន SCG ពេញទំហឹង។

គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣៥នាទីយប់ ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលជួបគ្រោះថ្នាក់ គេឃើញម៉ូតូ១គ្រឿង ម៉ាក់ហ្ស៊ូមើរអុិច ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1U-7374 ជិះគ្នា៣នាក់ ក្នុងនោះមានស្រ្តី២នាក់ ក្នុងលឿនដូចព្យុះ ទិសដៅពីត្បូងទៅជើង។ ខណៈមកដល់ចំណុចកើតហេតុ ក៏បានជ្រុលបុករថយន្តក្រឡុកសុីម៉ង់ត៍១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-0244 របស់ក្រុមហ៊ុន SCG ដែលកំពុងបត់ចូលក្នុងការដ្ឋានចំពាក់កណ្តាលរថយន្តពេញទំហឹង បណ្តាលឲ្យទាំងមនុស្ស និងម៉ូតូ ខ្ទាតចូលក្រោមកង់រថយន្តស្លាប់ និងរបួសធ្ងន់តែម្តង។

មកទល់នឹងពេលនេះ ជនរងគ្រោះទាំង៣នាក់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ប៉ុន្តែសមត្ថកិច្ចបានសន្និដ្ឋានថា ពួកគេទាំង៣នាក់ ជាជាងបិតតែមម៉ូតូ ព្រោះសមត្ថកិច្ចបានឆែរឆេររកឃើញមានស្កុតសម្រាប់បិតម៉ូតូមួយចំនួន។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរបានចុះទៅវាស់វែង និងឃាត់រថយន្តទុកនៅកន្លែងកើតហេតុ រង់ចាំដោះស្រាយនៅពេលក្រោយ ខណៈសាកសពជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅតម្កល់នៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ចំណែកស្ត្រីរបួសធ្ងន់២នាក់ទៀត ត្រូវបានរថយន្តសាំមុយដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print