ចាប់បង្ខំរំលោភបានសម្រេច៣ដងនួនល្អងប្តឹងនគរបាលឲ្យចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីឃាត់ខ្លួនតាមបណ្តឹងនារីម៉ាស្សាម្នាក់ ដែលជាជនរងគ្រោះបានបណ្តឹងសមត្ថកិច្ចថា ជននេះបានចាប់បង្ខំនាងរំលោភបានសម្រេចរហូតដល់ទៅ៣ដង ថែមទាំងប្រើអំពើហិង្សា វាយនាងឲ្យរងរបួសថែមទៀត ទើបនាងទ្រាំលែងបាន ក៏បានទៅប្តឹងសម្ថិតកិច្ចឲ្យចាប់ខ្លួនជនសង្ស័យតែម្តង។

ការឃាត់ខ្លួនជនសង្ស័យរូបនេះកើតឡើងកាលពីវេលាម៉ោង៧ និង១០នាទីព្រឹក ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ដោយឃាត់ខ្លួនតាមផ្លូវ១០០៣ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។

នារីរងគ្រោះដែលជាដើមបណ្តឹង នោះមានឈ្មោះ វ ស ណ អាយុ ២២ឆ្នាំ មុខរបរ ស្រ្តីបម្រើការងារម៉ាស្សា ។ ចំណែកជនសង្ស័យមានឈ្មោះ ជា សុខអួន ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរជាងជួសជុលផ្នែកជើងក្រោម (រថយន្ត) ស្នាក់នៅក្នុងយានដ្ឋានជួសជុលរថយន្ត តាមផ្លូវ១០០៣ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ។

តាមការបកស្រាយរបស់បុរសជាជនសង្ស័យបានឲ្យដឹងថា ខ្លួនជាបុរសពោះម៉ាយ លែងលះជាមួយប្រពន្ធ ក្រោយពីទៅម៉ាស្សានៅកន្លែងនារីខាងលើបានចំនួន ៤ដង ខ្លួនពិតជាបានហៅ និងលួងលោមនាង ពីកន្លែងម៉ាស្សាឲ្យ មកបម្រើការងារជាចុងភៅពិតប្រកដមែន ហើយចំពោះការរួមភេទនោះ ក៏ពិតដែរ ដោយបានសម្រេចចំនួន៣ដង កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងនៅថ្ងៃទី០៤ បាន២ដង ដោយសារការព្រមព្រៀងគ្នានឹងគ្នា តែដោយសារ នាងនិយាយទូរស័ព្ទច្រើនជាមួយប្រុសផ្សេង ទើបខ្លួនខឹង ក៏វាយតែម្តងដោយសារតែកាប្រចណ្ឌ ។

ចំណែកខាងស្រ្តីរងគ្រោះវិញបាន រៀបរាប់ និងចោទប្រកាន់ថា ក្រោយពីជនសង្ស័យលួងលោមប្រើល្បិចបញ្ឆោតនាង ឲ្យមកធ្វើជាចុងភៅនៅកន្លែងយានដ្ឋាន កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងមក ដោយប្រាប់ថា ឲ្យប្រាក់ឈ្នួល ១ខែ ២០០ដុល្លារ នឹកឃើញថា ប្រាក់ឈ្នួលគួរសមដែរ ក៏ផ្លាស់ប្តូរមុខរបរពីស្រ្តីម៉ាស្សា មកធ្វើជាចុងភៅទៀត ។

លុះដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យ បង្ខំនាងរួមភេទ ហើយគម្រាមវាយធ្វើបាប អាចអស់ការងារធ្វើទៀត កាលបើនាងហ៊ាននិយាយប្រាប់គេ និងប្តឹងសមត្ថកិច្ច ដូច្នេះនាងក៏សុខចិត្ត ស៊ូទ្រាំដោយសារខ្លាចគេធ្វើបាប ផង លុះដល់យប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យ បានចាប់បង្ខំរួមភេទបានសម្រេច២ដងផ្ទួនៗគ្នាទៀត ហើយដោយសារខឹងនាងស្រែក ទើបបុរសខាងលើយកឈើជ្រុងវាយសំពងនាង បណ្តាលឲ្យរបួសបែកក្បាលតែម្តង។

ប្រភពដដែលបន្តទៀតថា ដោយ អត់ទ្រាំទៅនឹងទង្វើអសីលធម៌ពីសំណាក់បុរសល្មោភកាមនេះទៀតហើយ បើមិនរាយការណ៍ជូនសមត្ថកិច្ចទេនោះ ខ្លួនកាន់តែវេទនា ដោយសារគេវាយធ្វើបាប ជាងសត្វតិរិច្ឆានទៅទៀត ដូច្នេះហើយទើបសម្រេចប្រាប់រឿងរ៉ាវទៅសាច់ញាតិ របស់ខ្លួន លុះរហូតដល់រសៀលថ្ងៃទី០៥ ខែធ្នូ មកប្តឹងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ដើម្បីឲ្យជួយអន្តរាគមន៍តែម្តង ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ក្រោយពីទទួលបណ្តឹងពីនារីរងគ្រោះភ្លាម កម្លាំងនគរបាលបានចុះទៅតាមរកជនសង្ស័យ នៅយានដ្ឋានខាងលើ តែជនសង្ស័យបានគេចខ្លួនបាត់ លុះមកដល់ព្រឹកថ្ងៃទី៦ ខែធ្នូ នេះជនសង្ស័យ បាន វិលចូលក្នុងយានដ្ឋានវិញ ជនរងគ្រោះឃើញ ក៏រាយការណ៍ដល់សម្ថិតកិច្ចម្តងទៀត ក៏ចុះទៅឃាត់ខ្លួនបានតែម្តង ។ ដោយផ្អែកទៅលើបណ្តឹងជនរងគ្រោះ ក្រោយពីឃាត់ខ្លួនជនសង្ស័យបាននាំទៅសាកសួរនៅប៉ុស្តិ៍ភ្នំពេញថ្មី ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ចាត់ការបន្តទៅតាមច្បាប់ ៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print