លោកឃួង ស្រេង ៖ រដ្ឋបាលរាជធានីភ្នំពេញរកឃើញជនបរទេសជាង២ម៉ឺននាក់កាន់ឯកសារមិនប្រក្រតីត្រូវដកហូត

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ នៅសាលារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ជាមួយមន្ដ្រីជំនាញ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៏ ក្រសួងមហាផ្ទៃ ស្ដីពីការលុបចោល និងការដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុង កាន់កាប់ប្រើប្រាស់នៅកម្ពុជា។ ការប្រជុំស្តីពីការងារអនុវត្តអនុត្រឹត្យលេខ១២៩អនក្រ.បកនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងលោក ឃួង ស្រេង អភិបាលរាជធានីនៃភ្នំពេញ ដោយមានការចូលរួមពី អភិបាល ខណ្ឌទាំង១២ អាជ្ញាធរសង្កាត់ និងមន្រ្តីនគរបាលទូទាំងរាជធានីភ្នំពេញ សរុបប្រមាណ៥០០នាក់ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ជនអន្តោប្រវេសន៍ មិនមែនទើបតែមាននៅពេលនេះទេ ដោយមានតាំងសម័យបារាំងមកម្ល៉េះ ហើយបញ្ហានេះ យើងដកហូតបានឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ ដូចជា៖ អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណកម្មសិទ្ធិផ្សេងៗ ជាដើម បានចំនួន៧៣ពាន់នាក់ ក្នុងនោះសម្រាប់រាជធានីភ្នំពេញ មានចំនួន២១ពាន់នាក់ ដូច្នេះលើបញ្ហានេះ យើងត្រូវយកចិត្តទុកដាក់ ដកហូតមកវិញ និងទប់ស្កាត់អោយខានតែបាន ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនា បតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ។

លោកនាយឧត្តមសេនីយ៍ សុខ ផល បានឲ្យដឹងថា៖ នៅឆ្នាំ២០០២ យើងស្រង់ឯកសារឃើញមានជនបរទេសមករស់នៅកម្ពុជាមាន២០សញ្ជាតិ និងមានចំនួន៧០០១២នាក់ ហើយចាប់ពី ឆ្នាំ២០០២ ដល់២០១៥ មាន២០ម៉ឺននាក់ ប្រមាណ១២សញ្ជាតិ តែច្រើនជាងគេ គឺបងប្អូនរៀតណាម។ បើរដ្ឋាភិបាលមិនទប់ស្កាត់ទេ មិនដឹងកើនប៉ុន្មានទេ។ លោកបន្តថា ជនអន្តោប្រវេសន៍ ចំនួន ៧៣០០០នាក់ដែលកាន់កាប់ឯកសារខ្មែរមិនប្រក្រតី ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជាត្រៀម ដកហូតមកវិញ ដើម្បីអនុវត្ដតាម ច្បាប់ ឲ្យមានប្រសិទ្ធ ភាព ៕

...

ដោយ៖ សំរិទ្ធ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print