ខេត្តកណ្ដាល៖ ជារឿងភ្ញាក់ផ្អើលមួយ ដែលចោរហារយអាចចូលលួចមាន់ជល់ដែលជាវត្ថុបទល្មើសក្នុងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ។ ជនសង្ស័យត្រូវបានឃាត់ខ្លួន តែក្រោយមកត្រូវបានដោះលែងវិញ ដែលធ្វើឱ្យមជ្ឈដ្ឋានមួយចំនួនកំពុងមានមន្ទិលសង្ស័យ ។
លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល ថ្លែងថា ជនសង្ស័យឈ្មោះ ឡេង បានលបចូលលួចមាន់ជាវត្ថុតាងបទល្មើសដែលនគរបាលខេត្តកណ្តាលបង្ក្រាបកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ នៅទីតាំងជល់មាន់ដ៏ធំ នៅឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ស្រាប់តែនៅយប់ថ្ងៃទី០៥ ខែធ្នូ ជនសង្ស័យឈ្មោះ ឡេង បានចូលទៅលួចមាន់ នៅក្នុងស្នងការដ្ឋានចំនួនមួយក្បាល រួចបានយកទៅលក់ឱ្យម្ចាស់មាន់ជាថៅកែកាប់ជ្រូកនៅខណ្ឌច្បារអំពៅតម្លៃ៥០០០ដុល្លារ ។
លោកស្នងការ បានបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទៅវាយខ្នោះជនសង្ស័យនៅក្នុងហាងលក់បាយតែម្តង។
លោកឧត្តមសេនីយ៍ទោអ៊ាវ ចំរើន “ ឱ្យតែមន្ត្រីនគរបាលណាមួយហ៊ានលួចមាន់ជាវត្ថុតាងបទល្មើសនិងសមគំនិតជាមួយក្រុមប្រជល់មាន់ លោកនឹងដកសក្តិ ហើយចាប់វាយខ្នោះ បញ្ជូនឱ្យតុលាការចាត់ការតាមច្បាប់។
ទោះបីយ៉ាងណា នៅរសៀលថ្ងៃទី០៦ ខែធ្នូ ជនសង្ស័យត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ ។
ប្រភពព័ត៌មាន បញ្ជាក់ថា មូលហេតុនៃការដោះលែង នេះ គឺ ក្រោមហេតុផលអប់រំ ហើយតុលាការជាអ្នកសម្រេច ។ ប៉ុន្តែប្រភពព័ត៌មានពីមន្ត្រីតុលាការ វិញអះអាងថា ការដោះលែងនេះ គឺ មន្ត្រីនគរបាលជាអ្នកសុំ ដើម្បីយកទៅអប់រំ តែសំណុំរឿងត្រូវបញ្ជូនទៅតុលាការ ចាត់ការបន្ត ៕
(ដោយ:ឆ ដា)