លោក ពូទីន ប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៅឆ្នាំ២០១៨ជាបន្ត

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានប្រកាសថា លោកនឹងបន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីជាបន្តទៀត នៅក្នុងការបោះឆ្នោតនាឆ្នាំ២០១៨ខាងមុខ ដោយលោកសង្ឃឹមថា នឹងទទួលបានការគាំទ្រពីពលរដ្ឋរុស្ស៊ីដូចការពីពេលមុនដែរ។

សារព័ត៌មាន Sputnik បានផ្សាយថា នៅក្នុងជំនួបជាមួយកម្មកររបស់ក្រុមហ៊ុន Gaz នៅតំបន់ Nizhny Novgorod ប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ថា នឹងបន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីរុស្ស៊ីបន្តទៀតនៅឆ្នាំ២០១៨។ នេះជាការប្រកាសធ្វើឲ្យអ្នកគាំទ្រលោករាប់លាននាក់ បង្ហាញភាពសម្បាយរីករាយយ៉ាងខ្លាំង។

ជាមួយគ្នានោះលោក ពូទីន ក៏បានអរគុណដល់កម្មករ ដែលបានខិតខំដើម្បីការអភិវឌ្ឍប្រទេសជាតិ។ លោក ពូទីន បញ្ជាក់ទៀតថា ទឹកដីរបស់យើងនៅតែបន្តអភិវឌ្ឍន៍ឆ្ពោះទៅមុនជានិច្ច មិនមានខាងណាមួយ អាចមករារាំងការអភិវឌ្ឍរបស់រុស្ស៊ីបាននោះឡើយ។

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ីនឹងត្រូវធ្វើឡើង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ហើយការឈរឈ្មោះជាបន្តរបស់លោក ពូទីន គឺជាអាណត្តិទី៤របស់លោក។ នៅពីអាណាត្តិមុនចាប់តាំងពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៨ និងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ ក្រោយមកជាប់ឆ្នោតជាប្រធានាធិបតីតាំងពីឆ្នាំ២០១២មកទលពេលនេះ។

ប្រធានាធិបតី ពូទីន គឺទទួលបានការគំាទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ។ តាមការស្ទង់មតិរបស់បណ្តាញព័ត៌មាន VTSIOM បង្ហាញឲ្យឃើញថាលោកទទួលបានការគាំទ្រពីពលរដ្ឋរហូតដល់ទៅ៨២ភាគរយ។

បើទោះបីពេលនេះមិនទាន់មានបញ្ជីឈ្មោះបេក្ខភាពប្រធានាធិបតី ពេញលេញនៅឡើយ ប៉ុន្តែក៏មានបេក្ខភាពមួយចំនួនបានប្រកាសប្រជែងតំណែងប្រធានាធិបតីជាមួយលោក ពូទីន ។ គូប្រជែងរបស់លោក ពូទីន នៅក្នុងការបោះឆ្នោតខាងមុខ គឺប្រធានគណបក្សប្រជាធិបតេយ្យសេរី លោក Vladimir Zhirinovsky ដែលជាអ្នកនយោបាយដែលបានចូលរួមប្រគួតប្រជែងតំណែងប្រធានាធិបតីច្រើនជាងគេបំផុត រហូតដល់ទៅ៦លើកជាបន្តបន្ទាប់។

ក្រៅពីនេះ នៅមានប្រធានគណបក្សសាធារណរដ្ឋ Gennady Zyuganov លោក GrigoryYavlinkkyបានប្រកាសពីការចូលរួមប្រជែងតំណែងប្រធានាធិបតីផងដែរ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print