អាមេរិកត្រូវឯកកោ ក្រោយទទួលស្គាល់​ជេរ៉ូហ្សឺឡឹមជារបស់អីស្រាអែល

ចែករំលែក៖

សហរដ្ឋអាមេរិក៖  នៅពេលនេះអំពើហឹង្សាបានកើនឡើង រវាងជនជាតិអីស្រាអែលនិងប៉ាឡេស្ទីន បណ្តាលឲ្យមានអ្នកស្លាប់និងរបួស។ ជាមួយគ្នានេះរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ​ ត្រូវបានប្រទេសជាសមាជិក រិះគន់យ៉ាងខ្លាំង ដោយសារតែសកម្មភាពទទួលស្គាល់តំបន់ជេរ៉ូហ្សឺឡឹមជារដ្ឋធានីរបស់អីស្រាអែល។
អំពើហឹង្សា ការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់ជនជាតិប៉ាឡេស្ទីន និងការវាយបករបស់អីស្រាអែល ​គឺជាសញ្ញានៃការចាប់ផ្តើម អំពើហឹង្សា​ ក្រោយពេល ប្រធានាធិបតីអាមេរិកដូណាលត្រាំ ប្រកាសទទួលស្គាល់​តំបន់ជេរ៉ូហ្សឺឡឹម ជារដ្ឋធានីរបស់អីស្រាអែល ក្នុងពេលដេលប្រទេសនៅជុំវិញពិភពលោកមិនទទួលស្គាល់នោះ។ នៅក្នុង​កិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី​៨ខែធ្នូ តំណាងអាមេរិក​ ទទួលរងការរិះគន់យ៉ាងខ្លាំងពីប្រទេសជាសមាជិក​ពីការសម្រេចខាងលើ របស់អាមេរិក។
សារព័ត៌មាន​ AFP ​បានផ្សាយថា ក្រោយការប្រកាសរបស់លោកត្រាំ​ ការធ្វើបាតុកម្មប្រឆាំងក៏បានកើតឡើង បង្ករឲ្យមានការប៉ះទង្គិចគ្នានៅតំបន់ជេរ៉ូហ្សឺឡឹម និង តំបន់ក្នុងទឹកដីប៉ាឡេស្ទីន ។ ជាមួយគ្នានោះកាំជ្រួចមីស៊ីល ៣ដើមត្រូវបានបាញ់សម្តៅទៅលើទឹកដីអីស្រាអែល ពីតំបន់កាហ្សា ហើយទាហានការពារអីស្រាអែលបានបាញ់កម្ទេច​ ១ដើម​ និងមួយដើមទៀតធ្លាក់ចូល​ក្នុងតំបន់រហោស្ថាន ហើយមួយដើមទៀតធ្លាក់នៅក្នុងទីក្រុង Sderot ​ប្រទេសអីស្រាអែល។ មកទល់ពេលនេះមិនទាន់មានរបាយការណ៍​ស្តីពីការស្លាប់និងរងរបួសនៅក្នុងហេតុការបាញ់ប្រហារនៅឡើយទេ។

ក្រោយ ការវាយប្រហារនោះ​ អីស្រាអែល បានបើកការវាយបកវិញ តាមដែនអាកាស ទៅលើ ទីតាំងយោធា ពីរកន្លែងរបស់ក្រុមហាមាស នៅតំបន់កាហ្សា ។ ហាម៉ាស គឺជាក្រុមប្រដាប់អាវុធអីស្លាម គ្រប់គ្រងនៅតំបន់កាហ្សា ។ មន្ត្រីសុខាភិបាលនៅតំបន់កាហ្សាបានឲ្យដឹងថា​ មានមនុស្ស ១៤នាក់រងរបួស នៅក្នុងការវាយប្រហារតាមដែនអាកាសនោះ។

កាលពីថ្ងៃទី​៨ខែធ្នូ​ ជនជាតិប៉ាឡេស្ទីន​២នាក់ ស្លាប់ នៅក្នុងការប៉ះទង្គិចគ្នាដោយហឹង្សា ​ជាមួយកម្លាំងទាហាន​អីស្រាអែល នៅតាម បណ្តោយព្រំដែន កាហ្សា អីស្រាអែល។ នេះជាករណីស្លាប់ដំបូងបន្ទាប់ពីលោកត្រាំប្រកាសទទួលស្គល់ តំបន់ជេរ៉ូហ្សឺឡឹមជារបស់អីស្រាអែល។

ជាមួយនឹងភាពតានតឹងនៅក្នុងតំបន់រស់នៅរបស់ជនជាតិប៉ាឡេស្ទីន​ ពលរដ្ឋអិស្លាមនៅជុំវិញពិភពលោក និងប្រទេសតំបន់អារ៉ាប​ មានបាតុកម្មផ្ទុះឡើង ប្រឆាំង នៅសកម្មភាពខាងលើរបស់លោកត្រាំ​។នៅពេលនេះមានពលរដ្ឋនៅក្នុងប្រទេស​Jordan តួគី និងម៉ាឡេស៊ី​បានធ្វើបាតុកម្មប្រឆាំង សកម្មភាពរបស់អាមេរិក។

ចំណែកនៅក្នុងកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ៥ប្រទេសនៅតំបន់អឺរ៉ុប បានប្រកាសថា គោលនយោបាយរបស់អាមេរិក គឺមិនគោរព ដល់សេចក្តីសម្រេចរបស់ អង្គការសហប្រជាជាតិ​ ដោយនៅក្នុងសេចក្តីសម្រេចរបស់​​ អ ស ប បានប្រកាសថា តំបន់ភាគខាងកើត ជេរ៉ូហ្សឺឡឹម គឺជាតំបន់ដែលអីស្រាអែល ដណ្តើមគ្រប់គ្រង មិនមែនទឹកដីអីស្រាអែលឡើយ។

ឆ្លើយតបទៅនឹងសកម្មភាពខាងលើ អគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ​លោកស្រី​ Nikki Haley ​បានបញ្ចាក់ថា សេតវិមាន មានការមឹងម៉ាត់នៅក្នុងការស្វែងរកសន្តិភាព ដល់ អីស្រាអែលនិងប៉ាឡេស្ទីន។

ការទទួលស្គាល់ទីក្រុង Jerusalem ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអ៊ែល និងការជំរុញឲ្យមានការផ្លាស់ យកស្ថានទូតអាមេរិកមក នៅក្នុងទីក្រុងនេះ ពីសំណាក់រដ្ឋាភិបាលរបស់ ដូណាល់ ត្រាំ កាលពីថ្ងៃប៉ុន្មានថ្ងៃទៅនេះ ពិតជាបានធ្វើឲ្យអន្តរជាតិ មានការរំជើបរំជូលយ៉ាងខ្លាំង ជាពិសេសបណ្តាប្រទេស ដែលកាន់សាសនឥស្លាម តាមរយៈការប្រកាស ថ្កោលទោសអាមេរិកផង និងការបង្ហាញពីមតិរិះគន់ មិនសប្បាយចិត្តផង។

នៅក្នុងអំឡុងពេល ប្រវត្តិសាស្ត្រដ៏យូរអង្វែងណាស់ មកហើយទីក្រុង Jerusalem ត្រូវបានគេដឹងថា ជាទីក្រុងដែលធ្លាប់បាន ទទួលការបំផ្លិចបំផ្លាញ ទាំងស្រុងដល់ទៅ២ដង ការឡោម​ព័ទ្ធពីសំណាក់ទាហាន និងកងកម្លាំងនានាដល់ទៅ៦៧ដង និងការវាយប្រហារ ប្រមាណជា៥២ដងផ្សេងៗគ្នាផងដែរ។

វាក៏ត្រូវបានទទួលស្គាល់ថា គឺជាទីក្រុងដ៏ចំណាស់បំផុត របស់ពិភពលោកផងដែរ ដោយសារតែតំបន់ខ្លះ នៃទីក្រុងគឺជាផ្នែកនៃកន្លែងដែលមានមនុស្សរស់នៅ កាលពីចន្លោះពី៤០០០ទៅ៣០០០ឆ្នាំ មុនគ្រិស្តសករាជ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី នៅមកទល់បច្ចុប្បន្ន នៅតែមានការប្រទាញប្រទង់គ្នា រវាងក្រុមអ្នកជាតិនិយមអ៊ីស្រាអ៊ែល ជាមួយនឹងអ្នកជាតិនិយមប៉ាឡេស្ទីន ដែលបានធ្វើការបញ្ចេញយោបល់ ផ្សេងៗគ្នា​ដែលអះអាងថា ជនជាតិរបស់ខ្លួនជាម្ចាស់ដើម ដែលបានរស់នៅនៅក្នុងតំបន់នោះ តាំងពីយូរណាស់មកហើយ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print