ភ្នំពេញ៖លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅទណ្ឌិត សម រង្ស៊ី ចូលបំភ្លឺនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ពាក់ព័ន្ធការញុះញង់ឱ្យកងទ័ពប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។
លោកវង្ស ភក្តី មេធាវីតំណាងដោយអាណត្តិរបស់មេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ ដាក់បណ្តឹងព្រហ្មទណ្ឌប្តឹងទណ្ឌិតសម រង្ស៊ី ដែលញុះញង់ឱ្យកងទ័ពប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។ មេធាវី ជឿជាក់ថា ភស្តុតាងទាំងអស់ គឺ គ្រប់គ្រាន់ឱ្យតុលាការចាត់ការផ្លូវច្បាប់ចំពោះទណ្ឌិត សម រង្ស៊ី បាន ។
នៅក្នុងពាក្យបណ្តឹងបានរៀបរាប់ថា “នៅអំឡុងដើមខែធ្នូ ឆ្នាំ២០១៧ ឈ្មោះ សម រង្ស៊ី បានញុះញង់ឱ្យកងកម្លាំងកុំឱ្យស្តាប់បញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងបានប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ព្រមទាំងធ្វើឱ្យខូចទឹកចិត្តកងទ័ព ដែលអំពើនេះធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ដែលជាបទល្មើសចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាកំពុងអនុវត្ត”។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ថា កងយោធពលខេមរភូមិន្ទមិនចង់ទារសំណងនោះឡើយ គឺចង់ឱ្យដាក់ទោស ទៅតាមច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុតចំពោះទណ្ឌិត សម រង្ស៊ី ។
នាយឧត្ដមសេនីយ៍ ប៉ុល សារឿន អះអាងទៀតថា កងយោធពលខេមរភមិន្ទ មិនសុខចិត្តចំពោះការអំពាវនាវរបស់ លោក សម រង្ស៊ី ឡើយ។ លោកថ្លែងថា ការអំពាវនាវនេះ បានធ្វើឱ្យខុសវិន័យ និងលក្ខន្តិកៈកងទ័ព និងរដ្ឋធម្មនុញ្ញ ហើយកងទ័ពត្រូវតែតស៊ូតាមផ្លូវច្បាប់ ចំពោះករណីនេះ។
ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ អំពាវនាវឱ្យកងទ័ពបង្វែកាណុងមកលើ រាជរដ្ឋាភិបាល ហើយបង្គាប់ឱ្យកងទ័ពឈប់គាំទ្រសម្តេចតេជោ ហ៊ុន សែន៕ចេស្តា